
ភ្នំពេញៈ លោក យ៉ែម បុញ្ញឬទ្ធិ អតីតអ្នកនាំពាក្យ គណបក្សសង្រ្គាះជាតិ (CNRP) បានសរសេរថា ការបោះឆ្នោត ជ្រើសរើសតំណាងរាស្ដ្រអាណត្តិទី៦ នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ខាងមុខនេះ គ្រាន់តែមានគណបក្សច្រើនចូលរួមការបោះឆ្នោត មិនមែនមានន័យថា ឆ្លុះបញ្ចាំងទឹកចិត្តរបស់ប្រជាពលរដ្ឋនោះទេ។
គណៈកម្មាធិការជាតិ រៀបចំការបោះឆ្នោត (គ.ជ.ប) បានឲ្យដឹងថា មានគណបក្សចំនួន២០ បានដាក់ពាក្យចុះឈ្មោះនៅ គ.ជ.ប ។
ចំណែកអ្នកនាំពាក្យបក្សកាន់អំណាច (CPP) លោក សុខ ឥសាន បានបញ្ជាក់ថា នៅថ្ងៃបោះឆ្នោត ថ្ងៃទី២៩ កក្កដា ទោះបីមិនមានវត្តមាន គណបក្សសង្រ្គាះជាតិ ចូលរួមប្រកួតប្រជែង ក៏នៅមានបក្សប្រឆាំងច្រើនទៀត ចូលរួមប្រកួតប្រជែងដែរ។
យោងតាមលោក យ៉ែម បុញ្ញឬទ្ធិ សរសេរនៅលើហ្វេសប៊ុករបស់លោក នៅថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៨ថា “ឆ្លុះបញ្ចាំងពីទឹកចិត្តរបស់ប្រជាពលរដ្ឋ ក្នុងការសម្រេចទៅចូលរួម ការបោះឆ្នោតដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌ គឺសំដៅទៅលើការចូលរួម របស់គណបក្ស ដែលគាត់ធ្លាប់គាំទ្រ យ៉ាងច្រើនកុះករ ក៏ប៉ុន្តែឆន្ទៈរបស់ប្រជាពលរដ្ឋនោះ ត្រូវបានរំលាយ ដោយបំពានទៅវិញ ដូច្នេះការបោះឆ្នោតមួយ ដោយគ្រាន់តែមាន គណបក្សច្រើនចូលរួម មិនមែនមានន័យថា ឆ្លុះបញ្ចាំងទឹកចិត្តរបស់ប្រជាពលរដ្ឋនោះទេ”។

លោកបន្ដថា ការឆ្លុះបញ្ចាំងពីទឹកចិត្ត របស់ពលរដ្ឋគឺអ្វីដែលពលរដ្ឋ បានសម្រេចប្រគល់ទៅឲ្យគណបក្សណាមួយ ដើម្បីទៅបំពេញការងារ ក្នុងកិច្ចការអ្វីមួយក្នុងសង្គមជាតិ ដូចឆ្នាំ២០១៣ និងឆ្នាំ២០១៧ ជាការឆ្លុះបញ្ចាំង ពីទឹកចិត្តរបស់ពលរដ្ឋ ចង់បានការផ្លាស់ប្តូរជាវិជ្ជមាន ដោយបានចូលរួមបោះឆ្នោត គាំទ្រអតីតគណបក្សសង្គ្រោះជាតិ។
ជាមួយគ្នានេះផងដែរ យោងតាមគេហទំព័រហ្វេសប៊ុក របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានលើកឡើងថា “ទន្ទឹមនឹងនេះដែរ បើយើងប្រៀបធៀបភាគរយ នៃការចូលរួមបោះឆ្នោតពី សំណាក់ប្រជាពលរដ្ឋរវាង ប្រទេសកម្ពុជានិងសហគមន៍អឺរ៉ុប និងសហរដ្ឋអាមេរិក គឺអ៊ឺរ៉ុបមានប្រជាពលរដ្ឋ ទៅបោះឆ្នោតក្នុងរង្វង់៣០% ក៏អាចទទួលយកបាន ។ រីឯសហរដ្ឋអាមេរិកគឺ មានពលរដ្ឋទៅបោះឆ្នោត តែក្នុងរង្វង់៤០% ប៉ុណ្ណោះ ។ ប៉ុន្តែចំពោះកម្ពុជា គឺមានពលរដ្ឋជាង៦៩%ទៅបោះឆ្នោត ”៕