Sponsor
អាម៉ាប៉ាប៉ាញ៉ូស

ឧត្តរមានជ័យៈ មនុស្សក្មេងចាស់ប្រុសស្រីចំនួន៤នាក់ បានស្លាប់ភ្លាមៗ ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តបាឡែន និងម៉ូតូហុងដាឌ្រីមសង់ ធ្វើដំណើរក្នុងទិសដៅបញ្ច្រាសគ្នា ទាំងកណ្ដាលថ្ងៃត្រង់។ យ៉ាងណា រហូតមកទល់ម៉ោង៥ល្ងាចនេះ សមត្ថកិច្ចនៅមិនទាន់ស្រាវជ្រាវរកឃើញអត្តសញ្ញាណអ្នកស្លាប់នៅឡើយទេ។

មន្ត្រីនគរបាលលោក ធៀប សារៀត នៃអធិការដ្ឋាននគរបាលក្រុងសំរោង ប្រាប់អង្គភាពសារព័ត៌មាន Cam Post ឲ្យដឹងមុននេះបន្តិចថា គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់នេះ បានកើតឡើងកាលពីវេលាម៉ោង១២៖៣០នាទី ថ្ងៃត្រង់ ថ្ងៃច័ន្ទ ១៥រោច ខែពិសាខ ឆ្នាំច សំរឹទ្ធិស័ក ឆ្នាំ២៥៦២ ត្រូវនឹងថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០១៨ រវាងរថយន្តធុនតូច និងម៉ូតូ ក្នុងទិសដៅច្រាស់គ្នាពីកើតនៅលិច នៅលើកំណាត់ផ្លូវជាតិលេខ៦៨ ចន្លោះគីឡូម៉ែត្រលេខ៧៩-៨០ ស្ថិតក្នុងភូមិកណ្តែក សង្កាត់សំរោង ក្រុងសំរោង ខេត្តឧត្តរមានជ័យ បណ្តាលឲ្យមនុស្សស្លាប់៤នាក់ (ស្រី២នាក់) នៅកន្លែងកើតហេតុ។

បើតាមសមត្ថកិច្ចដដែល អ្នកបើករថយន្តបង្កម៉ាក កាមរីបាឡែន ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2K-6462 មានឈ្មោះ ស្រីម វី ភេទប្រុស អាយុ៣១ឆ្នាំ រស់នៅភូមិព្រែកយួន ឃុំកៀនជ្រៃ ស្រុកកំពង់សៀម ខេត្តកំពង់ចាម (គ្មានរបួស)។ ចំណែកភាគីម៉ូតូម៉ាក ហុងដាឌ្រីម ធុនសេ១២៥ ស៊េរីឆ្នាំ២០១៨ ពណ៌ខ្មៅ ពាក់ស្លាកលេខ ឧត្តរមានជ័យ 1D-5202 អ្នកបើកបរ និងអ្នករួមដំណើរទាំង៤នាក់ ដែលស្លាប់នោះ ពុំទាន់ស្រាវជ្រាវរកឃើញអត្តសញ្ញាទេ។

សមត្ថកិច្ចបញ្ជាក់ថា គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ កើតឡើងដោយសារភាគីរថយន្តបើកបរក្នុងល្បឿនលឿន ខ្វះការប្រុងប្រយ័ត្ន ទើបបណ្ដាលឲ្យមានគ្រោះថ្នាក់បង្កជាសោកនាដកម្មបែបនេះ ព្រមទាំងធ្វើឲ្យខូចខាតម៉ូតូ១គ្រឿង និងរថយន្ត១គ្រឿងយ៉ាងដំណំដូចគ្នា។

ក្រោយពេលកើតហេតុ សមត្ថកិច្ចជំនាញចរាចរណ៍ក្រុងសំរោង បានចុះទៅដល់ធ្វើការវាស់វែង និងអន្តរាគមន៍ដឹកសាកសពជនរងគ្រោះយកទៅតម្កល់ទុកស្វែងរកសាច់ញាតិ ខណៈរថយន្ត ម៉ូតូ និងអ្នកបើកបររថយន្តបង្ក ត្រូវបាននាំខ្លួនទៅកាន់អធិការដ្ឋានគរបាលក្រុង ដើម្បីធ្វើការសាកសួរចាត់ការតាមនីតិវិធីច្បាប់៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor