Sponsor
អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញៈ លោក ឈាង វុន ប្រធានគណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ ឃោសនាការ និងព័ត៌មាននៃរដ្ឋសភា និងជាអ្នកនាំពាក្យ បានប្រាប់សមាជិកព្រឹទ្ធសភាជប៉ុនថា ការបោះឆ្នោតអាណត្តទី៦ រដ្ឋសភា អាចនឹងមានគណបក្សនយោបាយចំនួន៣០ចូលរួមប្រកួតប្រជែង។

ការអះអាងរបស់លោក ឈាង វុន ធ្វើឡើងក្នុងជំនួបជាមួយ  FUJITA Yukihisa សមាជិកព្រឹទ្ធសភា ប្រទេសជប៉ុន កាលពីរសៀលថ្ងៃទី៤ ខែឧសភា ឆ្នាំ២០១៨នេះ នៅវិមានរដ្ឋសភា ខណៈដែលសមាជិកព្រឹទ្ធសភា មកបំពេញទស្សនកិច្ច នៅកម្ពុជា។

ក្នុងជំនួបនោះ លោក ឈាង វុន បានថ្លែងអំណរគុណចំពោះប្រទេសជប៉ុន ដែលតែងតែជួយកម្ពុជា នៅគ្រប់កាលៈទេសៈ ពិសេសការស្វែងរកសន្តិភាព។ លោកបានលើកឡើងថា អ្វីដែលកម្ពុជា មាននៅពេលនេះ គឺមិនអាចកាត់ផ្តាច់បានពីជំនួយរបស់ប្រទេសជប៉ុននោះទេ។ កម្ពុជាបានហែលឆ្លងទុក្ខលំបាកជាច្រើន ទម្រាំកសាងបាននូវប្រទេសជាតិមួយ ដែលមានសុខសន្តិភាព សេរីភាព ប្រជាធិបតេយ្យ និងវឌ្ឍនភាព។

លោកក៏បានលើកឡើងថា ជាមួយសន្តិភាពពេញផ្ទៃប្រទេស សេដ្ឋកិច្ចកម្ពុជា បានកើនឡើងជាលំដាប់ក្នុងរង្វង់៧% នៅរៀងរាល់ឆ្នាំ។ មន្រ្តីរាជការកម្ពុជា មានប្រាក់បៀវត្សរ៍ ជាមធ្យម ៤០០ដុល្លារ ភាពក្រីក្របានកាត់បន្ថយមកនៅសល់តែត្រឹមជាង១០%ប៉ុណ្ណោះ។ ដោយឡែកនៅក្នុងដំណើរការលទ្ធិប្រជាធិបតេយ្យវិញ កម្ពុជា នឹងរៀបចំការបោះឆ្នោតជ្រើសរើសសមាជិករដ្ឋសភានីតិកាលទី៦ នាចុងខែកក្កដា ខាងមុខនេះ។

លោក ឈាង វុន បានគូសបញ្ជាក់ថា នេះជាការអនុវត្តលទ្ធិប្រជាធិបេត្យជាការផ្តល់សិទ្ធិសេរីភាព និងអំណាចជូនប្រជាពលរដ្ឋក្នុងការសម្រេចចិត្តជ្រើសរើសមេដឹកនាំ។ នៅក្នុងដំណើរ ការរៀបចំការបោះឆ្នោតនេះ ក្នុងពេលបច្ចុប្បន្ននេះ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត បាននឹងកំពុងទទួលចុះឈ្មោះគណបក្សនយោបាយចូលរួមប្រកួតប្រជែង ហើយបើតាមការប៉ាន់ស្មាន គឺនឹងមានគណបក្សនយោបាយជាច្រើនចូលរួមការបោះឆ្នោត ដែលក្នុងនោះទំនងមិនតិចជាង៣០ គណបក្សឡើយ។

លោក ឈាង វុន ក៏បានថ្លែងអំណរគុណដល់ប្រទេសជប៉ុន ដែលនៅតែបន្តជួយគំាទ្រ ដល់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ក្នុងការដំណើរការរៀបចំបោះឆ្នោតនោះ។

ក្នុងជំនួបនោះលោក FUJITA Yukihisa ជាសមាជិកព្រឹទ្ធសភា ដែលបានមកបំពេញទស្សនកិច្ចនៅកម្ពុជា ជាច្រើនលើកមកហើយ។ លោកមានភាពស្និទ្ធស្នាលជាមួយសមាជិករដ្ឋសភា សមាជិករាជរដ្ឋាភិបាលកម្ពុជា ហើយអដ្ឋិធាតុកូនប្រុសរបស់ លោកមួយរូប ត្រូវបានយកមកដម្កល់ទុកនៅកម្ពុជាមួយចំណែកដែរ។

លោកបានគូសបញ្ជាក់ថា ខ្ញុំមានមនោសញ្ចេ តនាជាមួយប្រជាជនកម្ពុជា ដូច្នេះលោកបានប្តេជ្ញាហើយថា នឹងខិតខំចូលរួមចំណែកក្នុងអភិវឌ្ឍន៍ប្រទេសកម្ពុជា។ នៅក្នុងដំណើរទស្សនកិច្ចនៅកម្ពុជានាឱកាសនេះ លោកFUJITA Yukihisa គ្រោងជួបពិភាក្សាការងារជាមួយមន្រ្តីជាន់ខ្ពស់រដ្ឋសភា និងរាជរដ្ឋាភិបាលជាច្រើនរូបផងដែរ៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor