Sponsor
អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញៈ ក្រុមនគរបាល នៃការិយាល័យនគរបាលចរាចរផ្លូវគោក រាជធានីភ្នំពេញ ចុះអនុវត្ត និងពង្រឹងច្បាប់ចរាចរផ្លូវគោក បានដេញឃាត់រថយន្តជនជាតិបរទេសម្នាក់ មកដល់ស្តុបដេអិន ស្ថិតនៅតាមផ្លូវកម្ពុជាក្រោម សង្កាត់ដេប៉ូ៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ នៅម៉ោង១៖៤៥នាទីរសៀល ថ្ងៃអង្គារ៍ ៩រោច ខែពិសាខ ឆ្នាំច សំរិទ្ធស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី៨ ខែឧសភា ឆ្នាំ២០១៨ ។

យោងតាមនគរបាលចរាចរ ឈ្មោះ ខុន ស្រ៊ន បានប្រាប់ថា រូបគាត់រួមជាមួយក្រុមការងារ បានចុះពង្រឹងច្បាប់ចរាចរន៍ នៅចំណុចគោលដៅខាងកើត របងវិមានសន្តិភាព ផ្លូវ១០៩ សង្កាត់មិត្តភាព ខណ្ឌ៧មករា រាជធានីភ្នំពេញ នៅម៉ោង១និង៣០នាទីរសៀល ថ្ងៃខែដដែល ស្រាប់តែមានរថយន្ត១គ្រឿង ម៉ាក WULING ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AP-3991 បើកបរដោយជនជាតិបរទេសម្នាក់ តាមផ្លូវសហព័ន្ធរុស្សី  ធ្វើដំណើរពីកើតទៅលិច មកដល់ចំណុចផ្លូវបំបែកក្បែរវិមានសន្តិភាព ដែលមានស្លាកសញ្ញាចរាចរហាមបត់ឆ្វេង ស្រាប់តែរថយន្តបានបត់ឆ្វេងឆ្លងមកផ្លូវ១០៩ ហើយមិនឈប់ទៅតាមក្រុមនគរបាលចរាចរហៅឡើយ ថែមទាំងគៀរនិងបុកនគរបាលចរាចរម្នាក់ តែមិនបណ្តាលឲ្យរងរបួសឡើយ រួចបន្តដំណើរតាមផ្លូវកម្ពុជាក្រោម រហូតមកដល់ស្តុបណានជីង ក៏ត្រូវនគរបាលចរាចរតាមឃាត់ពីមុខ ក៏រថយន្តមិនឈប់ហើយបុកនគរបាលចរាចរម្តងទៀត តែមិនរបួសទេព្រោះរូបគាត់គេចទាន់ ។

រថយន្តរបស់ជនជាតិបរទេស ក៏បន្តដំណើរឆ្ពោះទៅទិសខាងលិច រហូតដល់ចំណុចស្តុបដេអិនទើបកម្លាំងនគរបាលចរាចរឃាត់បាន ដោយមានការចូលរួមពីរថយន្តក្រុងសាលារាជធានីភ្នំពេញ និងរថយន្តពាក់ស្លាកលេខព្រឹទ្ធសភាផងដែរ ។

នៅក្នុងហេតុការឃាត់រថយន្តខាងលើ បង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ ធ្វើដំណើរតាមដងផ្លូវចោមរោមើល មានអ្នកខ្លះស្រែកថា វាយកញ្ចក់រថយន្តជនបរទេសថែមទៀតផង ។

សូមបញ្ជាក់ថា រថយន្តជនជាតិបរទេស មិនអាចបន្តដំណើរទៅមុខរួច និងក៏មិនព្រមចុះពីលើរថយន្តឡើយ ដោយរងចាំរថយន្តស្ទួចរបស់ការិយាល័យចរាចរផ្លូវគោករាជធានីភ្នំពេញ មកស្ទួចអូសយកទៅកន្លែង ដើម្បីធ្វើការផាកពិន័យទៅតាមផ្លូវច្បាប់៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor