Sponsor
អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញៈ អ្នកនំាពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន បានចំអកទៅក្រុមប្រឆាំងដែលដឹកនាំដោយ សម រង្ស៊ី កំពុងតែបរាជ័យជាថ្មីម្តងទៀតសម្រាប់ការកៀរគរអាមេរិកមិនឲ្យទិញទំនិញពីកម្ពុជា។

ការលើករបស់អ្នកនំាពាក្យរូបនេះ បន្ទាប់ពីសហរដ្ឋអាមេរិក បានប្រកាសបន្តទិញទំនិញ ពីកម្ពុជារយៈពេល៣ឆ្នាំបន្តទៀត ដោយមិនស្តាប់ការចង់បានរបស់លោក សម រង្ស៊ី អតីតប្រធានគ ណបក្សសង្គ្រោះជាតិ បានស្នើឲ្យអាមេរិកផ្អាកទិញទំនិញពីកម្ពុជា។

លោក សុខ ឥសាន បានឲ្យដឹងនៅថ្ងៃទី២៥ មេសាថា «បរាជ័យដ៏ធំថ្មីទៀតរបស់ពួកឧទ្ទាមក្រៅច្បាប់។ អ្នកណាក៏បានដឹងរួចហើយថា ដើម្បីចង់បានរស់ឡើងវិញ និងជាការសងសិក ដល់រាជរដ្ឋាភិបាលកម្ពុជាស្របច្បាប់របស់សម្តេចតេជោ ហ៊ុន សែន ពួកឧទ្ទាម ក្រៅច្បាប់ដឹកនាំដោយទណ្ឌិត សម រង្សី បានខិតខំធ្វើពនេចរទៅសឹងគ្រប់ប្រទេសនៅលើពិភពលោក ក្នុងគោលបំណងឲ្យអន្តរជាតិដាក់ការគាបសង្កត់ផ្សេងៗមកលើកម្ពុជា។ ក៏ប៉ុន្តែរាល់ការខិតខំ របស់ពួកគេ ដើម្បីផលប្រយោជន៍បុគ្គលរបស់ពួកគេ ដោយរំលោភលើលទ្ធិប្រជាធិបតេយ្យ និងនីតិរដ្ឋនៅកម្ពុជានោះ មិនទទួលបានការយកចិត្តទុកដាក់ ពីបណ្តាប្រទេសទាំងនោះឡើយ  ។

លោកបន្តថា ក្រុមប្រឆាំងមិនត្រូវបានបរទេស យកចិត្តទុកដាក់លើសំណើរបស់ពួកគេ ហើយបានទទួលការឆ្លើយតបជា អវិជ្ជមានពីបណ្តាប្រទេស ជាពិសេសបណ្តាប្រទេស ដែលពួកឧទ្ទាមក្រៅច្បាប់បានផ្តល់អាទិភាពខ្ពស់ក្នុងការដាក់ការគាបសង្កត់មកលើរាជរដ្ឋាភិបាលកម្ពុជាតាមបំណងរបស់ខ្លួន។ ដូច្នេះបណ្តាប្រទេសលើពិភពលោក នៅតែបន្តមានទំនាក់ទំនងល្អជាមួយរាជរដ្ឋាភិបាលកម្ពុជា ស្របច្បាប់ដដែល។

លោកបញ្ជាក់ថា «បណ្តាប្រទេសដែលបានផ្តល់ជំនួយមកឲ្យកម្ពុជា នៅតែបន្តផ្តល់ជំនួយមកកម្ពុជា។ សហអាមេរិក នៅតែនាំចូលទំនិញពីកម្ពុជាបន្តទៀត។ សហគមន៍ អឺរ៉ុបនៅតែបន្តនាំចូលទំនិញពីកម្ពុជាដដែល។ អាសនៈរបស់កម្ពុជា នៅអសប នៅតែស្ថិតស្ថេរគង់វង្សរឹងមាំដដែល។ ប្រទេសជប៉ុន និងឥណ្ឌូណេស៊ី រក្សាជំហរមិនលូកដៃ ចូលកិច្ចការផ្ទៃក្នុងកម្ពុជា តាមការញុះញង់របស់ពួកឧទ្ទាមក្រៅច្បាប់ ។ ឥរិយាបថ និងជំហរបស់បណ្តាប្រទេសចំពោះកម្ពុជា បង្ហាញពីបរាជ័យដ៏ធ្ងន់ធ្ងរ និងយ៉ាងអាម៉ាស់របស់ពួកឧទ្ទសមក្រៅច្បាប់ដឹកនាំដោយសម រង្សី» ។

សូមជម្រាបថា រដ្ឋាភិបាល អាមេរិក បានប្រកាសបន្តផ្តល់ការអនុគ្រោះពន្ធនាំចូលទំនិញទូទៅ(GSP)ពីប្រទេសកម្ពុជា រយៈពេល៣ឆ្នាំទៀត ។ ការប្រកាសបន្តផ្តល់ការអនុគ្រោះពន្ធនេះ ធ្វើឡើង ក្រោយពីប្រព័ន្ធអនុគ្រោះពន្ធរបស់អាមេរិកសម្រាប់កម្ពុជា បានអស់សុពលភាព កាលពី ចុងឆ្នាំ២០១៧កន្លងទៅ។ ការបន្តអនុគ្រោះពន្ធនេះ មានសុពលភាពចាប់ពីថ្ងៃទី១ មករា ឆ្នាំ២០១៨នេះ រហូតដល់ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០។

អង្គភាពគយ និងការពារព្រំដែនអាមេរិក បានអះអាងឲ្យដឹងថា ច្បាប់អនុញ្ញាតឲ្យបន្តសុពលភាពនៃការអនុគ្រោះពន្ធ(GSP)នាំចូលទំនិញជាថ្មីនេះ ត្រូវបានលោកប្រធានាធិបតីអាមេរិក ដូ ណាល់ ត្រាំ ចុះហត្ថលេខា កាលពីថ្ងៃទី២៣ មីនា ឆ្នាំ២០១៨ ហើយវាបានចូលជាធរមានកាលពីថ្ងៃទី២២ មេសា។

តាមអង្គភាពគយ និងការពារព្រំដែនអាមេរិក ការបន្តអនុគ្រោះពន្ធនេះ ធ្វើប្រតិសកម្មពីថ្ងៃទី១ ខែមករា ឆ្នាំ២០១៨ រហូតដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០ បានសេចក្តីថា កម្ពុជាអាចបន្តនាំ ទំនិញចូលទៅអាមេរិក ដោយមិនត្រូវបង់ពន្ធបាន៣ឆ្នាំទៀត៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor