
ភ្នំពេញ៖ បន្ទាប់ពីមានចាប់ខ្លួនគ្រូបង្រៀនម្នាក់ ករណីបង្ហោះសារប្រមាថអង្គព្រះមហាក្សត្រ នៅលើបណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុក ដែលត្រូវបានកំម្លាំងសមត្ថកិច្ចក្រុងស្ទឹងសែន ខេត្តកំពង់ បានធ្វើការឃាតខ្លួន បានកាលពីថ្ងៃទី ១២ ខែឧសភា ឆ្នាំ២០១៨ ។


ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន បានបង្ហោះសារ នៅលើបណ្ដាញទំនាក់ទំនង សង្គម FaceBook ផ្លូវការ នៅថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០១៨នេះ ពីប្រទេសឥណ្ឌា ដោយធ្វើការដាស់តឿនដល់ សារព័ត៌មានក្នុងស្រុកទាំងអស់ថា ៖ ( ខ្ញុំបាទយល់ថា សារព័ត៌មានទាំងឡាយ ថ្ងៃក្រោយ មិនគួរយកសារដែលមានលក្ខណៈប្រមាថព្រះមហាក្សត្រ ឬថ្នាក់ដឹកនាំមកចុះផ្សាយទេ គ្រាន់តែផ្សាយថា ចាប់ខ្លួនពីបទជេរប្រមាថព្រះមហាក្សត្រ ឬថ្នាក់ដឹកនាំបានហើយ។ បើផ្សាយសារនោះលើសារព័ត៌មានរបស់ខ្លួន គឺហាក់ដូចជាជួយផ្សព្វផ្សាយសារនោះឲ្យជនល្មើស ដូច្នោះដែរ ។ នេះគ្រាន់តែជាយោបល់មួយជ្រុងតូចរបស់ខ្ញុំបាទទេ បើខុសឆ្គង ឬមិនត្រូវតាម វិជ្ជាជីវៈសារព័ត៌មាន សូមមេត្តា អធ្យាស្រ័យ។ សូមអរគុណ។ )

សូមបញ្ជាក់ដែរថា បើយោងតាម ក្រមព្រហ្មទណ្ឌ នៃព្រះរាជាណាចក្រកម្ពុជា ដែលទើបនឹងត្រូវបានវិសោធនកម្មថ្មីៗនេះ បានបន្ថែមមាត្រាកំណត់ទោសប្រមាថអង្គ ព្រះមហាក្សត្រ ត្រង់ជំពូកទី១ មាតិកាទី១ នៃគន្ថីទី៤ មាត្រាស្ទូន៤៣៧ថ្មី បានចែងថា «ការប្រមាថចំពោះអង្គព្រះមហាក្សត្រ ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី០១ឆ្នាំ ទៅ០៥ឆ្នាំ និងពិន័យជាទឹកប្រាក់ពី ២លានរៀល ទៅ១០លានរៀល»។
ចំពោះនីតីបុគ្គលក៏អាចត្រូវបានផ្តនា្ទទោស ពិន័យជាប្រាក់ ១០លានរៀល ទៅ៥០លានរៀល ព្រមទាំងទោសបន្ថែមមួយ ឬច្រើន ក្នុងករណីដែលតុលាការរកឃើញថា មានពិរុទ្ធភាពពាក់ព័ន្ធនឹងការប្រមាថចំពោះអង្គព្រះមហាក្សត្រ៕




