Sponsor
អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញៈ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃព្រះរាជាណាចក្រកម្ពុជា បានបញ្ជាក់ថា ដីធ្លីនៅកម្ពុជានឹងមិនចុះថ្លៃឡើយ នៅមុនការបោះឆ្នោតជ្រើសរើសតំណាងរាស្រ្ត នៅអំឡុងខែកក្កដា ឆ្នាំ២០១៨ខាងមុខ ដោយសារសម្តេចនៅតែបន្តជាប់ឆ្នោតធ្វើជានាយករដ្ឋមន្រ្តី ។

សម្ដេច ហ៊ុន សែន ថ្លែងនៅក្នុងពិធីសម្ពោធសណ្ឋាគារលំដាប់ផ្កាយ៥ នៅលើកោះរ៉ុង ក្នុងទឹកដីខេត្តព្រះសីហនុ នៅព្រឹកថ្ងៃទី២៣ ខែមេសា ឆ្នាំ២០១៨ ថា នៅឆ្នាំ២០១៨នេះ ដីមិនដែរចុះថ្លៃឡើយ ហើយបានឡើងថ្លៃមុនបោះឆ្នោតទៀត ដោយសារតែពលរដ្ឋដឹងយ៉ាងច្បាស់ថា បោះឆ្នោតខាងមុខនេះ គឺគណបក្សប្រជាជនកម្ពុជាឈ្នះឆ្នោត ។

សម្តេចតេជោ បានបញ្ជាក់ថា “ដីវាមិនដែលចុះថ្លៃទេ វាឡើងថ្លៃមុនអាបោះឆ្នោតទៅទៀត ដោយសារគេដឹងច្បាស់ថា ខ្ញុំពិតជានៅកាន់តំណែង ជានាយករដ្ឋមន្រ្តី ក្នុងពេលដែលគណបក្សប្រជាជនឈ្នះឆ្នោតជាបន្ត នេះគឺជារឿងពិត” ។

ឆ្លៀតឱកាសនោះផងដែរ សម្ដេចតេជោ ហ៊ុន សែន បានលើកឡើងថា ឆ្នាំ២០១៨នេះ អាចចាត់ទុកបានថា ជាឆ្នាំខុសប្លែងពីបណ្ដាឆ្នាំមុនៗ ដូច្នេះកាលពីឆ្នាំ១៩៩៨ មុនកាលបោះឆ្នោត ដីមិនឡើងថ្លៃឡើយ ប៉ុន្ដែគណបក្សប្រជាជនកម្ពុជា ឈ្នះឆ្នោតដីឡើងថ្លៃភ្លាមៗ ចំណែកកាលពីឆ្នាំ២០១៣ មុនកាលបោះឆ្នោត ពលរដ្ឋខ្មែររត់ទៅក្រៅប្រទេស ព្រោះពួកគេភ័យខ្លាច នៅក្នុងដំណាក់កាលនៃការបោះឆ្នោត តើសភាពការណ៍យ៉ាងម៉េច? គ្រាន់តែឮគណបក្សប្រជាជនកម្ពុជាឈ្នះភ្លាមៗ ពលរដ្ឋសប្បាយរីករាយ ។

ពាក់ព័ន្ធបញ្ហាដីកោះទៅនឹងភេរវកម្ម សម្ដេចតេជោ បានមានប្រសាសន៍ថា “ខ្ញុំ ពិតជាមានជំនឿជឿជាក់ថា កោះរបស់កម្ពុជាទាំងអស់ មិនមែនជាគោលដៅ នៃការវាយប្រហារភេរវកម្ម  ហើយប្រសិនបើគេចង់វៃ ក៏គេគ្មានលទ្ធភាព ដើម្បីនឹងធ្វើឲ្យកោះរបស់កម្ពុជាទាំងឡាយ អស្ថិរភាព រហូតទៅដល់ការបាត់បង់ភ្ញៀវទេសចរ សម្រាប់ការកម្សាន្ដនៅទីនេះផងដែរ” ។

សម្ដេចបញ្ជាក់ជាថ្មីថា នៅកម្ពុជាគ្មានវិបត្តិនយោបាយ ហើយក៏គ្មានអ្វីកើតឡើងឡើយ ចំពោះអ្នកណាទទួលខុសត្រូវទៅលើផ្លូវច្បាប់ គឺជារឿងរបស់ពួកគេ ប៉ុន្ដែកម្ពុជា ជាប្រទេសស្ថិតក្នុងក្របខណ្ឌប្រព័ន្ធ នៃប្រទេសដែលមានប្រព័ន្ធប្រជាធិបតេយ្យ សេរីពហុបក្ស ហើយនៅតែបន្ដឆ្ពោះទៅមុខ ជាមួយនឹងកំណើនសេដ្ឋកិច្ចដ៏រឹងមាំ និងការវិនិយោគបន្ដទៀត៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor