header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញៈ លោក ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក) នៅយប់ថ្ងៃអង្គារ ៣រោច ខែចេត្រ ឆ្នាំរកា ត្រូវនឹងថ្ងៃទី៣ ខែមេសា ឆ្នាំ២០១៨ បាននាំយកគ្រឿងឥស្សរិយយសជាន់ខ្ពស់បំផុត ប៉ាត់ម៉ា (Padma Shri) មកដល់កម្ពុជាហើយ ចំពោះស្នាដៃឆ្នើម ក្នុងកិច្ចការសាធារណៈ ពីប្រធានាធិបតីនៃសាធារណរដ្ឋឥណ្ឌា។

ការអញ្ជើញមកដល់របស់ លោក ហ៊ុន ម៉ានី នៅអាកាសយានដ្ឋាន អន្តរជាតិភ្នំពេញ មានបងប្អូនប្រជាពលរដ្ឋ ជាពិសេសយុវជន និងស្ថាប័នព័ត៌មានជាច្រើន បាននាំគ្នាទៅស្វាគមន៍ ដំណើរការមកដល់ និងសាទរចំពោះការទទួលបានគ្រឿងឥស្សរិយយស Padma Shri ពីប្រធានាធិបតីឥណ្ឌា។

នាឱកាសនោះ លោក ហ៊ុន ម៉ានី បានមានប្រសាសន៍ថា លោក​ពិតជាមានមោទនភាពខ្លាំងណាស់ ក្នុងនាមជាកូនខ្មែរ ដែលបានទៅទទួលគ្រឿងឥស្សរិយយសជាន់ខ្ពស់បំផុត ពីសាធារណរដ្ឋឥណ្ឌា គឺមេដាយ​ជាន់ខ្ពស់មួយដែលផ្តល់ជូនជូនស៊ីវិល ។ គំនិតផ្តួចផ្តើមនេះ ចាប់មកតាំងពីខែ១ មករា ២០១៨ នៅក្នុងឱកាសកិច្ចប្រជុំកំពូល រវាងអាស៊ាន និងឥណ្ឌា ខួបទី១៥ឆ្នាំ នៃដៃគូ។

លោកប្រធាន ស.ស.យ.ក បានបន្តថា ក្នុងនាមជាពលរដ្ឋមួយរូប យល់ថា កម្ពុជាមិនមែនកម្ពុជាពី២៥ឆ្នាំមុន ពោរពេញទៅដោយសង្គ្រាម និងការហ៊ុំព័ទ្ធសេដ្ឋកិច្ចនោះទេ គឺកម្ពុជាបច្ចុប្បន្ននេះគឺមាន សុខសន្តិភាព មានស្ថេរភាព និង មានការដឹកនាំដ៏ឈ្លាសវៃ ជាពិសេសកក្នុងគោលនយោបាយការបរទេសរបស់រដ្ឋាភិបាល ការដឹកនាំកម្ពុជាលើឆាកអន្តរជាតិ ស្មើមុខស្មើមាត់ ហើយលើសពីនេះទៅទៀត គឺមានគំនិតផ្តួចផ្តើម ក្នុងបរិបទនៃតំណាងទំនាក់ទំនងកម្ពុជា អាស៊ាន និងឥណ្ឌា ក្រោមការខិតខំប្រឹងប្រែងផ្តួចផ្តើមរបស់កម្ពុជា និងការខិតខំប្រឹងប្រែងរបស់សម្តេចតេជោ ហ៊ុន សែន គឺបានដោយជោគជ័យ ដែលនាំប្រទេសធារសារណរដ្ឋឥណ្ឌា ក្នុងដៃគូសន្ទនា អាស៊ាន កម្ពុជាឆ្នាំ២០១២ និង២០១៨ បានធ្វើពិធីខួបគម្រប់១៥ឆ្នាំដោយជោគជ័យ។

ពានរង្វាន់ ដែលលោក ហ៊ុន ម៉ានី ទទួលបាន គឺជាគ្រឿងឥស្សរិយយស ចំពោះស្នាដៃឆ្នើមក្នុងកិច្ចការងារសាធារណៈ ដោយសារតែមានការទទួលស្គាល់ និងផ្តល់តម្លៃខ្ពស់ ទៅលើស្នាដៃកន្លងមក របស់លោក​ ដែលបានខិតខំប្រឹងប្រែងសម្រាប់ប្រជាជាតិកម្ពុជា តាមរយៈកិច្ចការងារមនុស្សធម៌ ការងារសង្គម ជាពិសេសកិច្ចការសង្គមរបស់យុវជន។ ម្យ៉ាងវិញទៀត លោកជាអ្នកដឹកនាំវ័យក្មេងម្នាក់ ក្នុងរដ្ឋសភា ដែលព្យាយាមរក្សាទំនាក់ទំនង កិច្ចសហប្រតិបត្តិការយ៉ាងល្អជាមួយសារធារណរដ្ឋឥណ្ឌា និងបណ្តាប្រទេសផ្សេងៗទៀត។

សូមបញ្ជាក់ថា កាលពីឆ្នាំ២០១៣ លោក ហ៊ុន ម៉ានី ត្រូវបានជាប់ឆ្នោតជាសមាជិកសភាជាតិនៃព្រះរាជាណាចក្រកម្ពុជា  ដោយសារការទុកចិត្ត និងការគោរពពីយុវជន និងប្រជាពលរដ្ឋទូទាំងប្រទេស ចំពោះការសម្រេចបានសមិទ្ធផលដ៏អស្ចារ្យជាច្រើន និងភាពជាអ្នកដឹកនាំដ៏រឹងមាំរបស់ឯកឧត្តម។ ហើយនាពេលបច្ចុប្បន្ន លោក គឺជាប្រធានក្រុមប្រឹក្សាយុវជនអាស៊ី ( AYC) និង សហភាពសហ័ន្ធយុវជនកម្ពុជា (UYFC)៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post