header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញៈ លោក សម រង្ស៊ី សរសេរលិខិតមួយច្បាប់ថ្វាយព្រះមហាក្សត្រកុំធ្វើតាមអ្វីដែលរដ្ឋាភិបាល កំពុងតែស្នើព្រះអង្គឲ្យធ្វើអន្តរាគមន៍ជំរុញ​ប្រជាពលរដ្ឋឲ្យទៅបោះឆ្នោតថ្ងៃ២៩ កក្កដា ឆ្នាំ២០១៨ខាងមុខនេះ។ នេះបើតាមលោក អេង ឆៃអ៊ាង។

លោក អេង ឆៃអ៊ាង អតីតអនុប្រធានគណបក្សសង្គ្រោះជាតិ បានសរសេរលើបណ្តាញសង្គមហ្វេសប៊ុក បានឲ្យដឹងនៅថ្ងៃទី២៤ ឧសភា ឆ្នាំ២០១៨ថា កាលពីថ្ងៃទី២៣ ឧសភា ឆ្នាំ២០១៨លោក សម រង្ស៊ី​ ប្រធានចលនាសង្គ្រោះជាតិ បានសរសេរលិខិតមួយច្បាប់ថ្វាយព្រះមហាក្សត្រខ្មែរ ព្រះបាទ សម្តេចព្រះនរោត្តម សីហមុនី ដោយមានខ្លឹមសារដូចជា ព្រះករុណា ជាទីសក្ការៈទូលព្រះបង្គំ សូមព្រះរាជានុញ្ញាត សរសេរលិខិតនេះ ថ្វាយព្រះអង្គ ដើម្បីសូមស្នើព្រះអង្គ កុំធ្វើតាមអ្វី ដែលរដ្ឋាភិបាល និងគណបក្សប្រជាជនកម្ពុជា កំពុងតែស្នើព្រះអង្គឲ្យធ្វើអន្តរាគមន៍ ដើម្បីជំរុ​ញប្រជាពលរដ្ឋ ឲ្យទៅបោះឆ្នោតថ្ងៃ២៩ កក្កដា ខាងមុខនេះ។

លិខិតរបស់លោក សម រង្ស៊ី ក៏បានលើកឡើងថា នរណាក៏ដឹងដែរថា ការបោះឆ្នោតនោះ មិនមែនជាការបោះឆ្នោតមែនទែនទេ ដូចអ្វីដែលអ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិ លោកស្រីបណ្ឌិត រ៉ូណាស្មីត (Rhona Smith) បានបញ្ជាក់ក្នុងសេចក្តីថ្លែងការណ៍ របស់លោ កស្រី ចុះថ្ងៃ ៣០ មេសា ២០១៨ ថា "ការបោះឆ្នោតណាមួយ ដែលមិនមានការចូលរួមពីគណបក្សប្រឆាំងដ៏ធំជាងគេ គឺមិនមែនជាការបោះឆ្នោតពិតប្រាកដទេ"

លោកបន្តថា ការបោះឆ្នោតណា ដែលមិនមែនជាការបោះឆ្នោតពិតប្រាកដ គឺជាការបោះឆ្នោតក្លែងក្លាយ។ ការបោះឆ្នោតថ្ងៃ២៩ កក្កដា ខាងមុខនេះ ប្រកបដោយភាពចម្រូងចម្រាស់ និងភាពគ្រោះថ្នាក់ ពីព្រោះវាជាការរៀបចំ បន្តពីនយោបាយផ្តាច់ការ បង្ក្រាបប្រជាពលរដ្ឋ ដែលសហគមន៍អន្តរជាតិ បានថ្កោលទោសជាទូទៅ ហើយវាក៏កំពុងតែធ្វើឲ្យសង្គមជាតិប្រេះស្រាំ គួរឲ្យបារម្ភ។

ក្នុងកាលៈទេសៈបែបនេះ ព្រះមហាក្សត្រ មានតួនាទីប្រមូលផ្តុំ និងបង្រួបបង្រួមកូនចៅព្រះអង្គឡើងវិញ ដោយឈរលើគុណតម្លៃ និងគោលការណ៍ប្រកបដោយគតិយុត្តិធម៌ ដែលកូនចៅព្រះអង្គទាំងអស់គោរព ស្រឡាញ់ និងចង់បាន។ ព្រះ អង្គច្បាស់ជា ចងចាំថា ព្រះករុណាព្រះវររាជបិតា តែងតែមានព្រះរាជហឫទ័យ បង្រួបបង្រួមប្រជាជាតិខ្មែរទាំងមូល ជុំវិញព្រះអង្គ។ ឧទាហរណ៍ ដូចជានៅឆ្នាំ ១៩៩៨ និង ២០០៣ ព្រះអង្គបានបដិសេធ មិនយាងទៅបើកសម្ពោធរដ្ឋសភាថ្មីណាមួយ ដែលមិនមានវត្តមានអ្នកតំណាងរាស្ត្រជាប់ឆ្នោតមកពីគ្រប់គណបក្សនយោបាយទាំងអស់ ជាពិសេសគណបក្សហ្វ៊ុនស៊ីនប៉ិច និងគណបក្ស សម រង្ស៊ី។

លោកបញ្ជាក់ថា «ថ្មីៗនេះ តំណាងរាស្ត្រជាប់ឆ្នោត៥៥រូប និងសមាជិកក្រុមប្រឹក្សាឃុំ-សង្កាត់ជាប់ឆ្នោត ៥០០៧ រូប មកពីគណបក្សសង្គ្រោះជាតិ ត្រូវបានគេដកតំណែង ដោយរំលោភរដ្ឋធម្មនុញ្ញ ពីព្រោះគ្មាននរណាអាចដកតំណែង របស់តំណាងជាប់ឆ្នោត របស់ប្រជារាស្ត្របានទេ ក្រៅពីប្រជារាស្ត្រខ្លួនឯង តាមរយៈការបោះឆ្នោតថ្មីតែប៉ុណ្ណោះ។ ឥឡូវនេះ ប្រជាពលរដ្ឋពាក់កណ្តាលនគរ តំណាងដោយគណបក្សសង្គ្រោះជាតិ ត្រូវបានគេចងដៃចងជើង និងបំបិទមាត់»

លោកបន្ថែមថា ក្នុងកាលៈទេសៈបែបនេះ ការបោះឆ្នោត ថ្ងៃ២៩ កក្កដា ២០១៨ គឺគ្រាន់តែជាឆាកល្ខោនប៉ុណ្ណោះ។ ក្នុងស្ថានការណ៍ដ៏តានតឹងបែបនេះ ប្រជាពលរដ្ឋម្នាក់ៗ ត្រូវមានសិទ្ធិសម្រេចដោយខ្លួនឯងថា ខ្លួនគួរទៅបោះឆ្នោត ឬមិនគួរទៅបោះឆ្នោត ដោយអាស្រ័យថា ការបោះឆ្នោតនោះមានន័យ ឬគ្មានន័យ សម្រាប់ខ្លួនម្នាក់ៗ។ ដូច្នេះមិនត្រូវមាននរណាមកគាបសង្កត់ តាមផ្លូវកាយ ឬផ្លូវចិត្ត ក្នុងការធ្វើសេចក្តីសម្រេចរបស់ប្រជាពលរដ្ឋម្នាក់ៗ ដែលត្រូវយោងតែទៅលើសតិសម្បជញ្ញៈ របស់ប្រជាពលរដ្ឋម្នាក់ៗ។

រដ្ឋាភិបាល និងគណបក្សប្រជាជនកម្ពុជា ចាប់ផ្តើមដាក់សម្ពាធកាន់តែខ្លាំងឡើង មកលើប្រជា ពលរដ្ឋ ដើម្បីជំរុ​ញប្រជាពលរដ្ឋឲ្យចូលរួមក្នុងការបោះឆ្នោតមួយ ប្រកបដោយភាពចម្រូងចម្រាស់ពីព្រោះការបោះឆ្នោតនោះ កំពុងតែធ្វើឡើងដោយជាន់ឈ្លីលទ្ធិប្រជាធិបតេយ្យ ដើម្បីបម្រើតែផលប្រយោជន៍គណបក្សប្រជាជនកម្ពុជាប៉ុណ្ណោះ។

ព្រះមហាក្សត្រ ដែលជាទីគោរពរបស់ប្រជាពលរដ្ឋជាទូទៅ មិនត្រូវចូលរួមដាក់សម្ពាធបែបនេះ មកលើប្រជាពលរដ្ឋទេ។ សម្ពាធបែបនេះ កំពុងតែទទួលការផ្តន្ទាទោសពីប្រជាពលរដ្ឋមួយចំនួនធំ ដែលគាំទ្រគណបក្សសង្គ្រោះជាតិ ហើយតាំងចិត្តធ្វើ ពហិការ មិនចូលរួមក្នុងការបោះឆ្នោតក្លែងក្លាយថ្ងៃ២៩ កក្កដា ២០១៨។

លោកគ៏បានគូសបញ្ជាក់ថា «ទូលព្រះបង្គំ សូមសម្តែងកតញ្ញូតាធម៌ ចំពោះព្រះករុណា ដែលតែងតែអនុគ្រោះ ដល់ទូលព្រះបង្គំ ហើយក៏សូមសម្តែងការគោរពដ៏ជ្រាលជ្រៅជាទីបំផុត ចំពោះព្រះករុណា ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា»

សូមជម្រាបថា ការថ្វាយលិខិតដល់ព្រះមហាក្សត្រនេះ ស្របពេលដែលគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតបានកំពុងរៀបចំបញ្ជីឈ្មោះបេក្ខជនគណបក្សនយោបាយចំនួន២០ ដើម្បីចូលរួមប្រកួតប្រជែងការបោះឆ្នោត ជ្រើសតាំងអ្នកតំណាងរាស្ត្រអាណត្តិទី៦ឆ្នាំ២០១៨ខាងមុខនេះ៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post