
កំពង់ឆ្នាំងៈ ប្រជាពលរដ្ឋជាច្រើនគ្រួសា បានស្នើសុំទាមទារដីចំណុចទួលតាជាទុកជាដីស្មសានសម្រាប់បញ្ចុះសព និងមានការប្តឹងផ្តល់គ្នាមានរយៈពេលយូរមកហើយនៅមិនដឹងថា បានទៅខាងណានោះឡើយ ខណៈដែលជនម្ខាងទៀតអះអាងថា ជាដីដូនតារបស់ខ្លួន និងបានឲ្យគេឈូសថ្នូខ្មោចមួយនៅទីនោះចេញ ដោយឲ្យទុកនៅតែក្រុមគ្រួសារបស់គេ តែប៉ុណ្ណោះ។
ផ្អែកតាមឯកសារ ដែលទទួលបានថា ដីទីទួលខាងលើនេះ មានទីតាំងក្នុងភូមិស្វាយគយ ឃុំពន្លៃ ស្រុកបរិបូរណ៍ នៅមុនឆ្នាំ១៩៧៩ គឺជាដីទួលបញ្ចុះសពរបស់អ្នកភូមិទៅតាមទំនៀមទម្លាប់មកដល់ឆ្នាំ១៩៧៩មកទល់ និងបច្ចុប្បន្នដីចំណុចខាងលើនៅតែជាដីស្មសានដដែល តែក្រោយមកដីនៅទីនោះ ស្រាប់តែបានក្លាយទៅមានម្ចាស់របស់ឈ្មោះ គីយុង៉ិន និងបានបន្តអោយទៅឈ្មោះ ឈុន ប៊ុនថា និងបានអះអាងថា ដីទីទួលស្មសានជារបស់កម្មសិទ្ធរបស់ខ្លួនសម្រាប់តែបញ្ចុះសពគ្រួសារបស់ខ្លួន រហូតមានទំនាស់ជាមួយអ្នកភូមិ និងបានក្លាយទៅជារឿងប្តឹងផ្តល់រហូតមកដល់ពេលនេះនៅមិនទាន់ត្រូវបានបញ្ចប់។
ប្រភពមួយទៀតបានបង្ហើបឲ្យដឹងថា ពីមុនមកដីនៅទីនោះត្រូវបានធ្វើការបញ្ចុះសពរបស់ឈ្មោះ សៀវ យុជន ដែលមានប្តីឈ្មោះ ឡៅ វង ជាបងប្អូនជីដូនមួយតែក្រោយមកឈ្មោះ ឈុនប៊ុនថា និងឈ្មោះ ស៊ីយុគីវ បានរកចិនសែមើលឃើញថា ឆុងមិនអាចរកស៊ីបាន និងឈូសលុបអណ្តូងទឹក ឈូសឆាយដើមត្នោតចេញអស់ និងតម្រូវឲ្យគ្រួសាសពឈ្មោះ ស៊ីវយុជន ធ្វើយ៉ាងណាយកសព ដែលបានបញ្ចុះយូរហើយនោះចេញពីក្នុងដី ដែលមានទីតាំងខាងលើ និងមានការប្តឹងផ្តល់គ្នានៅមិនទាន់បានដាច់ស្រាច់ ។

ពាក់ពន្ធ័និងករណីខាងលើនេះ មានលិខិតបញ្ជាក់មួយរបស់លោកមេឃុំពន្លៃលោក ឡឹក គឹមឡាយ បានឲ្យដឹងថា ដីទីទួលតាជា ទំហំ៩៥០៤ ម៉ែត្រការ៉េ ស្ថិតក្នុង ភូមិស្វាយគយ ឃុំពន្លៃ ស្រុកបរិបូរណ៍ ពិតជាដីទីទួលស្មសាន ដែលជាទ្រព្យសម្បត្តិសាធារណៈសម្រាប់បញ្ចុះសពទូទៅក្នុងឃុំពន្លៃពិតប្រាកដមែន។
អភិបាលស្រុកបរិបូរណ៍លោក ឃួន សាវរុំ បានឲ្យដឹងតាមរយៈទូរស័ព្ទនៅវេលាម៉ោង៣និង៧នាទីថ្ងៃទី២២ មេសា ២០១៨ថា ដំបូងឡើយដីទីនោះវាជាដីស្មសានមិនមានជាកម្មសិទ្ធិរបស់នណាម្នាក់នោះឡើយ តែក្រោយមក ឈុនប៊ុនថា បានធ្វើការឈូសឆាយ និងហ៊ុំពទ្ធ័យក និងមានការប្តឹងផ្តល់គ្នាទៅវិញទៅមកមិនដឹងថា ទៅដល់ណាទេ ព្រោះវាផុតពីដៃរបស់អាជ្ញាធរស្រុកហើយ។
លោកបានបញ្ជាក់បន្ថែមទៀតថា ចំពោះជំហររបស់អាជ្ញាធស្រុកដីក្នុងតំបន់ខាងលើនេះវាជារបស់សាធារណៈសម្រាប់កប់សពរបស់អ្នកស្រុក និងមិនមានអ្នកណាម្នាក់យកដីទាំងនោះមកធ្វើជាកម្មសិទ្ធរបស់ខ្លួននោះឡើយ ។

ពាក់ពន្ធ័ករណីខាងលើនេះ CAM POST មិនអាចទំនាក់ទំនងសុំការបំភ្លឺបានពីខាងលោក ឈុនប៊ុនថា បានទេព្រោះមិនមានលេខទូរសព្ទ័។
ករណីនេះដែរ ប្រជាពលរដ្ឋសូមអំពាវនាវដល់អភិបាលខេត្តកំពង់ឆ្នាំងលោក ឈួ ចន្ទ័ឌឿន មន្ទីរស្ថាប័នពាក់ព័ន្ធ អាជ្ញាធស្រុក មេត្តាធ្វើយ៉ាងណារក្សាការពារទុកដីខាងលើនេះទុកជាដីសាធារណៈរបស់រដ្ឋ សម្រាប់ប្រជាជនយើងបានប្រើប្រាស់ទៅតាមទំនៀមទម្លាប់ប្រពៃណីរបស់ប្រជាពលរដ្ឋ៕