
ស្វាយរៀងៈ ក្មេងស្រីអាយុ៤ឆ្នាំម្នាក់ បានស្លាប់ភ្លាមៗ ក្រោយពីធ្លាក់ពីលើគោយន្តកន្ត្រៃកំពុងធ្វើណើរ។
ករណីនេះ បានកើតឡើងកាលពីវេលាម៉ោង៦៖៣០នាទីយប់ថ្ងៃទី៥ ខែឧសភា ឆ្នាំ២០១៨ នៅចំណុចលើផ្លូវលំស្ថិតក្នុងភូមិ អង្គតាមោក ឃុំប្រសូតិ ស្រុកស្វាយទាប ខេត្តស្វាយរៀង។
សមត្ថកិច្ច បានឲ្យដឹងថា អ្នកបើកបរគោយន្តកន្ត្រៃដឹកដី ឈ្មោះ ហ៊ីង វ៉ាន់ ភេទប្រុស អាយុ៣៧ឆ្នាំ មុខរបរកសិករ រស់នៅភូមិ អង្គតាមោក ឃុំប្រសូតិ ស្រុកស្វាយទាប ខេត្តស្វាយរៀង។

សមត្ថកិច្ចបន្តទៀតថា មុនពេលកើតហេតុ បុរសខាងលើបើកបរគោយន្តនោះដឹកក្មេងស្រីរងគ្រោះ លុះមកដល់ចំណុចខាងលើ ក៏ធ្លាក់ក្មេងស្រីពីលើគោយន្ត បណ្តាលឲ្យស្លាប់នៅនឹងកន្លែងកើតហេតុ ក្រោយកើតហេតុអ្នកបើកបររត់គេចខ្លួនបាត់។

សមត្ថកិច្ច ឲ្យដឹងទៀតថា ក្មេងស្រីរងគ្រោះ ឈ្មោះ មុន្នី សា អាយុ៤ឆ្នាំ (ស្លាប់នៅកន្លែងកើតហេតុ) រស់នៅភូមិអង្គតាមោក ឃុំប្រសូតិស្រុកស្វាយទាប ខេត្តស្វាយរៀង ឪពុកឈ្មោះ សៅ វណ្ណារិទ្ធ អាយុ៣១ឆ្នាំ មុខរបរជាងសំណង់ ម្តាយឈ្មោះ សាយ រីន អាយុ៣៥ឆ្នាំ មុខរបរកសិករ អ្នកទាំងពីររស់នៅភូមិឃុំខាងលើ។
ក្រោយទទួលបានថា មានអ្នកស្លាប់ធ្លាក់ពីលើគោយន្តកន្ត្រៃ សមត្ថកិច្ចបានចុះមកពិនិត្យសពរួចប្រគល់ឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី។ ចំណែកគោយន្តយកមករក្សាទុកនៅប៉ុស្តិ៍រដ្ឋបាលឃុំប្រសូតិ៕


