
ថៃៈ វាពិតឈាមស្រែកស្បែកហៅមែន ឃាតកដែលចាក់សម្លាប់ពលករខ្មែរដូចគ្នា ក្រោយពីមានទំនាស់ពាក្សសម្ដីក្នុងវង់ផឹកស៊ី ត្រូវបានសមត្ថកិច្ចថៃ ចាប់ខ្លួនបានហើយ កាលពីវេលា៣៖៣០ នាទីរសៀលនៅថ្ងៃពុធ ៣រោច ខែពិសាខ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី ២ ខែឧសភា ឆ្នាំ២០១៨ នៅខេត្តសាមុតប្រាកាន ប្រទេសថៃ។

សូមរំលឹកថា ករណីមនុស្សឃាតនេះ កើតឡើងកាលពីវេលាម៉ោង៩៖៣០នាទីយប់ថ្ងៃអង្គារ ២រោច ខែពិសាខ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី១ ខែឧសភា ឆ្នាំ២០១៨ ស្ថិតនៅក្នុងបន្ទប់លេខ១៣ ក្នុងអាផាតមែន ( Apartment ) លេខ៧៨០/២២១ ក្នុងភូមិឡាតប្រាធីវ ស្រុកឡាតក្រាបាំង ក្រុងបាងកក ប្រទេសថៃ។

សមត្ថកិច្ចថៃ បានឲ្យដឹងថា ជនរងគ្រោះ ឈ្មោះ ចេង រ៉ាក់ ភេទប្រុស អាយុ ២៧ឆ្នាំ ជនជាតិខ្មែរ ជាពលករចំណាកស្រុក រស់នៅខេត្តកំពុងឆ្នាំង។ ចំណែកជនបង្កឈ្មោះ ពៅ សីហា ភេទប្រុស អាយុ២៨ឆ្នាំ ជនជាតិខ្មែរ ជាពលករចំណាកស្រុកដូចគ្នា រស់នៅក្នុងបន្ទប់ជាមួយគ្នា។

សមត្ថកិច្ចថៃ បានបន្តថា ករណីចាក់សម្លាប់គ្នាខាងលើនេះ បណ្តាលមកពីការទាស់ពាក្យសម្ដីគ្នាក្នុងវង់ផឹកស៊ី នៅចំណុចកើតហេតុខាងលើ ជនបង្កក៏បានយកដែកស្រួចប្រវែង៣២.៥សង់ទីម៉ែត្រ ចាក់ទៅលើជនរងគ្រោះចំនួន២ដង ចំក្បាលខាងឆ្វេង បណ្តាលឲ្យស្លាប់ភ្លាមៗ នៅនឹងកន្លែង បន្ទាប់ពីចាក់សម្លាប់រួច ជនសង្ស័យក៏បានរត់គេចខ្លួនបាត់ស្រមោល៕

