
ភ្នំពេញៈ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានបញ្ជាឲ្យអភិបាលរាជធានីភ្នំពេញ លោក ឃួង ស្រេង ត្រៀមលក្ខណៈទប់ស្កាត់ និងបង្ក្រាបជនឈ្មោះ សម សេរី ដែលមានគម្រោងបំផ្ទុះគ្រាប់បែក នៅវត្តភ្នំ នៅថ្ងៃទី១២ ខែមេសា ឆ្នាំ២០១៨ខាងមុខ មុនចូលឆ្នាំខ្មែរ។
ក្នុងពិធីចុះ ចែកសញ្ញាបត្រដល់និស្សិតសកលវិទ្យាល័យជាតិគ្រប់គ្រង នៅព្រឹកថ្ងៃទី១០ ខែមេសា ឆ្នាំ២០១៨ សម្ដេច ហ៊ុន សែន បានឲ្យដឹងថា ជនក្បត់ជាតិនៅក្រៅប្រទេសឈ្មោះ សម សេរី មានផែនការរៀបចំការបំផ្ទុះនៅវត្តភ្នំ និងនៅសៀមរាប តែសម្តេចបានដាក់ចេញ បទបញ្ជាសម្ងាត់ ដើម្បីបង្ការហេតុការណ៍នេះអស់ហើយ មិនឲ្យបំណងពិសពុលនេះ បានសម្រេចនោះឡើយ។
សម្ដេច ហ៊ុន សែន បានបញ្ជាក់ថា “ សូមបង្រ្កាបផែនការអ្នកឯង នៅថ្ងៃទី១២ នៅវត្តភ្នំ មេក្បត់ជាតិមួយ សម សេរី បានបញ្ជាឲ្យបង្កចលាចលសំឡេងផ្ទុះ ប៉ុន្តែផែនការអ្នកឯង ខ្ញុំបានចាប់យកមុនទៅហើយ។ អ្នកឯងប្រុងធ្វើនៅភ្នំពេញ និងសៀមរាប ការគ្រប់គ្រងអំណាចមិនមែនជា រឿងលេងសើចទេ” ៕


