
តាកែវ ៖ ឯកឧត្តម អ៊ូច ភា បានមានប្រសាសន៍ថា ប្រាប់មន្រ្តីក្រោមឱវាទទាំងអស់ ត្រូវតែប្រឹងប្រែងបម្រើ ការងារទៅតាមតួនាទីភារកិច្ចរបស់ខ្លួនឯង ឲ្យបានខ្លាំងក្លាបន្ថែមទៀត ដើម្បីធ្វើ យ៉ាងណាឲ្យដំណើរការផ្ដល់ សេវាសាធារណៈជូនប្រជាពលរដ្ឋ នៅក្នុងដែនសមត្ថកិច្ចរបស់ខ្លួន ប្រកបទៅដោយគណេយ្យភាព តម្លាភាព និងមានប្រសិទ្ធិភាព។


ថ្លែងនៅក្នុងកិច្ចប្រជុំជាមួយការពង្រឹងតួនាទីភារកិច្ច របស់មន្រ្តីសាលាខេត្តតាកែវ នាព្រឹកថ្ងៃទី ១៨ ខែឧសភា ឆ្នាំ២០១៨ ឯកឧត្តម អ៊ូច ភា អភិបាលនៃគណអភិបាលខេត្តតាកែវ បានថ្លែងថា កន្លងមកមានការរិះគន់ពីប្រជាពលរដ្ឋ ចំពោះមន្រ្តីរាជការ សាលាខេត្តមួយចំនួនតូច ដែលអសកម្ម ការងារ ឬមានអាកប្បកិរិយាមិនសក្តិសម ជាអ្នកបំរើសេវា សាធារណៈជូនប្រជាពលរដ្ឋ ហើយក៏មាន មន្រ្តីខ្លះផ្អិបឯកសារទុកចោលផងដែរ ដូច្នោះបញ្ហាទាំងអស់ នេះមន្រ្តីទាំងអស់ត្រូវតែប្លាស់ប្ដូឥរិយាបទ ទាំងអស់នោះចោល។ ថ្នាក់ដឹកនាំខេត្តនិងធ្វើការត្រួតពិនិត្យ និងកែលម្អឡើងវិញនូវយន្តការផ្ដល់សេវា នៅសាលាខេត្តនិយាយជារួម យើងត្រូវតែមានមន្រ្តីប្រចាំការ សម្រាប់ផ្ដល់សេវា ជូនប្រជាពលរដ្ឋប្រកប ដោយការពេញចិត្តពីប្រជាពលរដ្ឋ។ ដោយឡែករាល់ លិខិតស្នាម និងឯកសានានាដែលចូលមក សាលាខេត្ត ត្រូវតែឆ្លងកាត់ការត្រួតពិនិត្យពីការិយាល័យ ជំនាញ ឲ្យបានច្បាស់លាស់។
ឯកឧត្តម អ៊ូច ភា អភិបាលខេត្តតាកែវ បានសង្កត់ធ្ងន់ថា ចាប់ពីថ្ងៃនេះតទៅខ្ញុំបញ្ជាកុំឲ្យមាន ជាដាច់ខាត នូវរាល់ការចរាចរលិខិតរដ្ឋបាលមួយចំនួន ដែលមិនបានគោរពទៅតាមច្បាប់រដ្ឋបាល ដែលបានកំណត់នៅក្នុងច្បាប់ ហើយលិខិតទាំងអស់នោះ ត្រូវតែឆ្លងកាត់ទៅតាមថនានុក្រម។
ឆ្លៀតនៅក្នុងឱកាសនោះ ឯកឧត្តមអភិបាលខេត្តតាកែវ ក៏បានថ្លែងអំណរគុណដល់មន្រ្តី រាជការ សាលាខេត្ត ដែលកន្លងមកខិតខំបំរើការងារបានល្អប្រសើរ បើទោះបីជាមិនបានល្អ១រយ ភាគរយយ៉ាងណាក៏ដោយ។ និយាយជារួមគ្មានរដ្ឋបាលណា ដែលធ្វើកិច្ចការបានល្អឥតខ្ចោះនោះទេ។ ការងារ ដែលមន្រ្តីយើងបានប្រឹងបំពេញកន្លងមក បានធ្វើឲ្យប្រជាពលរដ្ឋកាន់តែជំនឿចិត្ត លើការដឹក នាំ របស់រដ្ឋបាលខេត្ត ជាពិសេសធ្វើអោយពលរដ្ឋបោះឆ្នោតគាំទ្រ គណបក្សកាន់អំណាចនៅក្នុង ខេត្តតាកែវ កើនឡើងប្រមាណជាង៥ម៉ឺនសំឡេង នៅក្នុងការបោះឆ្នោតឃុំសង្កាត់កន្លងមក៕









