
កោះកុងៈ សង្ស័យមានមនុស្សចំនួន៤នាក់ បានឆេះគៀបស្លាប់ក្នុងរថយន្ត ក្រោយពីមានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើងរវាងរថយន្តដឹកប្រេងក្រុមហ៊ុន PTT បុកជាមួយរថយន្តឡិចស៊ី៤៧០ បណ្ដាលឲ្យផ្ទុះឆេះយ៉ាងសន្ធោរសន្ធៅ។
គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់នេះ បានកើតឡើងកាលពីវេលាម៉ោង៨៖៣០នាទីព្រឹកថ្ងៃទី២៨ ខែមេសា ឆ្នាំ២០១៨នេះ លើផ្លូវជាតិលេខ4 ចន្លោះគីឡូម៉ែត្រលេខលេខ141-142 ស្ថិតក្នុងភូមិ អូរជ្រៅ ឃុំបឹងព្រាវ ស្រុកស្រែអំបិល ខេត្តកោះកុង។

មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថស្រុកកំពង់សីលា លោក សំ សាមាន បានប្រាប់ Cam Post ថា គ្រោះថ្នាក់ចរាចរណ៍នេះ បង្កឡើងរវាងរថយន្តឡិចស៊ីស 470 ពណ៌ទឹកមាស មានទិសដៅពីខេត្តព្រះសីហនុទៅភ្នំពេញ បានបុកជាមួយរថយន្តដឹកប្រេងក្រុមហ៊ុន Ptt ពាក់ស្លាកលេខពោងប្រេងខាងក្រោយ ភ្នំពេញ 4A-1215 មានទិសដៅពីភ្នំពេញទៅខេត្តព្រះសីហនុ បណ្ដាលឲ្យផ្ទុះឆេះភ្លើងសន្ធោសន្ធៅ ហើយមនុស្សចំនួនរងរបួសធ្ងន់ ត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យភ្លាមៗ និងសង្ស័យថា មនុស្សចំនួន៤នាក់គៀបជាប់ក្នុងរថយន្ត។

ក្រោយកើតហេតុកម្លាំងកងរាជអាវុធហត្ថស្នាក់ការសនិ្តសុខ៤០២ សហការជាមួយកម្លាំង អធិការនគរបាលស្រុកកំពង់សីលា នឹងកម្លាំងអធិការនគរបាលស្រុកស្រែអំបិល បានចុះទៅជួយសម្រួលចរាចរនៅកនែ្លងកើតហេតុ ដោយយកឡានទឹកចំនួន២គ្រឿង (ស្រុកកំពង់សីលា និងស្រុកស្រែអំបិល) មកជួយបាញ់ពន្លត់ភ្លើងកំពុងតែឆេះ ឲ្យបានរលត់ទាំងស្រុង៕










វីដេអូ