Sponsor
អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញៈ យុទ្ធសាស្ត្រជាតិសកម្មភាពមីន ឆ្នាំ២០១៨-២០២៥នេះ បានកត់សម្គាល់ថា វិស័យសកម្មភាពមីន នៅកម្ពុជា ឈានដល់ចំណុចរបត់មួយយ៉ាងសំខាន់ គឺការផ្លាស់ប្តូរពីការពឹងផ្អែកលើជំនួយអន្តរជាតិ មកជាការប្រើប្រាស់ថវិកាក្នុងស្រុក ហើយបើតាមការព្យាករណ៍ ដើម្បីទទួលបានជោគ ជ័យ ក្នុងការអនុវត្តផែនការយុទ្ធសាស្ត្រជាតិវិស័យសកម្មភាពមីននេះ កម្ពុជា ត្រូវការថវិកាប្រមាណ៤០៦លានដុល្លារ។

នេះបើយោងទៅលើផែនការយុទ្ធសាស្ត្រជាតិសកម្មភាពមីន ឆ្នាំ២០១៨-២០២៥ ដែលបានដាក់ចេញដោយអាជ្ញាធរមីនកម្ពុជា ហើយត្រូវបាន ប្រកាសដាក់ឲ្យអនុវត្តន៍ជាផ្លូវការ នារសៀលថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០១៨ ដោយប្រមុខរាជរដ្ឋាភិបាល សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងជាប្រធានអាជ្ញាធរកម្ពុជា គ្រប់គ្រងសកម្មភាពកំចាត់មីន និងសង្គ្រោះជនពិការដោយសារមីន ក្នុងឱកាសបិទសន្និបាតជាតិវិស័យសកម្មភាពមីន និងប្រកាសដាក់ឲ្យដំណើរការផែនការយុទ្ធសាស្ត្រជាតិសកម្មភាពមីន២០១៨-២០២៥ នៅវិមានសន្តិភាព។

អាជ្ញាធរមីនកម្ពុជា ហៅកាត់ថា ស៊ីម៉ាក់ (CMAC) ឲ្យដឹងថា រយៈពេល២៥ឆ្នាំកន្លងមកនេះ ប្រទេសកម្ពុជា បានសម្រេចជោគជ័យដ៏ធំធេង ក្នុងការរំដោះផ្ទៃដី ដែលមានមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម និងកាត់បន្ថយចំនួនអ្នកស្លាប់ និងរបួសដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាមយ៉ាងច្រើនសន្ធឹកសន្ធាប់។ គិតត្រឹមខែធ្នូ ឆ្នាំ២០១៧កន្លងទៅនេះ ផ្ទៃដីទំហំ១,៧០០គីឡូម៉ែត្រក្រឡា ត្រូវបានបោសសម្អាត សម្រាប់យកទៅប្រើប្រាស់ និងបង្កបង្កើនផល ក្នុងនោះ មីន ប្រមាណ១,២៥០,០០០គ្រាប់ និងសំណល់ជាតិផ្ទុះពីសង្គ្រាមប្រមាណ២,៧០០,០០០គ្រាប់ ត្រូវបានរកឃើញ និងបំផ្លាញចោល ខណៈផ្ទៃដីប្រមាណជា២,០០០គីឡូម៉ែត្រក្រឡា នៅមានគ្រាប់មីន និងសំណល់ជាតិផ្ទុះពីសង្គ្រាមនៅឡើយ។ ទោះយ៉ាងណា បើតាមអាជ្ញាធរមីន កម្ពុជា មានសមត្ថភាព និងអាចរំដោះតំបន់ទាំងអស់ ដែលដឹងថា មានមីនប្រឆាំងមនុស្ស នៅត្រឹមឆ្នាំ២០២៥។

សូមបញ្ជាក់ថា កម្ពុជា ជាប្រទេសមួយនៅតំបន់អាស៊ី ដែលប្រឈមបញ្ហាមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាមជាច្រើន ដែលជាលទ្ធផលនៃសង្គ្រាមរ៉ាំរ៉ៃអូសបន្លាយយ៉ាងយូរក្នុងប្រទេស និងក្នុងតំបន់ ចាប់តាំងពីដើមទសវត្សរ៍ឆ្នាំ១៩៦០ រហូតដល់ចុងឆ្នាំ១៩៩៨។ បញ្ហាមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាមនេះ បានបណ្តាលឲ្យមានអ្នកស្លាប់ និងរបួសចំនួនប្រមាណ៦៤,៦៨៨នាក់ គិតចាប់ពីឆ្នាំ១៩៧៩ ដល់ឆ្នាំ២០១៧ ព្រមទាំងបង្កនូវសោកនាដកម្មដ៏ឈឺចាប់ ដែលមិនធ្លាប់កើតមានពីមុនមក និងធ្វើឲ្យរាំងស្ទះដល់ការអភិវឌ្ឍន៍ប្រទេសផងដែរ។

សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា ផែនការយុទ្ធសាស្ត្រនេះ មានគោលបំណងសម្រេចឲ្យបាននូវចក្ខុវិស័យ «ប្រទេសកម្ពុជា គឺជាប្រទេសដែលគ្មានមីន ការគំរាមកំហែង ដោយសារសំណល់ជាតិផ្ទុះពីសង្គ្រាម ត្រូវបានកាត់បន្ថយ ឲ្យនៅកម្រិតអប្បបរមា និងមានការអភិវឌ្ឍសេដ្ឋកិច្ចសង្គម និងធនធានមនុស្ស ដែលប្រព្រឹត្តទៅដោយសុខភាព»។

ក្នុងផែនការយុទ្ធសាស្ត្រជាតិសកម្មភាពមីន ក៏បានដាក់ចេញនូវគោលដៅយុទ្ធសាស្ត្រចំនួន៨ និងគោលបំណងចំនួន២៧ផងដែរ ហើយទន្ទឹមនេះ ផែនការនេះ ក៏នឹងបង្ហាញពីវិធីសាស្ត្រដែលកម្ពុជា នឹងប្រើប្រាស់ដោះស្រាយបញ្ហាមីន និងសំណាល់ជាតិផ្ទុះពីសង្គ្រាម ជាពិសេសការរំដោះផ្ទៃដីដែលដឹងថា មានមីនប្រឆាំងមនុស្សឲ្យរួចរាល់ត្រឹមឆ្នាំ២០២៥ និងការរៀបចំខ្លួន ដើម្បីឆ្លើយតបការគំរាមកំហែងដែលនៅសេសសល់ក្រោយឆ្នាំ២០១៥។

បើតាមសម្តេច ដើម្បីសម្រេចចក្ខុវិស័យក្នុងការបោសសម្អាតមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាមនៅឆ្នាំ២០២៥នោះ នៅក្នុងផែនការយុទ្ធសាស្ត្រជាតិសកម្មភាពមីន បានកំណត់ថា នឹងរំដោះផ្ទៃដីទាំងអស់ ដែលដឹងថា មានមីនប្រឆាំងមនុស្ស រំដោះផ្ទៃដីអាទិភាព ដែលរងគ្រោះដោយគ្រាប់បែកចង្កោម កាត់បន្ថយហានិភ័យដែលបណ្តាលមកពីសំណល់ជាតិផ្ទុះពីសង្គ្រាម នៅកម្ពុជា និងស្វែងរកការគាំទ្រលើសិទ្ធិ និងសេវាកម្មសម្រាប់ជនរងគ្រោះដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម និងគ្រួសារ។

សម្តេចតេជោ ហ៊ុន សែន បានប្រកាសអះអាង និងប្តេជ្ញាចិត្តយ៉ាងមុតមាំ ដើម្បីឲ្យកម្ពុជា សម្រេចបានចក្ខុវិស័យមួយ ដែលបានកំណត់ក្នុងផែនការយុទ្ធសាស្ត្រជាតិសកម្មភាពមីន២០១៨-២០២៥ ដែលរាជរដ្ឋាភិបាលបានអនុម័ត «កម្ពុជា គឺជាប្រទេសដែលគ្មានមីន ហើយការគំរាមដោយសារសំណល់ជាតិផ្ទុះពីសង្គ្រាម ត្រូវបានកាត់បន្ថយឲ្យនៅកម្រិតអប្បបរមា និងមានការអភិវឌ្ឍសង្គម សេដ្ឋកិច្ចប្រព្រឹត្តទៅដោយសុវត្ថិភាព»។

ហើយដើម្បីសម្រេចបានជោគជ័យនេះ សម្តេចតេជោ បានដាក់ចេញនូវអនុសាសន៍មួយចំនួន ចំពោះប្រតិបត្តិករបោសសម្អាតមីនជាតិ-អន្តរជាតិ អាជ្ញាធរមីន និងក្រសួងស្ថាប័ននានាផងដែរ ក្នុងនោះត្រូវបន្តពង្រឹងគុណភាព សុវត្ថិភាព គណនេយ្យភាព និងប្រសិទ្ធភាពចំពោះការងាររបស់ខ្លួន ដើម្បីទទួលបាននូវការគាំទ្រ និងការជឿទុកចិត្តពីដៃគូពាក់ព័ន្ធ។ បន្តអនុវត្តន៍ឲ្យបានខ្ជាប់ខ្ជួនតាមផែនការយុទ្ធសាស្ត្រជាតិសកម្មភាពមីន២០១៨-២០២៥ ស្តង់ដារជាតិ សកម្មភាពមីន ផែនការ គោលការណ៍ណែនាំ និងសេចក្តីណែនាំនានា ដែលចេញដោយអាជ្ញាធរមីន៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor