
ខ្សឹបៈ មន្ត្រីនៅក្រសួងរ៉ែ និងថាមពល ក៏ដូចជាមន្ត្រីនៅសាលារាជធានីភ្នំពេញជាច្រើននាក់ រួមទាំងមហាជនផងដែរ បានខ្សឹបមកជាបន្តបន្ទាប់ ប្រាប់ “នាយក្តាមប្រៃ” ឱ្យដឹងថា រណ្តៅជីកយកអាចម៍ដីដ៏ធំមហិមាមួយកន្លែង កំពុងតែជីកយ៉ាងសកម្មស្ទើរតែដល់ក្បាលប្រែត និងមានរថយន្តដឹកអាចម៍ដីរាប់សឹបគ្រឿង ដឹកដីប្រសេកប្រសាច ដោយបើកប្រជែងប្រដេញគ្នាពេញលើដងផ្លូវទំនប់កប់ស្រូវជាផ្លូវក្រវ៉ាត់ក្រុង បង្កគ្រោះថ្នាក់បុក កិន មនុស្សស្លាប់បន្តបន្ទាប់ ដោយគ្មានឃើញ សាមីក្រសួង ឬអាជ្ញាធរក្រុងភ្នំពេញ ចុះទប់ស្កាត់ឡើយ ឬមួយចាំឱ្យមានលើកសែងខ្មោចប្រជាពលរដ្ឋនៅលើដងផ្លូវនោះបន្តទៀត ឬចាំក្រោយការបោះឆ្នោតហើយ ទើបទប់ស្កាត់?
ក្រុមមន្ត្រីខាងលើ បានខ្សឹបប្រាប់មក “នាយក្តាមប្រៃ” ឱ្យបានដឹងផងដែរថា រណ្តៅជីកយកអាចម៍ដីដ៏ធំមហិមានេះ មានទីតាំងនៅតំបន់ទំនាបជាប់នឹងផ្លូវក្រវ៉ាត់ក្រុង ហៅថា ផ្លូវទំនប់កប់ស្រូវ ដែលលាតសន្ធឹងជាប់នឹងបឹងតាម៉ោក ក្នុងសង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។ ហើយដែលម្ចាស់រណ្តៅដីនេះ ត្រូវបានក្រុមមន្ត្រីខាងលើនេះ បានខ្សឹបប្រាប់ នាយក្តាមប្រៃ ដឹងថា ជារបស់លោកឧកញ៉ា ញ៉ឹក ផន ហៅ តាកៅៗ។

បើតាមមន្ត្រីម្នាក់នៅសាលាខណ្ឌព្រែកព្នៅ ក៏បានចូលមកខ្សឹបប្រាប់ “នាយក្តាមប្រៃ” ឱ្យបានដឹងផងដែរថា រណ្តៅដីដ៏ធំមហិមា ដែលកំពុងតែជីកយកអាចម៍ដីដ៏មមាញឹកនេះ ពិតជារបស់លោកឧកញ៉ា ញ៉ឹក ផន ហៅតាកៅៗ ពិតមែន ដោយលោកឧកញ៉ារូបនេះ បានរកស៊ីផ្តាច់មុខតែម្តង ក្នុងការជីក និងដឹកអាចម៍ដីលក់ ដែលមានរថយន្តដឹកដីធំៗជាច្រើនគ្រឿងផងដែរ ។
មន្ត្រីមូលដ្ឋានបានខ្សឹបមកប្រាប់ “នាយក្តាមប្រៃ” ឱ្យដឹងបន្ថែមទៀតថា ពួកគាត់ជាមន្ត្រីថ្នាក់មូលដ្ឋានមែន តែពួកគាត់មិនហ៊ានអើតក្បាលទៅកន្លែងរណ្តៅដីរបស់លោកឧកញ៉ា ញ៉ឹក ផន ហៅតាកៅ នេះ ដើម្បីប្រាប់ណែរនាំគាត់បានទេ ពោលគឺមានតែថ្នាក់ដឹកនាំក្រុងភ្នំពេញ ឬខាងក្រសួងរ៉ែថាមពល ទើបអាចចុះមកកន្លែងនេះបាន ព្រោះលោកឧកញ៉ាដ៏មានឥទ្ធិពល រកស៊ីជីកអាចម៍ដីតំបន់នេះ លក់ផ្តាច់មុខបាន ក៏ដោយសារតែគាត់ចេះសែនទៅក្រុង ទៅក្រសួងត្រូវ ទើបអាចជីកដល់ក្បាលប្រែតបែបនេះ ដោយគ្មានខ្វល់ពីការរិះគន់ពីប្រជាពលរដ្ឋឡើយ។

មន្ត្រីខាងលើ បានប្រាប់ “នាយក្តាមប្រៃ” ឱ្យដឹងមន្ថែមទៀត ដោយភ្ជាប់មកនូវរូបភាពរថយន្តដឹកដី នឹងរណ្តៅដីរបស់ឧកញ៉ា ញ៉ឹក ផន ហៅតាកៅៗ នេះផងដែរថា សកម្មភាពរថយន្តដឹកដី មើលទៅដូចស្រម៉ោច បើកប្រសេកប្រសាចពេញលើទ្រូងផ្លូវទំនប់កប់ស្រូវ បង្កការកកស្ទះរាល់ថ្ងៃ ទាំងបើកចេញ បើកចូលតែម្តង ហើយថែមទាំងបើកប្រជែងប្រដេញគ្នា ដូចទីលានប្រណាំងរថយន្តអ៊ីចឹង នឹងធ្វើឱ្យជ្រុះអាចម៍ដីពេញលើទ្រូងផ្លូវ ហ៊ុយសំពោងតែម្តង ដោយគ្មានគិតពីគ្រោះថ្នាក់ដល់អាយុជីវិតប្រជាពលរដ្ឋ ដែលធ្វើចរាចរណ៍នៅតាមផ្លូវនោះឡើយ។

បើតាមទិដ្ឋភាពជាក់ស្តែង ក៏ដូចជាមន្ត្រីមានសមត្ថកិច្ចតូចតាចក្នុងមូលដ្ឋាននោះ បានឱ្យ “នាយក្តាមប្រៃ” ដឹងដែរថា កន្លងមករថយន្តដឹកដីរបស់តាកៅនេះ បានបុក និងកិនមនុស្សស្លាប់ច្រើននាក់មកហើយ។ ហើយពេលបុក កិនមនុស្សម្តងៗ អ្នកបើកបរថយន្តទាំងនោះ តែងតែព្យាយាមបើករត់មកចូលកន្លែងរណ្តៅដីនៅចំណុចខាងលើនោះ ហើយបើបើករត់មិនរួចទេ ពេលចាប់បាន តាកៅ ឬកូនចៅរបស់គាត់ចេញមុខដោះស្រាយសំណងទៅអ្នកស្លាប់បន្តិចបន្ទួចប៉ុណ្ណោះ។ ហើយសព្វថ្ងៃនេះ បងប្អូនប្រជាពលរដ្ឋដែលធ្វើចរាចរលើកំណាត់ផ្លូវនេះ រាល់ថ្ងៃ មានការព្រួយបារម្ភយ៉ាងខ្លាំងពីសុវត្ថិភាពចរាចរណ៍នៃក្រុមឡានដឹកដីរបស់លោកឧកញ៉ាញ៉ឹក ផន ហៅតាកៅៗនេះណាស់។

ជាមួយគ្នានេះ ក្រុមមន្ត្រីខាងលើបានសូមឱ្យខាងសាមីក្រសួងរ៉ៃថាមពល ក៏ដូចជាលោកចៅហ្វាយក្រុងភ្នំពេញ ជួយចុះពិនិត្យ ទប់ស្កាត់ ឬមានវិធានការចំពោះសកម្មភាពរណ្តៅជីកយកអាចម៍ដីរបស់លោកកៅនេះផង កុំរង់ចាំមានលើកសែងខ្មោចប្រជាពលរដ្ឋលើទ្រូងផ្លូវទំនប់កប់ស្រូវ បន្តបន្ទាប់ទៀត ឬចាំក្រោយការបោះឆ្នោតហើយ ទើបមានវិធានការទប់ស្កាត់? ៕
