តាកែវៈ សេចក្ដីរាយការណ៍ភ្នាក់ងារសារព័ត៌មាន Cam Post ប្រចាំខេត្តតាកែវ បានឲ្យដឹងថា គ្រោះអគ្គិភ័យដ៏អាក្រក់មួយបានឆាបឆេះផ្ទះអតីតអភិបាលរងខេត្តតាកែវ យ៉ាងសន្ធោសន្ធៅ និងបង្កការភ្ញាក់ផ្អើលយ៉ាងខ្លាំង នារសៀលថ្ងៃច័ន្ទនេះ។
បើតាមភ្នាក់ងារ ផ្ទះនេះ រងការឆាបឆេះនាវេលាម៉ោង១៖៤នាទីសៀល ថ្ងៃច័ន្ទ ១៥រោច ខែពិសាខ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី១៤ ខែឧសភានេះ ដោយឆេះផ្ទះអស់ចំនួនមួយខ្នង ខណៈផ្ទះមួយខ្នងទៀត ត្រូវបានសមត្ថកិច្ចបាញ់ទឹកទប់ស្កាត់ទាន់ពេល។ ផ្ទះរងការឆេះនេះ គឺជាផ្ទះរបស់អតីតអភិបាលរងខេត្តតាកែវ លោក កង សំអឿន ស្ថិតនៅភូមិស្នោ សង្កាតរកាក្នុង ក្រុងដូនកែវ ខេត្តតាកែវ។
ពលរដ្ឋឃើញហេតុការណ៍ ប្រាប់ឲ្យដឹងថា ដំបូងឡើយ ពួកគាត់បានឮសូរសំឡេងផ្ទុះ ដែលសង្ស័យជាឆ្លងចរន្តអគ្គិសនីបណ្ដាលឲ្យផ្ទុះ (ទុស្សេខ្សែភ្លើង) ហើយភ្លាមៗនោះ ក៏មានអណ្ដាតភ្លើង និងខ្យល់ បណ្ដាលឲ្យអំណាចភ្លើងឆេះកាន់តែខ្លាំងឡើង។ យ៉ាងណា ដោយសារពួកគាត់មានការតក់ស្លុត មិនបានអន្តរាគមន៍បាញ់ពន្លត់ភ្លាមៗទេ ប៉ុន្តែមន្ត្រីនគរបាលពន្លត់អគ្គិភ័យបានចុះមកអន្តរាគមន៍ផងដែរ តែស្ថានភាពនៃការឆេះនោះ គឺលឿនខ្លាំងពេក ទើបធ្វើឲ្យឆេះខ្ទេចតែម្តង។
ជុំវិញករណីអគ្គិភ័យនេះ មន្ត្រីជំនាញបានសន្និដ្ឋានជាបឋមថា បណ្តាលមកពីផ្ទុះសេខ្សែភ្លើង បង្កជាអណ្តាតភ្លើងឆាបឆេះផ្ទះឈើនោះ ហើយការឆេះនេះទៀតសោត គឺឆេះលឿនមិនដល់៣០នាទីផង គឺឆេះខ្ទេចទាំងស្រុងតែម្តង ដោយសារផ្ទះរងគ្រោះ គឺជាផ្ទះធ្វើពីឈើលើថ្មខាងក្រោម ប្រក់ក្បឿង ថែមទាំងអកាសធាតុក្តៅខ្លាំងផងដែរ។
មន្ត្រីជំនាញ នៃស្នងការដ្ឋាននគរបាលខេត្តតាកែវ នៅមិនទាន់កំណត់ពីទំហំ នៃការខូចខាតទ្រព្យសម្បត្តិអស់ប៉ុន្មាននៅឡើយទេ ដោយលោកបានលើកឡើងថា មន្ត្រីជំនាញរបស់យើងបានប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យអស់ចំនួន៥គ្រឿង ដើម្បីបាញ់ពន្លត់ និងគ្រប់គ្រងស្ថានការណ៍នោះបាន៕