Sponsor
អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញៈ បុរសម្នាក់ បានបើករថយន្ដ ឡិចស៊ីស RX300 មួយគ្រឿង បុកម៉ូតូ Nex នៅចំណុចជិតភោជនីយដ្ឋានផែថ្ម ម្ដុំវត្តភ្នំ បណ្ដាលឲ្យខូចខាតបន្តិចបន្តួច តែមិនព្រមឈប់ដោះស្រាយគ្នា បែរជាព្យាយាមបើកគេចខ្លួន ទើបត្រូវជនរងគ្រោះដេញតាមរហូតដល់ជិតក្រសួងការពារជាតិ ទើបឃាត់បានដោយសារតែរថយន្ដបង្កខូចខ្ទេចកង់មួយគ្រាប់ទៅមុខលែងរួច។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងនៅវេលាម៉ោង៩៖២០នាទីយប់ ថ្ងៃអង្គារ ១០កើត ខែពិសាខ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី២៤ ខែមេសា ឆ្នាំ២០១៨ នៅចំណុចជិតភោជនីយដ្ឋានយីហោផែថ្ម តាមបណ្ដោយផ្លូវលេខ៨២ ស្ថិតក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

ប្រភពពីកន្លែងកើតហេតុ ឲ្យដឹងថា រថយន្ដម៉ាក ឡិចស៊ីស RX300 ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2AT-3615 បើកបរដោយបុរសម្នាក់ ចំណែកម៉ូតូរងគ្រោះម៉ាក ស៊ុយស៊ូគី និច ពណ៌ក្រហមលាយស ពាក់ស្លាកលេខ ភ្នំពេញ 1GP-4588 ជិះដោយយុវជនពីរនាក់ រងរបួសស្រាល។

ប្រជាពលរដ្ឋឲ្យដឹងថា មុនពេលកើតហេតុ គេបានឃើញម៉ូតូជនរងគ្រោះ កំពុងជិះបណ្ដើរគ្នាជាមួយម៉ូតូពីរទៅបីគ្រឿងទៀត ហើយពេលមកដល់ចំណុចកើតហេតុ ក៏ជ្រុលបុកជាមួយរថយន្ដ បណ្ដាលឲ្យខូចខាតម៉ូតូ និងរងរបួសស្រាល។ ក្រោយពីកើតហេតុ រថយន្ដបង្កមិនបានឈប់ដោះស្រាយនោះទេ គឺព្យាយាមបើកគេចខ្លួនទាំងកង់រថយន្ដបែក រហូតមកដល់ជិតក្រសួងការពារជាតិ ក្នុងខណ្ឌ៧មករា ទើបរថយន្ដទៅមុខលែងរួចឃាត់បានតែម្ដង។

ក្រោយមក កម្លាំងសមត្ថកិច្ចបានធ្វើការសម្របសម្រួលគ្នាអស់រយៈពេលជាច្រើនម៉ោង ទើបគ្រប់ភាគីត្រូវរ៉ូវគ្នា ដោយខាងម្ចាស់រថយន្ដយល់ព្រមសងថ្លៃខូចខាត និងព្យាបាលរបួសឲ្យទៅជនរងគ្រោះ ដើម្បីបញ្ចប់រឿងតែម្ដង៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor