
មណ្ឌលគិរីៈ រថយន្ត Ford មួយគ្រឿង បានបុកផ្ដាច់អាយុជីវិត បុរសជាគ្រូបង្រៀន ជនជាតិស្ទៀងម្នាក់ ខណៈជិះម៉ូតូបត់ឆ្វេងមិនប្រយ័ត្ន។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើង នៅវេលាម៉ោង៩និង១០នាទី ថ្ងៃទី២២ ខែមេសា ឆ្នាំ២០១៨ ចំណុចមុខស្ថានីយលក់ប្រេងឥន្ធនៈ តេលា ចន្លោះគីឡូម៉ែត្រ លេខ ៦០ និងគីឡូម៉ែត្រ លេខ ៦១ ស្ថិតនៅភូមិឡាប៉ាខេ ឃុំស្រែខ្ទុម ស្រុកកែវសីមា ខេត្តមណ្ឌលគិរី។

អ្នកបើកបរម៉ូតូម៉ាក វ៉េវឆ្លាម ពណ៌ក្រហម គ្មានស្លាកលេខ ឈ្មោះ ចេង ប៊ុនលី ភេទប្រុស អាយុ ៣២ ឆ្នាំ ជនជាតិ ស្ទៀង មុខរបរ គ្រូបង្រៀន រស់នៅភូមិស្រែខ្ទុម ឃុំស្រែខ្ទុម ស្រុកកែវសីមា ខេត្តមណ្ឌលគិរី។ ចំណែករថយន្តម៉ាកហ្វត (Ford) ពាក់ស្លាកលេខ ភ្នំពេញ 2J-8573 ពណ៌ទឹកប្រាក់ ដែលមានសញ្ញាក្រុមហ៊ុនអគ្គិសនី ប៊ីវីស៊ី(BVC) អ្នកបើកបររត់គេចខ្លួនបាត់។

អ្នកឃើញហេតុការណ៍ បានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញម៉ូតូធ្វើដំណើរពីកើតទៅលិចបត់ឆ្វេង គាប់ជូនក៏ត្រូវរថយន្តខាងលើ ដែលធ្វើដំណើរបញ្ច្រាសគ្នា បុកពេញទំហឹង បណ្ដាលឲ្យប៉ើងអ្នកជិះម៉ូតូស្លាប់ភ្លាមៗនៅកន្លែងកើតហេតុតែម្ដង។
ក្រោយកើតហេតុរថយន្ត និងម៉ូតូ ត្រូវបានសមត្ថកិច្ចអូសយកទៅរក្សាទុកនៅអធិការនគរបាលស្រុក ដើម្បីរង់ចាំដោះស្រាយពេលក្រោយ។ ចំណែកសពជនគ្រោះ សមត្ថកិច្ចប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕
