
ភ្នំពេញៈ បុរសជាតន្ត្រីករម្នាក់ ជិះម៉ូតូចេញពីលេងភ្លេងបំណងទៅផ្ទះវិញ តែអកុសលដល់ពាក់កណ្ដាលផ្លូវ លូកទូរស័ព្ទយកមកនិយាយ ស្រាប់តែជ្រុលទៅបុករថយន្តធុនធំ ដែលចតទុកចោលលើផ្លូវ វេង ស្រេង ពីក្រោយពេញទំហឹង បណ្តាលឲ្យស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ។
ហេតុការណ៍គ្រោះថ្នាក់ដ៏រន្ធត់នេះ បានកើតឡើងកាលពីវេលាម៉ោង១០៖៤០នាទីយប់ ថ្ងៃព្រហស្បតិ៍ ១២កើត ខែពិសាខ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៨ នៅចំណុចជិតក្រុមហ៊ុនម៉ូតូហុងដា តាមបណ្តោយផ្លូវវេងស្រេង ស្ថិតក្នុងភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

ជនរងគ្រោះមានឈ្មោះ វ៉េង សម្បត្តិ ភេទប្រុស អាយុ៥៦ឆ្នាំ មុខរបរជាតន្ត្រីករ (អ្នកលេងភ្លេងសម័យ) ស្នាក់នៅភូមិសាមគ្គី៤ សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ និងមានស្រុកកំណើតនៅភូមិកោះខែល ឃុំកោះខែល ស្រុកស្អាង ខេត្តកណ្តាល។ ចំណែកម្ចាស់រថយន្តមិនស្គាល់អត្តសញ្ញាណទេ បានរត់គេចខ្លួនបាត់ស្រមោល។
សាក្សីដែលឃើញហេតុការណ៍ផ្ទាល់ ប្រាប់ភ្នាក់ងារសារព័ត៌មាន Cam Post ឲ្យដឹងថា នៅមុនពេលកើតហេតុ គេបានឃើញជនរងគ្រោះជិះម៉ូតូម៉ាក គុបជ្រុង ពណ៌ខៀវ ពាក់ស្លាកលេខ ទ-០៩៨៩ ភព១ ដែលធ្វើដំណើរតាមបណ្តោយផ្លូវវេងស្រេង ក្នុងទិសដៅពីកើតទៅលិច។ ខណៈមកដល់ចំណុចកើតហេតុ គេឃើញជនរងគ្រោះលូកទូរស័ព្ទយកមកនិយាយ ស្រាប់តែជ្រុលទៅបុកគូទរថយន្តកុងតឺន័រ សណ្តោងកន្ទុយពណ៍ខៀវ (ដឹកទុយោធំៗ) ពាក់ស្លាកលេខ ភ្នំពេញ 3C-7333 ដែលចតទុកចោលលើផ្លូវ បណ្តាលឲ្យបោកក្បាលនឹងកន្ទុយរថយន្ត ស្លាប់ភ្លាមៗក្នុងថ្លុកឈាមនៅកន្លែងកើតហេតុតែម្តង។

ក្រោយពេលកើតហេតុ សមត្ថកិច្ចបានចុះទៅដល់ចំណុចកើតហេតុ និងទាក់ទងទៅសមត្ថកិច្ចជំនាញចរាចរណ៍ ចុះមកធ្វើការវាស់វែង រួចយករថយន្ត និងម៉ូតូ ទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជើងគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីរង់ចាំដោះស្រាយពេលក្រោយ។ ចំណែកសពត្រូវបានប្រគល់ទៅកូនប្រុសស្រីដឹកតាមរថយន្តដឹកសពយកទៅធ្វើបុណ្យតាមប្រពៃណីនៅផ្ទះស្ថិតក្នុងភូមិសាមគ្គី៤ សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ៕





