
ភ្នំពេញៈ រថយន្តធន់ធំមួយគ្រឿង បើកបោះពួយយ៉ាងលឿន ដោយខ្វះការប្រុងប្រយ័ត្ន រួចក៏ជ្រុលទៅបុករថយន្តមួយគ្រឿងទៀត ដែលបើកបត់មកបញ្ច្រាសទិសដៅចរាចរណ៍ បណ្តាលយុវជនម្នាក់ កៀបជាប់ក្នុងកាប៊ីនរថយន្ត ។
ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង១៖០០នាទីរំលងអធ្រាត្រ ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០១៨ ត្រង់ចំណុចខាងជើងច្រកចូលអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ប្រមាណ២០០ម៉ែត្រ តាមបណ្តោយផ្លូវហាណូយ ស្ថិតក្នុងសង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។

បើបើតាមសម្តីពីអ្នកបើកបររថយន្តរងគ្រោះ បានប្រាប់ភ្នាក់ងារ CAM POST ឲ្យដឹងថា នៅមុនពេលកើតហេតុ គាត់បានបើករថយន្តមួយគ្រឿង ម៉ាក ហ៊ីយ៉ាន់ដាយ ពណ៌ខៀវ ពាក់ស្លាកលេខ ក8251 ភព3 និងកូនប្រុសម្នាក់ រួមទាំងក្មួយប្រុសពីរនាក់ទៀត រួមដំណើរជាមួយ ធ្វើដំណើរតាមបណ្តោយផ្លូវហាណូយ ក្នុងទិសដៅពីត្បូងទៅជើង និងក្នុងល្បឿនយ៉ាងលឿន លុះមកដល់ចំណុចកើតហេតុ ស្រាប់តែមានរថយន្តមួយគ្រឿងទៀតមិនចាំម៉ាក ជាប្រភេទរថយន្តបាញ់បេតុង បានបើកឆ្លងមកពីផ្លូវម្ខាងទៀត រួចបើកបត់មកបញ្ច្រាសទិសដៅចរាចរណ៍ ហើយដោយគាត់ចាប់ហ្វ្រាំងមិនទាន់ ក៏ជ្រុលទៅបុកចំកង់ខាងក្រោយរថយន្តបាញ់បេតុងពេញទំហឹងបណ្តាលឲ្យកូនប្រុសរបស់គាត់ កៀបជាប់ក្នុងកាប៊ីនរថយន្ត ដោយបាក់ជើងទាំងសងខាង រីឯក្មួយប្រុសទាំង២នាក់ រួមទាំងគាត់រងរបួសស្រាលប៉ុណ្ណោះ ចំណែកឯរថយន្តរងការខូចខាតផ្នែកខាងមុខទាំងស្រុង ដោយឡែករថយន្តបាញ់បេតុង បានបើករត់គេចចេញពីកន្លែងកើតហេតុបាត់ស្រមោល ។

ក្រោយពេលកើតហេតុ យុវជនជនរងគ្រោះចំនួន៣នាក់ ដែលរួមដំណើរលើរថយន្តរងគ្រោះត្រូវបានរថយន្តសង្គ្រោះបន្ទាន់ដឹកយកទៅសង្គ្រោះនៅគ្លីនិកសម្ភពពន្លឺ ដោយឡែករថយន្តត្រូវបានអ្នកបើកបរទាក់ទងទៅសាច់ញាតិឲ្យមកយករថយន្តទៅជួលជុលដោយខ្លួនឯងបាត់ទៅ៕









វីដេអូ