
កំពង់ធំៈ រថយន្តដឹកឈើខ្នាតយក្ស របស់ឈ្មួញមានអំណាចម្នាក់នៅខេត្តកំពង់ស្ពឺ បាន ដឹកជំនៀរឈើពុះកំណាត់ៗ និងមានបង្កប់ប្រភេទឈើលេខ១ ត្រូវបានសមត្ថកិច្ច ជម្រកសត្វព្រៃបឹងពែ ធ្វើការឃាត់ខណៈពេលដែលកំពុងតែ ធ្វើសកម្មភាព ដឹកជញ្ជូនឈើដោយគ្មានច្បាប់ នៅតាមបណ្តោយ ផ្លូវជាតិលេខ៦២ ពីខេត្តព្រះវិហារ មកខេត្តកំពង់ធំ និងត្រូវបានសមត្ថកិច្ចបរិស្ថានបង្រ្កាប នៅចំនុចមុខស្នាក់ការ ដែនជម្រកសត្វព្រៃបឹងពែ ស្ថិតភូមិតាឡែកថ្មី ឃុំសាលាវិស័យ ស្រុកប្រាសាទបាល្ល័ង្គ ខេត្តកំពង់ធំ។


បើយោងតាមប្រភពព័ត៌មានច្បាស់ការ ពីសមត្ថកិច្ច ដោយបានបញ្ជាក់ថាឲ្យដឹងថា រថយន្តដឹកឈើប្រភេទយក្យ ហ្វាឌឺគាំ មានពណ៌ស អត់ស្លាកលេខ បានដឹកឈើចេញពីស្រុកឆែប ខេត្តព្រះវិហារ ឆ្ពោះទៅលក់នៅភ្នំពេញ ដែលមានម្ចាស់ឈើឈ្មោះ វ៉ន នុប រស់នៅស្រុកបសេដ្ខ ខេត្តកំពង់ស្ពឺ ជាអ្នកប្រកបមុខរបររកស៊ីដឹកឈើ តាមរយះរថយន្តធុនធំ មកលក់នៅ ទីផ្សារភ្នំពេញ។
លោក លី ស្រេង ប្រធានការិយាល័យអភិរក្ស និងនាយកដែនជម្រកសត្វព្រៃបឹងពែ បានដឹកនាំមន្រ្តីក្រោមឳវាទ ស្ទាក់ចាប់រថយន្ត ដឹកឈើជំនៀរ បង្កប់ឈើប្រភេទលេខ១ ដែលមានឈើផ្ទិក ឈើសុក្រម ឈើត្រាច ឈើរាំង បានចាប់នៅវេលាម៉ោង ៥ទាបភ្លឺ ថ្ងៃទី៧ ខែឧសភា ឆ្នាំ ២០១៨ រហូតមកដល់ថ្ងៃទី៨ ឆ្នាំខែដដែល ទើបធ្វើការវាស់វែង តែពុំទានដឹងចំនួនពិតប្រាកដនៅឡើយទេ ។


លោក លី ស្រេង ប្រធានការិយាល័យអភិរក្ស និងនាយកដែនជម្រកសត្វព្រៃបឹងពែ បានឲ្យដឹងថា ការដឹក ជញ្ជូនឈើ របស់ឈ្មួញបានប្រើរូបភាព យកឈើកាត់ពីព្រៃទាំងមូល មកពុះជ្រៀកជា២ គឺជាល្បិចថ្មីរបស់ អ្នករកស៊ី ដើម្បីបំភាន់ភ្នែកមហាជន ដោយយោងតាមបទបញ្ជារបស់ លោក តុប កក្កា ប្រធានមន្ទីរបរិស្ថាន ខេត្តកំពង់ធំ បានឲ្យមន្រ្តីបរិស្ថានទាំងអស់ សហការគ្នាបង្រ្កាបបទល្មើសដឹកជញ្ជូនឈើដោយខុសច្បាប់ និងទប់ស្កាត់ ការកាប់រុករាន្ទដីព្រៃរបស់រដ្ឋ យកមកធ្វើជាកម្មសិទ្ធ៕



