
នៅព្រឹកថ្ងៃពុធ ២កើត ខែជេស្ឋ ឆ្នាំច សំរិទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៨នេះ លោក កោ វណ្ឌី ចៅក្រមជំនុំជម្រះ នៃសាលាដំបូងរាជធានីភ្នំពេញ បានបើកសវនាការជំនុំជម្រះសំណំុរឿងនគរបាលស័ក្តិ៤ នៃនាយកដ្ឋានប្រឆាំង បទល្មើស បច្ចេកវិទ្យាម្នាក់ ដែលប្រើហិង្សាដោយវាយទាត់ធាក់មន្ត្រីនគរបាលចរាចរណ៍ជាប់កិច្ចសន្យា សាលារាជធានីភ្នំពេញ កាលពីដើមឆ្នាំ២០១៨កន្លងទៅ។ លោកចៅក្រមបានសម្រេចថា នឹងប្រកាសសាលក្រមនៅថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០១៨ខាងមុខវិញ។
ជនសង្ស័យក្នុងសំណំុរឿងជាមន្ត្រីនគរបាលសក្តិ៤ ឈ្មេាះ សៅ បញ្ញា ត្រូវបានតំណាងអយ្យការចោទប្រកាន់ពីបទ «ហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស» តាមមាត្រា២១៧ ,២១៨ និង៦១៤ នៃក្រមព្រហ្មទណ្ឌ ប្រព្រឹត្តិទៅនៅចំណុចផ្លូវ៥៩៨ កែង៣១៥ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែែនសុខ

នៅក្នុងសវនាការ ជនជាប់ចោទបានឆ្លើយថា មូលហេតុដែលខ្លួន ទៅវាយទាត់ធាក់ជនរងគ្រោះ ព្រោះចង់ជម្រះបញ្ជីចាស់ ដែលមានទំនាស់កាលពីថ្ងៃទី០៨ ខែមករា ឆ្នាំ២០១៨ មុនថ្ងៃកើតហេតុមួយថ្ងៃ។ នៅក្នុងសវនាការ ជនរងគ្រោះមិនបានទាមទារសំណងអ្វីទៀតទេដោយសារតែ ទទួលសំណងក្រៅប្រព័ន្ធតុលាការ និងដកពាក្យបណ្តឹងរួចហើយ។

សូមរំលឹកថា សកម្មភាពរបស់មន្ត្រីនគរបាលរូបនេះ ត្រូវបានមហាជនរិះគន់ថា ជាទង្វើអសីលធម៌ ដែលបានប្រើអំពើហិង្សាក្នុងបទល្មើសជាក់ស្តែង មិនត្រឹមតែមជ្ឈដ្ឋានមហាជននៅម្តុំស្តុបត្រឡោកបែក បានឃើញផ្ទាល់ភ្នែកប៉ុណ្ណោះទេ ប៉ុន្តែក៏ត្រូវបានមហាជនប្រើបណ្ដាញសង្គមហ្វេសប៊ុក ផ្តិតយករូបភាពទៅបង្ហោះចែករំលែកតៗគ្នាជាសាធារណៈ ជាមួយនឹងការរិះគន់ដោយសម្តីធ្ងន់ៗផងដែរ។

ពាក់ព័ន្ធនឹងករណីនេះ សមត្ថកិច្ចជំនាញបានធ្វើការស្រាវជ្រាវរហូតឈានទៅឃាត់ខ្លួនមន្ដ្រីនគរបាលអសីលធម៌រូបនោះ ដែលមានឈ្មោះ សៅ បញ្ញា ភេទប្រុស អាយុ៣៣ឆ្នាំ ជាមន្ត្រីបម្រើការនៅការិយាល័យរដ្ឋបាលសរុប នៃនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា នៃអគ្គស្នងការដ្ឋាននគរបាលជាតិ។

អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ នាយឧត្តមសេនីយ៍ ជួន សុវណ្ណ ប្រាប់អង្គភាពសារព័ត៌មាន Cam Post នៅយប់ថ្ងៃអង្គារ ៨រោច ខែបុស្ស ឆ្នាំរការ នព្វស័ក ព.ស២៥១ ត្រូវនឹងថ្ងៃទី៩ ខែមករា ឆ្នាំ២០១៨នេះថា មន្ត្រីនគរបាលពាក់ស័ក្ដិ៤ ដែលបានប្រើអំពើហិង្សាលើមន្ត្រីនគរបាលចរាចរណ៍ នៅម្ដុំស្តុបត្រឡោកបែកនោះ មានឋានន្តរស័ក្ដិថ្នាក់អនុសេនីយ៍ឯក (ស័ក្ដិ៣) ជាមន្ត្រីបម្រើការនៅការិយាល័យរដ្ឋបាល នៃនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ត្រូវបានចាប់ខ្លួននៅម៉ោង១០ព្រឹកថ្ងៃអង្គារនេះ។

បើតាមអគ្គស្នងការរងរូបនេះ នាយឧត្តមសេនីយ៍ នេត សាវឿន បានដាក់បទបញ្ជាដាច់ខាត ត្រូវតែចាប់ខ្លួនមន្ត្រីនគរបាលជនដៃដល់ ដើម្បីចាត់ការតាមច្បាប់ ពោល គឺដាច់ខាតត្រូវតែចាប់បញ្ជូនទៅតុលាការ ដោយគ្មានការលើកលែងឡើយ។ លោកថា នៅព្រឹកថ្ងៃស្អែក មន្ត្រីនគរបាលជំនាញ នឹងបញ្ជូនជនសង្ស័យទៅតុលាការក្រុងភ្នំពេញហើយ។
នាយឧត្តមសេនីយ៍ ជួន សុវណ្ណ ៖ “ដោយឃើញទង្វើហួសហេតុហ្នឹងហើយ បានជាយើងចាប់ខ្លួន និងចាត់ការតាមច្បាប់…ហើយនាយឧត្តមសេនីយ៍ នេត សាវឿន ដាក់បញ្ជាថា ដាច់ខាតត្រូវតែចាប់បញ្ជូនទៅតុលាការ ដោយមិនលើកលែងឲ្យនោះឡើយ”។