header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញៈ ហេតុការណ៍សមត្ថកិច្ចមួយក្រុមធ្វើសកម្មភាពចាប់ និងវាយយុវជនម្នាក់ ដោយមិនដឹងមូលហេតុអ្វីច្បាស់លាស់  រួចចាប់អូសឡើងលើម៉ូតូកង់បីឥណ្ឌា ដឹកយកទៅទម្លាក់ចោល នៅក្នុងក្រសួងមហាផ្ទៃ បង្កឲ្យភ្ញាក់ផ្អើល កាលពីវេលាម៉ោង៧ និង៣០នាទី យប់ថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៨ ស្ថិតនៅតាមបណ្តោយផ្លូវលេខ៣៦០ កែងផ្លូវ១០៥ ស្ថិតក្នុងសង្កាត់បឹងកេងកងទី៣ ខណ្ឌចំការមន។

សាក្សីឃើញហេតុការណ៍ បានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញយុវជនម្នាក់ ត្រូវបានសមត្ថកិច្ចមានគ្នាប្រមាណ៤ទៅ៥នាក់ ស្លៀកពាក់ស៊ីវិល និងមានម្នាក់ពាក់ឯកសណ្ឋានប៉ូលិស សុទ្ធតែមានកាន់វិទ្យុទាក់ទង និងអាវុធ។ សាក្សីបន្តថា ពេលនោះសមត្ថកិច្ចទាំងនោះបានធ្វើសកម្មភាពចាប់ និងវាយយុវជនរូបនោះ រួចហើយចាប់អូសឡើងលើម៉ូតូកង់បីឥណ្ឌា និងបានយកទៅទម្លាក់ចោល នៅក្នុងក្រសួងមហាផ្ទៃ។

ស្ត្រីឈ្មោះ វត្តី អាយុ២៨ឆ្នាំ ត្រូវជាបងស្រីបង្កើតរបស់យុវជនរងគ្រោះបញ្ជាក់ថា រូបនាង និងស្វាមីបានទទួលទូរស័ព្ទពីប្រជាពលរដ្ឋនៅកន្លែងកើតហេតុប្រាប់ថា ប្អូនប្រុសរបស់នាងត្រូវ បានសមត្ថកិច្ចស្លៀកពាក់ស៊ីវិល និងម្នាក់ពាក់ឯកសណ្ឋានប៉ូ​លិសមានគ្នាប្រមាណ៤ទៅ៥នាក់ វាយ រួចហើយប្អូនប្រុសរបស់នាងបានរត់ចូលទៅក្នុងហាងមួយ ដែលនៅក្បែរកន្លែងកើតហេតុ ក៏ត្រូវសមត្ថកិច្ចទាំងនោះ ចូលទៅចាប់ដល់ក្នុងហាងនោះទៀត។

ស្ត្រីឈ្មោះ វត្តី ជាបងស្រីជនរងគ្រោះបន្តថា គ្រាន់តែឮដំណឹងនេះភ្លាម នាង និងស្វាមីបានជិះម៉ូតូមកដល់កន្លែងកើតហេតុ ប៉ុន្តែមិនឃើញប្អូនប្រុសនោះទេ ដោយគេប្រាប់ថា សមត្ថកិច្ចទាំងនោះយកទៅប៉ុស្តិ៍រដ្ឋបាលបឹងកេងកងទី៣ រួចហើយនាង និងស្វាមីក៏បានទៅកាន់ប៉ុស្តិ៍រដ្ឋបាលបឹងកេងកងទី៣  តែសមត្ថកិច្ចប៉ុស្តិ៍ម្នាក់នៅទីនោះ និយាយដោយខ្លីថា រឿងនេះការងាររបស់ខាងសមត្ថកិច្ចក្រសួងមហាផ្ទៃ ខាងប៉ុស្តិ៍អត់ដឹងទេ។

ស្ត្រីឈ្មោះ វត្តី បានបញ្ជាក់ទៀតថា ពេលសមត្ថកិច្ចប៉ុស្តិ៍រដ្ឋបាលបឹងកេងកងទី៣និយាយដូច្នេះ រូបនាង និងស្វាមី ក៏បានទៅដល់ក្រសួងមហាផ្ទៃ ប៉ុន្តែពេលទៅដល់ ឃើញតែប្អូនប្រុសរបស់នាងប៉ុណ្ណោះ កំពុងដេកហូរឈាមនៅលើម៉ូតូកង់បីឥណ្ឌាម្នាក់ឯង តែមិនឃើញសមត្ថកិច្ចដែលចាប់ខ្លួនប្អូនប្រុស របស់នោះទេ។ ខណៈនោះរូបនាង និងស្វាមីបាននាំប្អូនប្រុសមកសង្គ្រោះបន្ទាន់នៅឯមន្ទីរព្យាបាលបាយ័ន ដែលនៅជិតស្ពានអាកាសក្បាលថ្នល់។

សាក្សីនៅកន្លែងកើតហេតុបានឲ្យដឹងថា ក្នុងពេលកើតហេតុនោះ បើកុំតែបានប្រជាពលរដ្ឋនៅទីនោះជួយឃាត់ កុំអីប្រហែលជាសមត្ថកិច្ចទាំងនោះវាយយុវជនរូបនោះស្លាប់បាត់ទៅហើយ។

សូមបញ្ជាក់ថា ជនរងគ្រោះរងរបួសធ្ងន់ត្រង់ចិញ្ចើមខាងស្តាំ និងដៃមានជាប់ខ្នោះនៅឡើយពេលនាំមកដល់មន្ទីរពេទ្យ។ បន្ទាប់ពីគ្រូពេទ្យធ្វើការព្យាបាលរួច ក្រុមគ្រួសារយុវជនរងគ្រោះត្រូវបាននាំទៅកាន់មន្ទីរពេទ្យផ្សេង ដែលនៅក្បែរផ្ទះនៅឯចោមចៅ។ ក្រុមគ្រួសារយុវជនរងគ្រោះបានស្នើដល់សម្ដេច ឧបនាយករដ្ឋមន្រ្តី ស ខេង  រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ សុំជួយរកយុត្តិធម៌ដល់ជនរងគ្រោះផង ព្រោះក្រុមសមត្ថកិច្ចទាំងនោះ វាយជនរងគ្រោះរួច យកទៅដាក់ក្នុងក្រសួងមហាផ្ទៃតែម្ដង។

ពិសេសសូមជួយស្វែងរកមុខសមត្ថកិច្ចទាំងនោះយកមកដោះស្រាយតាមផ្លូវច្បាប់ផង កុំឲ្យអាងខ្លួនមានអំណាចបុណ្យស័ក្តិ ចង់វាយធ្វើបាបប្រជាជនតូចតាចស្រេចតែក្បាលចិត្តបែបនេះទៀត៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post