
កណ្ដាលៈ កម្លាំងអាវុធហត្ថក្រុងភ្នំពេញ និងអាជា្ញធរមូលដ្ឋានបានធ្វើការឃាត់ខ្លួនស្ដ្រីជើងខ្លាំងឈ្មោះ កែវ រតនៈ ហៅ ហ្គិច ក្រោយធ្វើសកម្មភាព យកសាំងចាក់ទៅដុតក្នុងរោងចក្រផលិតគ្រឿងសង្ហារឹម និងក្ដារកុងផ្លាកេ យីហោ "ប្រាយវ៉េរ" បង្កអោយមានការឆាបឆេះយ៉ាងសន្ធោរសន្ធៅ ស្ថិតនៅឃុំពើក ស្រុកអង្គស្នួល ខេត្តកណ្តាល កាលពីម៉ោងជាង១០ព្រឹកថ្ងៃទី១៦ ខែមេសា ឆ្នាំ២០១៨នេះ ហើយបញ្ជូនទៅទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ ដើម្បីធ្វើការសាកសួរ និងចាត់ការបន្ត។

សមត្ថកិច្ច បានឲ្យដឹងថា អគ្គិភ័យនេះ បានបង្កការភ្ញាក់ផ្អើលនៅវេលាម៉ោង១០ព្រឹកថ្ងៃចន្ទ ២កើត ខែពិសាខ ឆ្នាំច សំរឹទ្ធិស័ក ពស ២៥៦២ ត្រូវនឹងថៃ្ងទី១៦ ខែមេសា ឆ្នាំ២០១៨ ក្នុងរោងចក្រ ប្រាយវ៉េរ (BRIGHTWAY) ផលិតគ្រឿងសង្ហារឹម និងក្ដារកុងផ្លាកេ នៅតាមផ្លូវជាតិលេខ៤ ចំណុចគីឡូម៉ែត្រលេខ២៧ ស្ថិតក្នុងភូមិទឹកជា ឃុំពើក ស្រុកអង្គស្នួល ខេត្តកណ្ដាល។
លោកឧត្ដមសេនីយ៍ទោ អ៊ាវ ចំរើន ស្នងការនគរបាលខេត្តកណ្តាល បានដឹកនាំកម្លាំងចុះផ្ទាល់ ក្នុងការអន្តរាគមន៍បាញ់ពន្លត់ទីតាំងខាងលើ ដោយប្រើរថយន្តពន្លត់អគ្គិភ័យចំនួន៦គ្រឿង ក្នុងនោះរថយន្តពន្លត់អគ្គិភ័យស្នងការនគរបាល ចំនួន ២គ្រឿង និងរថយន្តជំនួយរបស់ទ័ពឆ័ត្រយោង៩១១ ចំនួន ២គ្រឿង និងរថយន្តពន្លត់អគ្គិភ័យរបស់កងពលតូចលេខ៧០(៧១១) ចំនួន២គ្រឿង ដោយប្រើប្រាស់ទឹក អស់ចំនួន០៦ឡាន បានរលត់ជាស្ថាពរ ដែលបណ្ដាលឲ្យខូចខាត ឈើកៅស៊ូ ចំនួន ២០គីប។

ប្រភពពីសាក្សីបំភ្លឺសុំមិនបញ្ចេញឈ្មោះ បានឲ្យដឹងថា គាត់ឃើញរថយន្តមួយគ្រឿង មានគ្នា៤ទៅ៥នាក់ បានចូលទៅដុតឈើ ហើយបានគំរាមមិនអោយអ្នកណាចូលទៅពន្លត់ភ្លើងកំពុងឆេះនោះទេ ដោយប្រពន្ធម្ចាស់ក្រុមហ៊ុនឈ្មោះ កែវ រតនះ ហៅចែហ្គិច ភេទស្រី បើកបររថយន្ត LEXUS 570 ស៊េរី២០១៧ ពាក់ស្លាកលេខ ខម-៦៧៦២ គឺជាអ្នកដុត រួចបើករថយន្តចេញទៅតែម្ដង មួយសន្ទុះក្រោយមកក៏មានផ្សែងហ៊ុយចេញមក និងមានអណ្ដាតភ្លើងឆាបឆេះឡើងតែម្ដង។
ក្រោយបង្កហេតុរួចជនបង្កខាងលើបានបើករថយន្ត Lexus 570 ពណ៌ខ្មៅ ពាក់ស្លាកលេខ ខម 02-6762 ធ្វើសកម្មភាពរត់គេច ហើយត្រូវបានសមត្ថកិច្ចកងរាជអាវុធហត្ថរាជធានីភ្នំពេញ ឃាត់ចាប់បាននៅចំណុចសង្កាត់ទឹកល្អក់៣ ខណ្ឌទួលគោក រួចបញ្ជូនទៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថរាជធានីភ្នំពេញ ចាត់ការតាមនីតិវិធី។
សូមបញ្ជាក់ថា ស្ត្រីមានឈ្មោះ កែវ រតនៈ ហៅហ្គេច ធ្លាប់ដកកាំភ្លើងបាញ់គំរាមពលរដ្ឋនៅជិតវត្តសន្សំកុសលម្ដង និង បើកឡានបុកពលរដ្ឋម្ដង និង មានរឿងជាច្រើនទៀតស្ទើររាប់មិនអស់ ។ មានពេលខ្លះសម្ដេចតេជោ ហ៊ុន សែន ធ្លាប់ប្រកាសបញ្ជាអោសមត្ថកិច្ចចាប់នាងហ្គេចដាក់គុកទៀតផង ។ ប៉ុន្តែជាប់គុកមិនបានប៉ុន្មានផងក៏របូតចេញមកវិញ ប្រព្រឹត្តអំពើអាក្រក់ដដែល ៕









