
ភ្នំពេញៈ បុរសម្នាក់ ត្រូវបានម្ចាស់គេប្ដឹងឲ្យសមត្ថកិច្ចឃាត់ខ្លួន ក្រោយពីរូបគេបានធ្វើសកម្មភាពលួចដែកយកមកលក់កន្លែងដេប៉ូអេតចាយ។
ករណីនេះ កើតឡើងកាលពីវេលាម៉ោង៣និង២០នាទីថ្ងៃអង្គារ ៣កើតខែ ចេត្រ ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី៣ ខែ មេសា ឆ្នាំ២០១៨ នៅចំណុចដេប៉ូទិញអេតចាយមួយកន្លែង ផ្លូវបេតុងភូមិដំណាក់ សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ។
សមត្ថកិច្ច បានឲ្យដឹងថា ជនសង្ស័យឈ្មោះ សុខ ខឿន ហៅខឿន ភេទប្រុស អាយុ២៧ឆ្នាំ មុខរបរ និងស្នាក់នៅមិនពិតប្រាកដ មានស្រុកកំណើតភូមិឡូ៥ ឃុំកំពង់លាវ ស្រុកកំពង់លាវខេត្តព្រៃវែង។ ចំណែកអ្នកទទួលទិញឈ្មោះ ប៉ាង កែវ ភេទស្រីអាយុ២៧ឆ្នាំ មុខរបរទិញអេតចាយស្នាក់នៅទីតាំងខាងលើ។ ដោយឡែកម្ចាក់ដែកឈ្មោះ អិន យូអេន ភេទស្រី អាយុ៣៩ឆ្នាំស្នាក់នៅភូមិប៉ប្រកខាងត្បូង សង្កាត់កាប១ ខណ្ឌពោធិ៍សែនជ័យ។
សមត្ថកិច្ច បន្តថា កន្លងមកម្ចាស់ដែកធ្លាប់បាត់អស់ជាច្រើន ប៉ុន្ដែមិនដែលចាប់បានចោរលួចឡើយ លុះដល់រសៀលខាងលើ បានបាត់ទៀត ក៏ដើររកតាមដេប៉ូអេតចាយ ស្រាប់តែមកជួបជនសង្ស័យកំពុងលក់ដែក ដែលលួចពីផ្ទះគាត់យកមកលក់ ភ្លាមៗម្ចាក់ដែកបានប្តឹងសមត្ថកិច្ចមូលដ្ឋានឲ្យចុះទៅឃាត់ខ្លួនជនសង្ស័យ និងអ្នកទទួលទិញមកធ្វើការសាកសួរតែម្តង។
បច្ចុប្បន្នជនសង្ស័យកំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការ។ ចំណែកអ្នកទទួលទិញក្រោយពីធ្វើការអប់រំណែនាំរួចក៏ឲ្យត្រឡប់ទៅផ្ទះវិញ៕