Sponsor
អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញៈ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងថា លោក សម រង្ស៊ី អតីតប្រធានគណបក្សសង្គ្រោះជាតិ និងជាប្រធានចលនាសង្គ្រោះជាតិ តែងតែអំពាវនាវ មិនឲ្យពលរដ្ឋទៅបោះឆ្នោត ខណៈបក្សខ្លួនគ្មានវត្តចូលរួមប្រកួតប្រជែងបោះឆ្នោត នៅថ្ងៃទី២៩ ខែកក្ដដា ឆ្នាំ២០១៨ខាងមុខនេះ ។

នៅក្នុងពិធីបើកការដ្ឋានពង្រីក និងលើកកម្រិតគុណភាព កំណាត់ផ្លូវជាតិលេខ៣ នៅថ្ងៃទី៧ ខែឧសភា ឆ្នាំ២០១៨នេះ សម្ដេច ហ៊ុន សែន ថា ការអំពាវនាវ មិនឲ្យពលរដ្ឋទៅបោះឆ្នោត ជាការបំពានសិទ្ធិរបស់ប្រជាពលរដ្ឋ ។

សម្ដេចបន្ដថា មានប្រទេសជាច្រើនកំពុងមានទំនាក់ទំនងល្អ និងកំពុងធ្វើការជាមួយកម្ពុជា ដោយភាពស្និតស្នាលគ្នា មិនដូចជាការលើកឡើង របស់អតីតមេបក្សប្រឆាំងនោះទេ ។

សម្ដេច ហ៊ុន សែន ថា “អតីតមេបក្សប្រឆាំង លោក សម រង្ស៊ី តែងតែអំពាវនាវ មិនឲ្យពលរដ្ឋ ទៅបោះឆ្នោត ខណៈបក្សខ្លួនគ្មានវត្ត ចូលរួមប្រកួតប្រជែងបោះឆ្នោត” ។

សម្តេចបន្តថា អតីតមេបក្សប្រឆាំង ដែលកំពុងដើរញុះញង់នៅក្រៅប្រទេសស្ទើរភ្លើងពេក ហើយ ព្រោះអ្នកឯងមិនទាន់ស្គាល់ និងយល់អ្វីដែលហៅថា សហគមន៍អន្តរជាតិទេ ហើយក៏មិនទាន់ចេះនយោបាយការបរទេសផងដែរ ។

សម្តេចនាយករដ្ឋមន្រ្តី បន្ថែមថា “គេមិនទាន់ផ្តាច់ទូតពីកម្ពុជាណា មានអ្នកខ្លះនិយាយទៀតថា គេនឹងដកកៅអីអង្គការសហប្រជាជាតិទៅឲ្យក្រុមប្រឆាំង អានេះបើថា ឆ្កួតឲ្យឆ្កួតម្នាក់ឯង ទៅ” ។

សម្តេចតេជោ បានឲ្យដឹងទៀតថា ដកឯណាបើថ្មីៗនេះកម្ពុជា ទើបតែបញ្ជូនកងទ័ពក្រោមឆ័ត្រ អង្គការសហប្រជាជាតិ ហើយអង្គការអន្តរជាតិមួយនេះ កំពុងត្រូវការកម្លាំងកាន់តែច្រើនពីកម្ពុជា ។

ប្រមុខរាជរដ្ឋាភិបាល អះអាងទៀតថា “រហូតទៅដល់ថា គេនឹងមកចាប់លោក ហ៊ុន សែន ទៀតផង អ្នកណាក្បាលប៉ាន់ដែកហ៊ានចាប់ខ្លួន ហ៊ុន សែន បើហ៊ុន សែន បញ្ជាកម្លាំងទាំងអស់ នៅក្នុងប្រទេសកម្ពុជា។ ប្រជាជនមានការគាំទ្រ បើគ្មានប្រជាជន គាំទ្រទេ ខ្ញុំមិនអាចឈរនិយាយនៅកន្លែងនេះទេ” ។

សម្តេចនាយករដ្ឋមន្រ្តី អះអាងថា មិនតម្រូវឲ្យមានការទទួលស្គាល់ពីអង្គការសហប្រជាជាតិ និងពីប្រទេសណានោះទេ គឺតម្រូវការធំបំផុតពលរដ្ឋចូលរួមបោះឆ្នោតគ្រប់គ្រាន់ ។

សម្តេចបញ្ជាក់ថា “អ្នកខ្លះតាំងខ្លួនថា បើសិទ្ធិជាគណបក្ស គេមិនបានចូលរួមបោះឆ្នោត សហគមន៍អន្តរជាតិ មិនទទួលស្គាល់។ ខ្ញុំចង់និយាយថា អ្វីទៅជាសហគមន៍អន្តរជាតិ សុំផ្តល់ជាចម្លើយឲ្យបានត្រឹមត្រូវ អ្នកជាតួអង្គពិតប្រាកដ នៃសហគមន៍អន្តរជាតិ ដើម្បីកុំអីតិច សហគមន៍អន្តរជាតិថា មិនទទួលស្គាល់។ មានប្រទេសច្រើនណាស់គាំទ្ររាជរដ្ឋាភិបាល និងបន្តធ្វើការងារជាមួយរាជរដ្ឋាភិបាលសព្វថ្ងៃ” ។

កាលពីថ្ងៃទី៦ ឧសភា លោក សម រង្ស៊ី បានលើកឡើង ក្នុងបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុកថា “ខាងសង្គ្រោះជាតិវិញ យើងត្រូវប្តូរយុទ្ធវិធីរបស់យើង ដោយធ្វើពហិការ មិនចូលរួមការបោះឆ្នោតក្លែងក្លាយ។ ថ្ងៃ២៩ កក្កដាខាងមុខ នៅផ្ទះ កុំទៅបោះឆ្នោត គឺធានាឲ្យអ្នកប្រជាធិបតេយ្យ និងអ្នកស្នេហាជាតិ ឈ្នះយ៉ាងងាយ”៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor