header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញៈ អ្នកនាំពាក្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) លោក ឌឹម សុវណ្ណារុំ បានថ្លែងនៅថ្ងៃពុធ ២រោច ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៨ ក្រោយបញ្ចប់ពិនិត្យទម្រង់សន្លឹកឆ្នោតដែលត្រូវបោះពុម្ព ជាមួយតំណាងគណបក្សនយោបាយទាំង២០ ថា ប្រជាពលរដ្ឋគូសញ្ញាអ្វីក្នុងប្រអប់សញ្ញា នៅលើសន្លឹកឆ្នោត គឺយកជាបានការទាំងអស់។

លោក ឌឹម សុវណ្ណារុំ បានប្រាប់ក្រុមអ្នកសារព័ត៌មានថា ការគូសធិច(√)គ្រាន់តែលើកទឹកចិត្តឲ្យពលរដ្ឋធិច ហើយតែធិចនៅកន្លែងប្រអប់៤ជ្រុងទ្រវែង នៅតែជាសន្លឹកឆ្នោតបានការ។

លោកបន្តថា “ប៉ុន្តែបើមិនធិចទេ ហើយពលរដ្ឋខ្លះពិបាកក្នុងការធិច ស៊ីញ៉េជាសញ្ញាជើងក្អែក(×) ឬគូសសញ្ញាអ្វីនៅក្នុងប្រអប់ទ្រវែងហ្នឹង នៅតែជាប្រអប់បានការដដែល”។

លោកបន្តថា បន្ទាប់ពីបញ្ចប់លើការពិនិត្យនេះ គ្រប់គណបក្សនយោបាយទាំង២០បានយល់ព្រមទៅតាមការសម្រេចរបស់ គ.ជ.ប ទោះបីជាពួកគាត់បានស្នើសុំកែតម្រូវនូវចំណុចខ្លះៗក៏ដោយ។ លោកថា សន្លឹកឆ្នោតនៅអាណត្តិនេះ ខុសពីអាណត្តិមុនបន្តិចផងដែរ។

លោក អ៊ុក គឹមហាន តំណាងគណបក្សប្រជាជន ក៏បានលើកពីចំណុចបន្តិចបន្តួចដើម្បីឲ្យ គ.ជ.ប​ កែតម្រូវផងដែរ ប៉ុន្តែក្នុងនាមលោកជាតំណាងគណបក្ស គឺលោកទទួលយកបានចំពោះទម្រង់នៃសន្លឹកឆ្នោត។

សូមរំលឹកថា ការបោះឆ្នោត ជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ ឆ្នាំ២០១៨ នាថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ ខាងមុខនេះ សន្លឹកឆ្នោតមួយសន្លឹកចំណាយថវិកាប្រមាណ៩៩០រៀល ដូច្នេះសន្លឹកឆ្នោតជាង១០លានសន្លឹកនេះ ចំណាយថវិកាសរុបជា១០ពាន់លានរៀល (១០,៤២០,៣៩៣,៥០០រៀល) ស្មើនឹងជាង ២.៦លានដុល្លារ ។

ជាមួយគ្នានេះដែរ រាជរដ្ឋាភិបាលបានត្រៀមកងកម្លាំងប្រមាណ៨ម៉ឺននាក់ ដើម្បីចូលរួមការពារសន្តិសុខ និងសណ្តាប់ធ្នាប់ ក្នុងអំឡុងពេលបោះឆ្នោតជាតិនាថ្ងៃទី២៩ ខែកក្កដា ខាងមុខ៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post