
កណ្តាលៈ បើតាមសេចក្តីរាយការណ៍ បានឱ្យដឹងបន្ថែមទៀតថា ឃាតកដែលកាប់សម្លាប់នារីរងគ្រោះទាំងកណ្តាលថ្ងៃនោះ តាមពិតគឺជាអតីតប្តីរបស់នារីរងគ្រោះ។
ហេតុការណ៍នេះ កើតឡើងកាលពីវេលាម៉ោង២រសៀលថ្ងៃទី១៩ ខែមេសា ឆ្នាំ២០១៨ នៅចំណុចអនុវិទ្យាល័យកំពង់ចម្លង ស្ថិតក្នុងភូមិកំពង់ចម្លង ឃុំព្រែកទន្លាប់ ស្រុកលើកដែក ខេត្តកណ្តាល។

នារីរងគ្រោះឈ្មោះ ទន់ ស្រីណយ អាយុ២០ឆ្នាំ មានទីនៅស្ថិតក្នុងភូមិស្ពានដែក ឃុំព្រែកទន្លាប់ ស្រុកលើកដែក ស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ។ ចំណែកជនសង្ស័យឈ្មោះ រ៉ា ឆៃរ៉ាត់ អាយុ២១ឆ្នាំ មានទីលំនៅភូមិ អំពិលទឹក ឃុំកំពង់ភ្នំ ស្រុកលើកដែក បានជិះម៉ូតូទៅលោតពីស្ពាន ស្ពានតឺបាស្សា (ស្ពានអ្នកលឿង)។
សេចក្តីរាយការណ៍បន្ថែមទៀតថា មុនពេលកើតហេតុ នារីរងគ្រោះបានទៅលេងផ្ទះអ៊ុំ លុះដល់ម៉ោងកើតហេតុខាងលើ នារីរងគ្រោះក៏បានលាអ៊ុំត្រឡប់មកផ្ទះវិញ ដើម្បីមកប្រមូលលុយតុងទីន ប៉ុន្តែពេលមកដល់ក្នុងបរិវេណសាលាកើតហេតុខាងលើ ស្រាប់តែត្រូវបានអតីតប្តីរបស់នារីរងគ្រោះស្ទាក់តាមផ្លូវកាប់ បណ្តាលឱ្យស្លាប់យ៉ាងអាណោចអាធ័មនៅកន្លែងកើតហេតុតែម្តង។

ក្រោយកើតហេតុភ្លាមៗ សមត្ថកិច្ចនគរបាលស្រុក ធ្វើការព័ទ្ធជុំវិញតំបន់នោះ និងកំពុងស្រាវជ្រាវតាមចាប់ជនល្មើស ដើម្បីមកផ្តន្ទាទោសតាមផ្លូវច្បាប់។
ទោះបីជាយ៉ាងណាក៏ដោយ រហូតមកដល់ពេលនេះ នៅមិនទាន់រកឃើញជនដៃដល់ដែលលោតទឹកស្ពាននោះនៅឡើយទេ ខណៈដែលសមត្ថកិច្ចកំពុងតែឃ្លាំមើល ដើម្បីតាមចាប់ជនដៃដល់ដ៏ឃោរឃៅនោះ ។



