
កំពង់ធំៈ នាយកសាលាម្នាក់ ដែលបង្ហោះសារប្រមាថព្រះចេស្តា ព្រះមហាក្សត្រ នៅលើបណ្តាញសង្គម Facebook ត្រូវបានតុលាការខេត្តកំពង់ធំ សម្រេចឃុំខ្លួនជាបណ្តោះអាសន្នហើយ នៅល្ងាចថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០១៨នេះ បន្ទាប់ពីសួរនាំរួច។
សមត្ថកិច្ចឲ្យដឹងថា ជនសង្ស័យឈ្មោះ ឃាង ណាវី អាយុ៥០ឆ្នាំ មានមុខរបរជានាយកសាលាបឋមសិក្សាព្រៃតាហ៊ូ ក្នុងសង្កាត់ព្រៃតាហ៊ូ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន កាលពីថ្ងៃទី១២ ខែឧសភា ឆ្នាំ២០១៨ បន្ទាប់ពីបង្ហោះខ្លឹមសារមួយប្រមាថដល់ព្រះចេស្តា ព្រះមហាក្សត្រ។

យោងតាមដីកាបង្គាប់ឲ្យឃុំខ្លួនរបស់លោក ឃន កុសល ប្រធានសាលាដំបូង និងជាចៅក្រមស៊ើបសួរ នៃសាលាដំបូងខេត្តកំពង់ធំ ឲ្យដឹងថា តុលាការ បានសម្រេចចោទប្រកាន់បុគ្គលរូបនេះ ពីបទប្រមាថចំពោះអង្គព្រះមហាក្សត្រ តាមមាត្រា៤៣៧ (ស្ទួន) នៃច្បាប់ស្តីពីវិសោធនកម្មក្រមព្រហ្មទណ្ឌ។

បើតាមវរសេនីយឯក ញ៉ែម ឈុនលី អធិការនគរបាលក្រុងស្ទឹងសែន ឲ្យដឹងថា ជននេះ បានប្រមាថព្រះមហាក្សត្រ នៅលើបណ្តាញសង្គម Facebook ដោយប្រើប្រាស់គណនីឈ្មោះ «គ្រូ ប្រពន្ធសរ» ដើម្បីបង្ហោះខ្លឹមសារល្មើសច្បាប់។
យោងតាមក្រមព្រហ្មទណ្ឌ នៃព្រះរាជាណាចក្រកម្ពុជា ដែលទើបនឹងត្រូវបានវិសោធនកម្មថ្មីៗនេះ បានបន្ថែមមាត្រាកំណត់ទោសប្រមាថអង្គព្រះមហាក្សត្រ ត្រង់ជំពូកទី១ មាតិកាទី១ នៃគន្ថីទី៤ មាត្រាស្ទូន៤៣៧ថ្មី ដោយបានចែងថា «ការប្រមាថចំពោះអង្គព្រះមហាក្សត្រ ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី១ឆ្នាំ ទៅ៥ឆ្នាំ និងពិន័យជាទឹកប្រាក់ពី ២លានរៀល ទៅ១០លានរៀល»។

ចំពោះនីតីបុគ្គលក៏អាចត្រូវបានផ្តនា្ទទោស ពិន័យជាប្រាក់ ១០លានរៀល ទៅ៥០លានរៀល ព្រមទាំងទោសបន្ថែមមួយ ឬច្រើន ក្នុងករណីដែលតុលាការ រកឃើញថា មានពិរុទ្ធភាពពាក់ព័ន្ធនឹងការប្រមាថចំពោះអង្គព្រះមហាក្សត្រ៕