
ភ្នំពេញៈ ជនជាតិអ៊ីតាលីម្នាក់ ត្រូវបានកម្លាំងនគរបាលប៉ុស្តិ៍ផ្សារថ្មី៣ ឃាត់ខ្លួន បន្ទាប់ពីរូបគេបានវាយកម្ទេចទូ ATM របស់ធនាគារ ABA ព្រោះតែខឹងដកលុយមិនបាន ហើយត្រូវលេបកាត់របស់ខ្លួនចូលទៅបាត់នោះ។
ហេតុការណ៍នោះ បានកើតឡើងនៅថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០១៨ វេលាម៉ោង៤និង៤៥នាទីល្ងាច នៅចំណុចផ្លូវលេខ១៧២ កែងផ្លូវលេខ៥១ ភូមិទី១១ សង្កាត់ផ្សារថ្មីទី៣ ខណ្ឌដូនពេញរាជធានីភ្នំពេញ។

សមត្ថកិច្ច បានឲ្យដឹងថា ជនបង្កឈ្មោះPATELLA CHRISTIAN ភេទប្រុស អាយុ៤០ឆ្នាំ ជនជាតិអ៊ីតាលី មុខរបរទេសចរណ៍កាន់លិខិតឆ្លងដែនលេខYA៥៧៩១១៤៨ ស្នាក់នៅសណ្ឋាគារSaravoan នៅទីតាំងលេខ៤៣ ផ្លូវលេខ១៧៨ សង្កាត់ជ័យជំនះ ខណ្ឌដូនពេញ។

អ្នកឃើញហេតុការន៍ បានឲ្យដឹងថា មុនពេលកើតហេតុគេឃើញជនជាតិអ៊ីតាលីរូបនោះ ចេញពីផឹកបានដើរសំដៅមកទូ ATM (ABA)នោះ ដោយប្រើកាត់ធនាគាររបស់ថៃមកស៊ក ដើម្បីដកប្រាក់តែដកមិនបាន ក៏ទូនោះមិនខ្ជាក់កាត់មិនវិញ ធ្វើឲ្យជនបរទេសរូបនោះ ខឹងក៏វាយបំបែកកញ្ចក់ទូនោះតែម្តង។

ក្រោយធ្វើសកម្មភាពកម្លាំងសន្តិសុខប្រចាំការនៅទូ ATM នោះ ក៏បានរាយការណ៍ប្រាប់សមត្ថកិច្ចមូលដ្ឋានឲ្យចុះមកនាំខ្លួនបញ្ជូនទៅអធិការដ្ឋាននគរបាលខណ្ឌដូនពេញ ដើម្បីកសាងសំណុំរឿងតាមនីតិវិធី៕
