Sponsor
អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញៈ បុគ្គលជំនិតបំផុតបំពេញតួនាទីជាអង្គរក្ស និងអ្នកបើកបរផងឲ្យ​លោក ឡាយ វណ្ណៈ អតីតចៅហ្វាយខេត្តតាកែវ ត្រូវបានបញ្ជូនមកកាន់សាលាដំបូង កាលពីព្រឹកថ្ងៃទី២៥ មេសា ឆ្នាំ២០១៨ ដើម្បីសាកសួរពាក់ព័ន្ធករណីឃាតកម្មលើមន្ត្រីរដ្ឋសភាម្នាក់ជាកំណាន់ចិត្តលោកឡាយ វណ្ណៈ។

ជនជាប់ចោទ ដែលបញ្ជូនមកឲ្យ​ចៅក្រមតុលាការឈ្មោះ កូយ សៅ ធ្វើការសាកសួរនេះឈ្មោះ ម៉េន សាម៉ៃ។  ការសាកសួរនៅព្រឹកនេះ មិនទាន់បញ្ចប់ទេ ហើយត្រូវបន្តមករសៀលថ្ងៃនេះទៀត។

លោក ម៉ែន សាម៉ៃ គឺជាសាក្សីដ៏សំខាន់មួយរូបក្នុងរឿងក្ដីនេះ ដោយសារតែលោកជាមនុស្សដែលនៅក្បែរលោក ឡាយ វណ្ណៈ ច្រើនជាងនរណាៗទាំងអស់។

តាមកម្មវិធីបន្ទាប់នៅថ្ងៃទី២៦ មេសានេះ គឺតុលាការបង្គាប់ឲ្យ​នាំខ្លួនឈ្មោះ ជឹម វុធ ជាអ្នកបម្រើនៅផ្ទះជនរងគ្រោះមកសាកសួរផងដែរ។

ជនទី៣ គឺលោក ឡាយ ណារិទ្ធ នឹងត្រូវបង្គាប់ឲ្យ​នាំខ្លួនមកតុលាការនៅថ្ងៃទី១០ ឧសភា ឆ្នាំ២០១៨ខាងមុខ ដើម្បីសាកសួរបន្ត ។ ចំណែកជនជាប់ចោទទី៤ លោក ឡាយ វណ្ណៈ នៅមិនទាន់ដឹកពីពេលវេលាកំណត់ក្នុងការសាកសួរទេ។

ព្រះរាជអាជ្ញាអមសាលាដំបូង រាជធានីភ្នំពេញចោទប្រកាន់ អតីតអភិបាលខេត្តតាកែវ លោក ឡាយ វណ្ណៈ និងមនុស្សបីនាក់ផ្សេងទៀត ក្នុង ចំណោម៤នាក់ពីបទឃាតកម្ម និងបទលាក់បាំងព័ត៌មានទាក់ទង នឹងករណីឃាតកម្មលើមន្ត្រីរដ្ឋសភា គឺលោកស្រី ចែវ សុវឌ្ឍនា នៅឯខេត្តតាកែវ។

អ្នកនាំពាក្យសាលាដំបូង រាជធានី ភ្នំពេញលោក លី សុផាណា បានឲ្យ​ដឹងថា ចៅក្រមសាលាដំបូងបានបើកការស៊ើបសួរ លើសំណុំរឿងព្រហ្មទណ្ឌនេះ ឡើងវិញដោយចោទប្រកាន់ ទៅលើឈ្មោះ ឡាយ វណ្ណៈ អតីតអភិបាលខេត្តតាកែវ និងបងប្រុសរបស់លោកឈ្មោះ ឡាយ ណារិទ្ធ អតីតស្នងការរងនគរបាលខេត្តតាកែវ ពីបទឃាតកម្មតាម មាត្រា ១៩៩ នៃក្រមព្រហ្មទណ្ឌ។

មនុស្សពីរនាក់ទៀត ត្រូវចោទពីបទលាក់បាំងតម្រុយតាមមាត្រា ៥៣២នៃក្រមព្រហ្មទណ្ឌ គឺឈ្មោះ ម៉េន សាម៉ៃ ជាអ្នកបើកបរឲ្យលោក ឡាយ វណ្ណៈ និងឈ្មោះ ជឹម វុធ ជា អ្នកបម្រើ​ក្នុងផ្ទះរបស់អ្នកស្រី ចែវ សុវឌ្ឍនា។

ជនជាប់ចោទឡាយ វណ្ណៈនិងឡាយ ណារិទ្ធ អាចនឹងជាប់ពន្ធនាគារពី១០ឆ្នាំទៅ១៥ឆ្នាំ ប្រសិនបើតុលាការរកឃើញថា ពួកគេជាអ្នកសម្លាប់ជនរងគ្រោះ ។ ចំណែកនាក់លាក់តម្រុយអាចត្រូវជាប់ពន្ធនាគារពី១ឆ្នាំទៅ៣ឆ្នាំ៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor