
ភ្នំពេញៈ ជនសង្ស័យម្នាក់ ក្នុងចំណោមបក្ខពួកពីរនាក់ ត្រូវបានកម្លាំងសមត្ថកិច្ចប៉ុស្តិ៍នគរបាលស្ទឹងមានជ័យ៣ ឃាត់ខ្លួនយកទៅសាកសួរ បន្ទាប់ពីជនសង្ស័យរូបនោះ បានធ្វើសកម្មភាពកាច់កម៉ូតូរបស់ជនរងគ្រោះម្នាក់ ដែលទុកនៅក្នុងផ្ទះបានសម្រេច។ ហេតុការណ៍នេះ បានកើតឡើងនៅវេលាម៉ោង១១៖៣០នាទីព្រឹក ថ្ងៃទី២០ ខែឧសភា ឆ្នាំ២០១៨ ក្នុងបុរីសូនី ផ្ទះលេខ១២៤ ផ្លូវលេខ៣៦ ទុលមុខហាងការហ្វេធម្មជាតិ ភូមិឫស្សី១ សង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
សមត្ថកិច្ចឲ្យដឹងថា ជនសង្ស័យមានឈ្មោះ សន ចាន់ឡុក ភេទប្រុស អាយុ៣៤ឆ្នាំ មុខរបបកម្មករសំណង់ ស្នាក់នៅផ្ទះជួល ភូមិបឹងឈូក សង្កាត់ អូបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ មានស្រុកកំណើត ភូមិពង្រ ឃុំពង្រ ស្រុកបាធាយ៍ ខេត្តកំពង់ធំ ដកហូតម៉ូតូម៉ាក YAMAHA FINO ពណ៌ក្រហមលាយស ពាក់ស្លាកលេខ ភ្នំពេញ 1AM-4174 មួយគ្រឿង ជារបស់ជនសង្ស័យ។

ចំណែកជនរងគ្រោះមានឈ្មោះ ប៉ែន នៅវីណា ភេទប្រុស អាយុ៣០ឆ្នាំ មុខរបបមន្ត្រីកងរាជអាវុធហត្ថក្រុងភ្នំពេញ ស្នាក់នៅផ្ទះជួលកើតហេតុខាងលើ មានស្រុកកំណើតស្រុករមាសហែក ខេត្តស្វាយរៀង។ ហើយម៉ូតូដែលជនសង្ស័យកាច់កលួចយកទៅគឺម៉ាក ហុងដាឌ្រីម ធុនសេ១២៥ ស៊េរីឆ្នាំ២០១៦ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1FM-3867។

តាមសម្តីជនរងគ្រោះឲ្យដឹងថា មុនពេលកើតហេតុ គឺរូបលោកបានទុកម៉ូតូនៅក្នុងផ្ទះជួលខាងក្រោម ហើយលោក និងប្រពន្ធបានឡើងទៅលើបន្ទប់ជួលខាងលើ។ ខណៈពេលនោះ រូបគាត់ក៏មិនដឹងថា បាត់ម៉ូតូដែរ តែចៃដនត្រូវបានអ្នកជិតខាងដែលលក់កាហ្វេនៅខាងមុខផ្ទះ ឃើញជនសង្ស័យដែលមានគ្នា២នាក់ បានចូលទៅធ្វើសកម្មភាពកាច់កយកម៉ូតូរបស់លោកបានសម្រេច រួចនាំគ្នាជិះរត់គេចខ្លួន។ ភ្លាមនោះ បងប្អូនប្រជាពលរដ្ឋឃើញហេតុការណ៍ជាក់ស្តែង ក៏បាននាំគ្នាជិះម៉ូតូដេញតាមជនសង្ស័យ ហើយស្រែកថា ចោរៗ បានប្រហែល៥០០ម៉ែត្រ ពីកន្លែងកើតហេតុ ក៏ត្រូវសមត្ថកិច្ច ដែលល្បាតឆ្លងកាត់ទីនោះ បានឃើញ និងបានឃាត់ខ្លួនជនសង្ស័យម្នាក់ និងម៉ូតូមួយគ្រឿង យកទៅសាកសួរនៅប៉ុស្តិ៍នគរបាលស្ទឹងមានជ័យ៣។ ចំណែកបក្ខពួកម្នាក់ទៀត បានរត់គេខ្លួនបាត់ ដោយបានយកម៉ូតូរបស់ជនរងគ្រោះទៅជាមួយផងដែរ។
នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យរូបនោះ បានសារភាពថា ពួកគេពិតជាបានរួមគំនិត កាច់កលួចយកម៉ូតូរបស់ជនរងគ្រោះពិតប្រាកដមែន។
ក្រោយពេលកើតហេតុ ជនរងគ្រោះបានមកដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគបាលស្ទឹងមានជ័យ៣ ដើម្បីឲ្យសមត្ថកិច្ចចាត់ការតាមផ្លូវច្បាប់។ ចំណែកជនសង្ស័យ ត្រូវបានសមត្ថកិច្ចកសាងសំណុំរឿងបញ្ជូនទៅអធិការដ្ឋានខណ្ឌមានជ័យ ដើម្បីចាត់ការបន្តតាមនីតិវិធី៕