
ភ្នំពេញៈ បុគ្គលិកផ្នែករត់តុរបស់ហាងពិភពសាច់អាំង បានធ្វើសកម្មភាពលួចទូរស័ព្ទដៃម៉ាក iPhone ចំនួន២គ្រឿង របស់អ្នកបោកអ៊ុត ត្រូវបានចាប់ប្រគល់ឲ្យសមត្ថកិច្ចដោះស្រាយតាមផ្លូវច្បាប់ កាលពីវេលាម៉ោងប្រហែល៨យប់ ថ្ងៃព្រហស្បតិ៍ ១២កើត ខែពិសាខ ឆ្នាំច សំរិទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី២៦ ខែមេសា ឆ្នាំ២០១៨ នៅចំណុចក្នុងផ្ទះលេខ៥១A ផ្លូវលេខ៥៩២ ក្រុមទី៤៨ ភូមិ១០ សង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ។
សមត្ថកិច្ចប៉ុស្ដិ៍បឹងកក់ទី២ ប្រាប់ឲ្យដឹងថា ជនសង្ស័យដែលត្រូវបានឃាត់ខ្លួន មានឈ្មោះ យ៉ាង សុខលីន ហៅ ម៉ាប់ ភេទប្រុស អាយុ២៤ឆ្នាំ មុខរបរបុគ្គលិករត់តុ ហាងពិភពសាច់អាំង ស្នាក់នៅបណ្ដោះអាសន្នក្នុងហាងពិភពសាច់អាំង មានទីតាំងផ្ទះលេខ២ ផ្លូវលេខ៣០៧ សង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ ចំណែកជនរងគ្រោះឈ្មោះ ខឹម ឆាន ភេទប្រុស អាយុ៦៦ឆ្នាំ មុខរបរបោកគក់ខោអាវ ស្នាក់នៅផ្ទះលេខ៥០A ផ្លូវលេខ៥៩២ ក្រុម ទី៤៨ ភូមិ១០ សង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

សមត្ថកិច្ចបញ្ជាក់ថា នៅថ្ងៃកើតហេតុខាងលើ វេលាម៉ោងប្រហែល៤រសៀល ជនរងគ្រោះបានទុកទូរស័ព្ទដៃចំនួន២គ្រឿង រួមមាន ម៉ាក iPhone 6 ពណ៌ទឹកមាស មួយគ្រឿង និងម៉ាក iPhone 4 ពណ៌ស មួយគ្រឿង ដាក់នៅលើទូរកន្លែងដាក់ខោអាវបោកអ៊ុត ហើយជនរងគ្រោះក៏សម្រាន្តនៅលើប៉ៅអីបត់នៅក្បែរនោះ ស្រាប់តែមានជនសង្ស័យឈ្មោះ យ៉ាង សុខលីន ហៅ ម៉ាប់ ដែលជាម៉ូយបោកអ៊ុតខោអាវ បានដើរមកធ្វើសកម្មភាពលួចទូរស័ព្ទដៃទាំងពីររបស់ជនរងគ្រោះ ហើយគេចខ្លួនបាត់។

ក្រោយកើតហេតុ ជនរងគ្រោះក៏បើកកាម៉េរ៉ាសុវត្ថិភាពក្នុងផ្ទះខ្លួនមើល ទើបឃើញសកម្មភាពរបស់ជនសង្ស័យ និងស្គាល់ច្បាស់ជាម៉ូយ ដែលយកខោអាវមកបោក។ លុះមកដល់ម៉ោងប្រហែល៨យប់ថ្ងៃដដែល ជនសង្ស័យបានដើរមកយកខោអាវបោកអ៊ុតរបស់ខ្លួននៅផ្ទះរបស់ជនរងគ្រោះ ទើបជនរងគ្រោះធ្វើការឃាត់ខ្លួនជនសង្ស័យ និងចាប់យកវត្ថុតាងទូរស័ព្ទដៃមួយគ្រឿងម៉ាក iPhone 4 ពណ៌ស យកមកវិញ ហើយយកមកប្រគល់ឲ្យសមត្ថកិច្ចនគរបាលប៉ុស្តិ៍រដ្ឋបាលបឹងកក់ទី២ ដើម្បីចាត់ការតាមនីតិវីធីច្បាប់។

ចំពោះមុខសមត្ថកិច្ច ជនសង្ស័យឈ្មោះ យ៉ាង សុខលីន ហៅ ម៉ាប់ បានសារភាពថា រូបខ្លួនពិតជាបានធ្វើសកម្មភាពលួចយកទូរស័ព្ទដៃពីរគ្រឿងរបស់ជនរងគ្រោះពិតប្រាកដមែន ដោយទូរស័ព្ទមួយគ្រឿងទៀត ខ្លួនបានយកទៅលក់នៅហាងលក់ទូរស័ព្ទមួយ នៅម្ដុំផ្សារថ្មី បានតំលៃ២០០,០០០រៀល(ម្ភៃម៉ឺនរៀល)។
បច្ចុប្បន្ន ជនសង្ស័យកំពុងឃាត់ខ្លួនបណ្ដោះអាសន្ននៅអធិការដ្ឋាននគរបាខណ្ឌទួលគោក ធ្វើការសាកសួរបន្ថែម ដើម្បីកសាងសំណុំរឿង និងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការតាមនីតិវីធីច្បាប់។ រីឯវត្ថុតាងទូរស័ព្ទដៃមួយគ្រឿងម៉ាក iPhone 4 សមត្ថកិច្ចបានប្រគល់ឲ្យជនរងគ្រោះវិញ តាមការស្នើសុំ ដោយមានការឯកភាពពីលោក សេង ហៀង ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ៕

វីដេអូ ៖