កណ្ដាលៈ មនុស្ស២នាក់ បានរងរបួស ហើយត្រូវបានបញ្ជូនទៅសង្គ្រោះ បន្ទាប់ពីផ្ទាំងប៉ាណូក្លោងទ្វារ “ភ្នំព្រះរាជទ្រព្យសង្ក្រាន្ត” បាក់ធ្លាក់សង្កត់ពីលើ ដោយសារឥទ្ធិពលភ្លៀងមួយមេធំកាលពីថ្ងៃម្សិលមិញ ដែលក៏បានបង្កការកកស្ទះចរាចរណ៍បណ្ដោះអាសន្នរាប់ម៉ោងផងដែរ។
ហេតុការណ៍នេះ បានកើតឡើងនៅវេលាម៉ោង៦៖៣០នាទីយប់ ថ្ងៃព្រហស្បតិ៍ ៣កើត ខែជេស្ឋ ឆ្នាំច សំរឺទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០១៨ ចន្លោះគីឡូម៉ែត្រលេខ១៩-២០ ចំណុចព្រំប្រទល់សង្កាត់សំរោង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ និងឃុំព្រែករាទែន ស្រុកពញាឮ ខេត្តកណ្ដាល។
សមត្ថកិច្ចឲ្យដឹងថា នៅវេលាម៉ោងកើតហេតុខាងលើ ផ្ទៃមេឃងងឹតមានភ្លៀងធ្លាក់លាយឡំនឹងខ្យល់កន្ត្រាក់ បណ្តាលឲ្យបាក់ធ្លាក់ប៉ាណូក្លោងទ្វារសង្ក្រានឆ្នាំថ្មី “ភ្នំព្រះរាជទ្រព្យ សង្ក្រាន្ត” ស្របពេលជាមួយគ្នានោះ ក៏មានម៉ូតូ១គ្រឿងម៉ាក ហុងដាឌ្រីម ធុនសេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ កំពង់ចាម 1R-6629 ស៊េរីឆ្នាំ២០១៧ បើកបរក្នុងទិសដៅពីត្បូងទៅជើង ប៉ះអ្នកបើកបរ និងអ្នករួមដំណើរ២នាក់ (រងរបួសស្រាល មិនទាន់ស្គាល់អត្តសញ្ញាណ ដោយបញ្ជូនទៅគ្លីនីកឯកជន) ភ្លាមៗ និងបណ្តាលឲ្យស្ទះចរាចរណ៍រយៈពេលប្រហែល២ម៉ោង។
ក្រោយកើតហេតុការណ៍បាក់ធ្លាក់ផ្ទាំងប៉ាណូនេះ អាជ្ញាធរមានសមត្ថកិច្ច និងប្រជាពលរដ្ឋ បានអន្តរាគមន៍ភ្លាមៗ នៅកន្លែងកើតហេតុ ដោយបានរើកាត់ផ្ទាំងប៉ាណូចេញព ព្រមទាំងសម្រួលចរាចរណ៍ឡើងវិញ ដែលកកស្ទះដោយសារផ្ទាំងប៉ាណូនោះបិទផ្លូវ៕