
ភ្នំពេញៈ នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានបន្ទោសធ្ងន់ៗ និងព្រមានដករដ្ឋមន្ត្រីរបស់ខ្លួន បើសិនជានៅតែមានការឈ្លោះប្រកែកខ្វែងគំនិតគ្នាក្នុងជួររាជរដ្ឋាភិបាល ជុំវិញហេតុការណ៍ប្រជាពលរដ្ឋស្លាប់ និងរងរបួសជាច្រើនរយនាក់ នៅខេត្តក្រចេះ កាលពីដើមខែឧសភា ឆ្នាំ២០១៨កន្លងទៅ។
ការបន្ទោស និងព្រមានយ៉ាងធ្ងន់ៗបែបនេះ នៅមុនពេលសម្ដេចចាប់ផ្ដើមកិច្ចប្រជុំគណៈរដ្ឋមន្ត្រី នាព្រឹកថ្ងៃសុក្រ ១១កើត ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០១៨ នៅទីស្ដីការគណៈរដ្ឋមន្ត្រី រាជធានីភ្នំពេញ។ សម្ដេចបញ្ជាក់ថា សម្ដេចមិនហាមឃាត់មិនឲ្យមានការស្រាវជ្រាវលើហេតុការណ៍ប្រជាពលរដ្ឋពុលនៅខេត្តក្រចេះនេះនោះទេ ប៉ុន្តែសម្ដេចស្នើឲ្យរដ្ឋមន្ត្រីក្រសួងទាំង៣ រួមមានក្រសួងសុខាភិបាល ក្រសួងឧស្សាហកម្ម និងសិប្បកម្ម និងក្រសួងរ៉ែ និងថាមពល បញ្ឈប់ការធ្វើការទាំងទទឹងទិស យកឈ្នះខ្លួនឯងដោយខ្វះការទទួលខុសត្រូវ ហើយសាចទឹកដាក់គ្នាបែបទៀត។
សូមស្ដាប់ប្រសាសន៍ទាំងស្រុងរបស់សម្ដេចតេជោ ហ៊ុន សែន ៖
សូមជម្រាបថា រដ្ឋមន្ត្រីក្រសួងចំនួន៣ រួមមានលោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល លោក ចម ប្រសិទ្ធ រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងសិប្បកម្ម និងលោក ស៊ុយ សែម រដ្ឋមន្ត្រីក្រសួងរ៉េ និងថាមពល កាលពីថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៨ បានធ្វើប្រកាសព័ត៌មានរួមគ្នា បញ្ជាក់ថា “ការពុលនៅភូមិស្រែនន និងភូមិអាលច ឃុំកន្ទួត ស្រុកចិត្របុរី ខេត្តក្រចេះ បណ្តាលមកពីស្រាស ដែលមានលក់ ឬផលិតនៅក្នុងមូលដ្ឋាន ហើយដែលមានសារធាតុមេតាណុល កម្រិតខ្ពស់ និងទឹកព្រែកទេ និងអូរគគី មានសារធាតុគីមី មានកំហាប់ខ្ពស់ ដែលបណ្តាលមកពីថ្នាំសម្លាប់ស្មៅ និងថ្នាំសម្លាប់សត្វល្អិត”។

ជុំវិញហេតុការណ៍នេះ ក្រសួងទាំង៣ បានខ្វែងគំនិតគ្នាក្នុងការរកឃើញមូលហេតុ ដែលបណ្ដាលឲ្យពលរដ្ឋរាប់រយនាក់ពុល។ ដំបូងឡើយ ក្រសួងសុខាភិបាលរកឃើញថា ករណីនេះ បណ្តាលមកពីការពុលស្រា និងមួយចំនួនទៀត សង្ស័យថា ពុលទឹកព្រែក ដែលប្រជាពលរដ្ឋបានប្រើប្រាស់ប្រចាំថ្ងៃ។ ប៉ុន្តែក្រោយមក លោក ចម ប្រសិទ្ធ បានចេញមកអះអាងថា ករណីពុលស្លាប់នៅក្នុងខេត្តក្រចេះនេះ គឺបណ្តាលមកពីសារធាតុស្យានីត ដែលគេប្រើប្រាស់សម្រាប់លាងរ៉ែមាសទៅវិញ។ តែមូលហេតុរបស់លោក ចម ប្រសិទ្ធ នេះ ត្រូវបានលោក ស៊ុយ សែម ទាត់ចោល ដោយបានអះអាងស្រដៀងរដ្ឋមន្ត្រីក្រសួងសុខាភិបាលថា ករណីពុលនេះ គឺបណ្តាលមកពីថ្នាំពុលសម្លាប់សត្វល្អិត ថ្នាំសម្លាប់ស្មៅ និងករណីមួយចំនួនទៀត គឺបណ្តាលមកពីពុលស្រា។

បើទោះជាបែបណាក្ដី រហូតមកទល់ពេលនេះ ក្រសួងទាំង៣ បានស្រុះស្រួលគ្នា ហើយអះអាងថា ពួកគេនឹងបន្តសហការគ្នា ដើម្បីបង្ការ ទប់ស្កាត់ និងជៀសវាង នូវបញ្ហាដែលកើតឡើងជាយថាហេតុ។
សូមបញ្ជាក់ថា កាលពីដើមខែឧសភាកន្លងទៅនេះ មានករណីពុលពលរដ្ឋនៅក្នុងភូមិចំនួន៤ ក្នុងឃុំកន្ទួត ស្រុកចិត្របុរី ខេត្តក្រចេះ ដោយអ្នកភូមិជាច្រើន មានរោគសញ្ញា ឈឺពោះ ក្អួតចង្អោរ ឈឺក អស់កម្លាំង ទន់ដៃទន់ជើង វិលមុខ និងថប់ដង្ហើម។ ករណីពុលនេះ បានសម្លាប់ប្រជាពលរដ្ឋចំនួន១៣នាក់ និងជាង២០០នាក់ទៀត ត្រូវបានបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ៕