
បន្ទាយមានជ័យៈ លោកគ្រូ អ្នកគ្រូ គឺសំខាន់ណាស់នៅក្នុងកាអប់រំធនធានមនុស្ស។ ហើយធនធានរបស់យើង គឺមិនចាញ់គេនោះទេ ទោះបីជាប្រទេសយើងបានជួបប្រទះសង្គ្រាមយ៉ាងណាក៏ដោយ ប៉ុន្តែក្រោយពីបញ្ចប់សង្គ្រាម ក្នុងរយៈពេលជាង២០ឆ្នាំនេះ យើងបានរត់លឿនជាងប្រទេសមួយចំនួន ហើយគម្លាតនៃការអភិវឌ្ឍ យើងកាន់តែគៀកបើប្រៀបធៀបពីការអភិវឌ្ឍរបស់ប្រទេសនៅក្នុងតំបន់។
ជាមោទនភាពនៃធនធានមនុស្សរបស់យើង និងគុណបំណាច់របស់លោកគ្រូ អ្នកគ្រូជាឪពុកម្តាយទី២ និងជាសេដ្ឋីនៃកិត្តិយសដែលមានទ្រព្យសម្បត្តិមហាសាលជាចំណេះដឹង សមត្ថភាព សីលធម៌ គុណធម៌ ដែលលោកគ្រូ អ្នកគ្រូបានចែករំលែកទ្រព្យសម្បត្តិទាំងនេះ ទៅដល់សិស្សានុសិស្ស ដើម្បីកសាងធនធានមនុស្សពេញលក្ខណៈមានលទ្ធភាព សមត្ថភាពអាចចិញ្ចឹមខ្លួនឯងរស់ ចិញ្ចឹមគ្រួសារ និងចូលរួមអភិវឌ្ឍប្រទេស។ វិស័យអប់រំនេះហើយ ដែលបានធ្វើឲ្យប្រទេសមានការរីកចម្រើនមកដល់សព្វថ្ងៃ ហើយរាជរដ្ឋាភិបាលយកចិត្តទុកដាក់ណាស់ទៅលើការងារនេះជាអាទិភាព។

ជាក់ស្តែងការចំណាយរបស់រាជរដ្ឋាភិបាលខ្ពស់លើវិស័យអប់រំបើប្រៀបធៀបនឹងវិស័យផ្សេងៗ ដែល៨០ភាគរយ នៃថវិកាជាតិអនុម័តដោយសភា ដោយចំណាយជាសំខាន់ លើជីវភាពរបស់លោកគ្រូ អ្នកគ្រូ តាមរយៈការតម្លើងប្រាក់បៀវត្ស ការបណ្តុះបណ្តាលសមត្ថភាព និងបង្កើនលទ្ធភាពលោកគ្រូ អ្នកគ្រូ ការកសាងហេដ្ឋារចនាសម្ព័ន្ធក្នុងវិស័យអប់រំ។
នេះជាប្រសាសន៍របស់លោក ហ៊ុន ម៉ាណែត ខណៈលោកចុះជួបសំណេះសំណាល ជាមួយលោកគ្រូ អ្នកគ្រូនៅខេត្តបន្ទាយមានជ័យ កាលពីថ្ងៃសុក្រ ៤កើត ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០១៨។

ជាមួយគ្នានោះដែរ កូនប្រុសច្បងរបស់សម្តេចតេជោរូបនេះ បានបន្ថែមទៀតថា អនាគតកាល គឺផ្អែកលើលំនឹងសុខសន្តិភាព លំនឹងស្ថិរភាព ទិសដៅផែនការ និងគោលនយោបាយច្បាស់លាស់ និងចក្ខុវិស័យវែងឆ្ងាយ។ និរន្តរភាព នៃសន្តិភាព ស្ថិរភាព និរន្តរភាពនៃការដឹកនាំនេះសំខាន់ណាស់ ព្រោះនិរន្តរភាពទាំងនេះ នឹងធានាដល់និរន្តរភាពផ្សេងទៀត។ អ្វីដែលយើងមានសព្វថ្ងៃ គឺជាមោទនភាព ប៉ុន្តែអ្វីដែលសំខាន់ជាងនេះ គឺបន្តនិរន្តរភាព រាជរដ្ឋាភិបាលដែលដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន គឺមានធនធានមនុស្សដែលមានបទពិសោធន៍គ្រប់គ្រាន់ក្នុងការដឹកនាំប្រទេស ក្នុងការថែរក្សាសុខសន្តិភាព ស្ថិរភាព និងមានគោលនយោបាយច្បាស់លាស់។

ជាចុងក្រោយ លោក ហ៊ុន ម៉ាណែត ក៏បានអំពាវនាវដល់លោកគ្រូ អ្នកគ្រូ សិស្សានុសិស្សដែលគ្រប់អាយុបោះឆ្នោត ទៅបោះឆ្នោតទាំងអស់គ្នា គឺនៅថ្ងៃទី២៩ ខែកក្កដា ខាងមុខ ដើម្បីបំពេញកាតព្វកិច្ចជាប្រជាពលរដ្ឋ៕


