header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

ព្រៃវែងៈ ខណៈដែលពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីខ្មែរ ខិតចូលមកដល់នាពេលប៉ុន្មានថ្ងៃខាងមុខនេះ បងប្អូនប្រជាពលរដ្ឋគ្រប់ភូមិ ស្រុក បានសំរុកនាំគ្នាទៅកាន់ទីផ្សារ ដើម្បីរកទិញចំណីអាហារ និងសម្ភារៈផ្សេងៗ ទុកសម្រាប់ពិធីបុណ្យដ៏ធំមួយនេះ ។

ដើម្បីការពារសុខមាលភាពបងប្អូនប្រជាពលរដ្ឋ មន្រ្តីកាំកុងត្រូលសាខាខេត្តព្រៃវែង សហការជាមួយមន្រ្តីជំនាញឡាបូ នាយកដ្ឋានកាំកុងត្រូល បានចុះទៅធ្វើការត្រួតពិនិត្យទំនិញជាច្រើនប្រភេទ នៅក្នុងផ្សារក្រុងព្រៃវែង កាលពីព្រឹកថ្ងៃទី១០ ខែមេសាព្រឹកមិញនេះ ហើយសកម្មភាពត្រួតពិនិត្យនេះ ក៏ទទួលបាននូវការគាំទ្រយ៉ាងខ្លាំងផងដែរ ពីសំណាក់បងប្អូនប្រជាពលរដ្ឋ នៅក្រុងព្រៃវែងទាំងមូល ។

លោក អ៊ុត សុភាព ប្រធានសាខាកាំកុងត្រូលខេត្តព្រៃវែង បានឲ្យដឹងថា សកម្មភាពត្រួតពិនិត្យក្នុងផ្សារព្រៃវែងនេះ មន្រ្តីរបស់លោកបានធ្វើការត្រួតពិនិត្យទៅលើចំណីអាហារប្រភេទបន្លែ ផ្លែឈើ គ្រឿងសមុទ្រ ជ្រក់ត្រសក់ ជ្រក់ស្ពៃ សរសៃរគុយទាវ និងទំនិញជាច្រើនប្រភេទទៀត សរុបជាង៣០មុខ និងបានយកសំណាកទាំងនោះ ទៅពិសោធនៅក្នុងរថយន្តមន្ទីរពិសោធចល័តភ្លាមៗ ហើយជាលទ្ធផលបានរកឃើញថា ទាំងបន្លែផ្លែឈើ និងទំនិញជាច្រើនទៀត គឺពុំមានដាក់សារធាតុគីមីដែលច្បាប់ហាមឃាត់នោះទេ មានតែសរសៃរគុយទាវ ដែលផលិតនៅក្រុងព្រៃវែងមួយមុខគត់ ដែលរកឃើញមានដាក់សារធាតុ ប៊ុយរ៉ាក់ ជាសារធាតុដែលធ្វើឲ្យសរសៃរគុយទាវស្វិត តែប៉ះពាល់ដល់សុខភាពអ្នកបរិភោគ ។

លោក អ៊ុត សុភាព បានបញ្ជាក់ថា ក្រោយពីរកឃើញមានសារធាតុ ប៊ុយរ៉ាក់ នៅក្នុងសរសៃរគុយទាវ លោកក៏ធ្វើការដកហូតភ្លាមៗ បានសរសៃរគុយទាវចំនួន៨គីឡូក្រាម ទុកយកទៅបំផ្លាញចោល ជាមួយគ្នានោះក៏បានណែនាំដល់អាជីវករ និងឲ្យធ្វើកិច្ចសន្យាឈប់ដាក់លក់សរសៃរគុយទាវ ដែលមានជាតិគីមីបែបនេះតទៅទៀត ។

ដោយឡែក បងប្អូនប្រជាពលរដ្ឋវិញ បានសម្តែងនូវការត្រេកអរជាខ្លាំង នៅពេលដែលមន្រ្តីជំនាញពិនិត្យទៅលើចំណីអាហារប្រភេទបន្លែ ផ្លែឈើ ហើយរកមិនឃើញមានដាក់សារធាតុគីមីនោះ ព្រោះរាល់ថ្ងៃពួកគាត់មានការព្រួយបារម្មណ៍ណាស់ពីបញ្ហានេះ ប៉ុន្តែក្រោយពិនិត្យឃើញថា មិនមានសារធាតុគីមីបែបនេះ ពួកគាត់ទុកចិត្តហើយ៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post