Sponsor
អាម៉ាប៉ាប៉ាញ៉ូស

កោះកុងៈ ក្មេងប្រុសអាយុ១២ឆ្នាំម្នាក់ បានស្លាប់ ខណៈពេលបញ្ជូនទៅសង្គ្រោះនៅឯមន្ទីរពេទ្យ បន្ទាប់ពីនាំគ្នាដើរទៅទិញនំក្បែរផ្ទះ ជាមួយមិត្តភ័ក្ដ២-៣ទៀត តែត្រូវបានជនមិនស្គាល់មុខ លួចចាក់សម្លាប់ចំក្រោមដោះខាងឆ្វេង ដែលបង្កការភ្ញាក់ផ្អើលទាំងយប់។

ករណីឃាតកម្មទាំងយប់នេះ បង្កការភ្ញាក់ផ្អើលយ៉ាងខ្លាំងនៅវេលាម៉ោង៧៖២០នាទីយប់ ថ្ងៃសៅរ៍​ ១៣រោច ខែពិសាខ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី១២ ខែឧសភា​ ឆ្នាំ២០១៨នេះ​ ត្រង់ចំណុចភូមិ៤ ស្ថិតក្នុងសង្កាត់ដងទង់ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង​។

សមត្ថកិច្ចឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ ចាន់ ហាក់ ភេទប្រុស អាយុ១២ឆ្នាំ មានទីលំនៅភូមិ២ សង្កាត់ដងទង់ ក្រុងខេមរភូមិន្ទ បានស្លាប់នៅពេលបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកខេត្តកោះកុង។

សមត្ថកិច្ចបន្តថា ​ដំបូងឡើយ ក្មេងរងគ្រោះ និងមិត្តភ័ក្ដ២-៣នាក់ទៀត បាននាំគ្នាដើរទៅទិញនំនៅក្បែរផ្ទះមុខសញ្ញា (ជនដៃដល់) ហើយក៏ត្រូវមុខសញ្ញាចេញមកចាក់បណ្ដាលឲ្យរងរបួស និងបង្កការភ្ញាក់ផ្អើល។ ភ្លាមៗ ជនរងគ្រោះត្រូវបានបញ្ជូនទៅសង្គ្រោះអាយុជីវិតនៅមន្ទីរពេទ្យដែរ ប៉ុន្តែអកុសល្យបានស្លាប់ពេលបញ្ជូនដល់មន្ទីរពេទ្យ។

ជនបង្កបានរត់គេចខ្លួនបាត់ ក្រោយពីធ្វើសកម្មភាពរួច ខណៈដែលសមត្ថកិច្ចជំនាញកំពុងធ្វើការស្រាវជ្រាវ ដើម្បីកំណត់មុខសញ្ញា និងឈានដល់ការឃាត់ខ្លួនយកមក​ផ្ដន្ទាទោស​តាមច្បាប់​។ ចំណែកសពត្រូវបានសមត្ថកិច្ចប្រគល់ឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណ៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor