
(ភ្នំពេញ)៖ ជនសង្ស័យ៣នាក់ នៅរាជធានីភ្នំពេញ ត្រូវបានកម្លាំងជំនាញ នៃមន្ទីរប្រឆាំងគ្រឿងញៀន ក្រសួងមហាផ្ទៃ បានបើកប្រតិបត្តិការចាប់បានជនសង្ស័យជាបន្ដបន្ទាប់ ក្នុងករណីជួញដូរគ្រឿងញៀន ដែល មានអង្គការចាត់តាំងធំ១ករណី និងរឹបអូសសារធាតុគ្រឿងញៀនបាន ជិត៤គីឡូក្រាម ។
បើយោងតាមលោកវរសេនីយ៍ឯក អ៊ិន សុង នាយការិយាល័យសេនាធិការ មន្ទីរប្រឆាំងគ្រឿងញៀន បានប្រាប់អង្គភាព បានឲ្យដឹងនៅថ្ងៃទី២០ ខែឧសភា ឆ្នាំ២០១៨នេះថា ប្រតិបត្តិការបង្ក្រាបនេះត្រូវបានធ្វើឡើង នៅ៣ទីតាំងផ្សេងគ្នា និងមានរយៈពេល២ថ្ងៃ។ ដោយការបង្ក្រាបដំបូងដោយប្រើវិធានញុះញង់ នៅវេលាម៉ោង១១៖១០នាទី ថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០១៨ នៅចំណុចផ្សារតាប៉ាង សង្កាត់ផ្សារថ្មី១ ខណ្ឌដូនពេញ ជាលទ្ធផល ឃាត់ខ្លួនជនសង្ស័យម្នាក់ ឈ្មោះ តេង ស៊ីថេន ភេទប្រុស អាយុ៣៨ឆ្នាំ ដកហូតបាន សារធាតុញៀនប្រភេទ ម៉េតំហ្វេតាមីន Ice ទម្ងន់៩៩.៨០ក្រាម។ និងរហូតដល់វេលាម៉ោង២៖៣០នាទីរសៀល ថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០១៨ នៅចំណុចផ្ទះជួលជាន់ទី២ សង្កាត់វាលវង់ ខណ្ឌ៧មករា បន្តឃាត់ខ្លួនជនសង្ស័យម្នាក់ទៀត ឈ្មោះ រ៉ុង ឌីណា ភេទស្រី អាយុ២៩ឆ្នាំ ដកហូតបាន សារធាតុញៀន អិចស្តាស៊ី MDMA ទម្ងន់៧៨០.៩ក្រាម, សារធាតុម៉េតំហ្វេតាមីន ICE ទម្ងន់ ២,៣៣៤.៩៨ ក្រាម និងសារធាតុកេតាមីន K ទម្ងន់ ៣៩៣.៧២ក្រាម។


ហើយនៅវេលាម៉ោង០៣៖៣០នាទីថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០១៨ នៅចំណុចផ្លូវឌឿងហែម ផ្ទះ១៥៨C ភូមិបឹងសាឡាង សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ បន្តឃាត់ខ្លួនជនសង្ស័យម្នាក់ទៀតឈ្មោះ សុខ រីខាន ភេទប្រុស អាយុ២៤ឆ្នាំ ដកហូតបាន សារធាតុម៉េតំហ្វេតាមីន ICE ទម្ងន់ ១៣.៣៦ក្រាម។
លោកវរសេនីយ៍ឯក អ៊ិន សុង បានមានប្រសាសន៍ថា សរុបទាំង៣លើក ឃាត់ជនល្មើស៣នាក់ ស្រីម្នាក់ ដកហូតវត្ថុតាងបាន មេតំហ្វេតាមីនICE ទម្ងន់ ២,៤៤៨.១៤ក្រាម, អិចស្តាស៊ី ទម្ងន់៧៨០.៩ក្រាម និងកេតាមីន K ទម្ងន់៣៩៣.៧២ក្រាម។ បច្ចុប្បន្នជនសង្ស័យត្រូវបានកម្លាំងមន្ទីរជំនាញ កំពុងកសាងសំណុំរឿងចាត់បញ្ជូនទៅ តុលាការចាត់ការបន្ដ៕


