Sponsor
អាម៉ាប៉ាប៉ាញ៉ូស

ពោធិ៍សាត់ៈ កូនមន្ត្រីយោធាម្នាក់ និងបក្ខពួក បានជិះម៉ូតូដេញកាប់យុវជន៣នាក់ ប៉ុន្តែសំណាងល្អមិនបណ្ដាលឲ្យរងរបួសធ្ងន់ ដោយគ្រាន់តែខូចខាតម៉ូតូមួយគ្រឿងប៉ុណ្ណោះ។ ហេតុការណ៍នេះ បានកើតឡើងនៅវេលាម៉ោង១៖៣០នាទីរសៀល ថ្ងៃអាទិត្យ ១កើត ខែពិសាខ ឆ្នាំច សំរឹទ្ធិស័ក ពុទ្ធសករាជ២៥៦២ ត្រូវនឹងថ្ងៃទី១៥ ខែមេសា ឆ្នាំ២០១៨ ដែលជាថ្ងៃទី២ នៃពិធីបុណ្យចូលឆ្នាំថ្មី នៅលើផ្លូវជាតិលេខ៥ ស្ថិតក្នុងភូមិសារវ័ន្ត ឃុំស្នាអន្សា ស្រុកក្រគរ ខេត្តពោធិ៍សាត់។

សមត្ថកិច្ចឲ្យដឹងថា ក្មេងទំនើងមួយក្រុម មានគ្នា២នាក់ ប្រដាប់ដោយដាវ១ដើម និងមធ្យោបាយ១គ្រឿង បានធ្វើសកម្មភាពជិះម៉ូតូម៉ាក ហុងដាឌ្រីម ធុនសេ១២៥ ស៊េរីឆ្នាំ២០១៦ មិនស្គាល់ស្លាកលេខ ដេញកាប់ទៅលើជនរងគ្រោះ ដែលកំពុងជិះម៉ូតូពីកើតទៅលិចស្របទិសគ្នា ដោយមិនដឹងខ្លួន បណ្ដាលឲ្យរងរបួសស្រាល២នាក់ និងខូចខាតម៉ូតូ១គ្រឿងម៉ាក និច ពណ៌សលាយក្រហម ពាក់ផ្លាកលេខ ភ្នំពេញ 1GG-4834។ ម៉ូតូត្រូវជនសង្ស័យកាប់ឲ្យខូចខាតខាងមុខ និងខាងក្រោយ។ ក្រោយធ្វើសកម្មភាពរួច ក្រុមក្មេងទំនើងបាននាំគ្នាជិះគេចខ្លួនបាត់អស់។

សមត្ថកិច្ចឲ្យទៀតថា ជនបង្កត្រូវបានគេស្គាល់ឈ្មោះម្នាក់ គឺឈ្មោះ ហ៊ីង កុយទីទី ភេទប្រុស អាយុ១៦ឆ្នាំ រស់នៅភូមិផ្សារ ឃុំអន្លង់ត្នោត ស្រុកក្រគរ ខេត្តពោធិ៍សាត់ ត្រូវជាកូនរបស់ឈ្មោះ ហ៊ីង កុយ ជាមន្ត្រីយោធាខាងស្រាវជ្រាវ។ ដោយឡែកភាគីរងគ្រោះ រួមមាន ១/ឈ្មោះ ជីង ជាជ អាយុ១៨ឆ្នាំ ភេទប្រុស របួសស្រាល ២/ឈ្មោះ លួត សុខលៀម ភេទប្រុស អាយុ១៨ឆ្នាំ របួសស្រាល និង៣/ឈ្មោះ លួត សុខលី ភេទប្រុស អាយុ២៥ឆ្នាំ ជាអ្នកបើកបរម៉ូតូ មិនមានរងរបួសនោះទេ។

ក្រោយពេលកើតហេតុ ជនរងគ្រោះបានដាក់ពាក្យបណ្ដឹងនៅប៉ុស្ដិ៍ស្នាអន្សា ហើយករណីនេះ ជំនាញកំពុងកសាងសំណុំរឿងតាមនីតិវិធី និងតាមចាប់ខ្លួនជនសង័្សយ យកមកផ្តន្ទាទោសតាមច្បាប់៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor