
ភ្នំពេញៈ អ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម លោក សៀង ថៃ បានបញ្ជាក់ថា ក្រសួងពាណិជ្ជកម្ម មានការសោកស្ដាយ ចំពោះសារព័ត៌មានមួយចំនួន ដែលបានចុះផ្សាយខុសពីខ្លឹមសារដើមរបស់រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម លោក ប៉ាន សូរស័ក្ដិ ជាពិសេស លោកក៏បានស្នើសុំឲ្យសារព័ត៌មានទាំងនោះធ្វើការកែតម្រូវ ដើម្បីកុំឲ្យពលរដ្ឋយល់ច្រឡំបន្ត ។
ការលើកឡើងរបស់លោក នៅក្នុងកម្មវិធីសន្និសីទសារព័ត៌មាន ស្ដីពីយន្តការកំណត់តម្លៃប្រេងឥន្ធនៈនៅកម្ពុជា នាព្រឹកថ្ងៃទី១១ ខែឧសភា ឆ្នាំ២០១៨ ។
សូមរំលឹកថា នាពេលថ្មីៗនេះ មានសារព័ត៌មានមួយចំនួន បានផ្សព្វផ្សាយព័ត៌មាន ពីរដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម លោក ប៉ាន់ សូរស័ក្ត ថា សាំងស៊ុបពែរសម្រាប់អ្នកមាន រីឯសាំងធម្មតាសម្រាប់ អ្នកមានជីវភាពមធ្យម និងក្រ ដោយមានការចែករំលែកព័ត៌មាននេះ ទៅក្នុងបណ្ដាញសង្គមហ្វេសប៊ុក ធ្វើឲ្យមជ្ឈដ្ឋានទូទៅ និងប្រជាពលរដ្ឋមានការចាប់អារម្មណ៍យ៉ាងខ្លាំងផងដែរ ។
នៅក្នុងឱកាសនោះ លោក សៀង ថៃ ថា ការពិតទៅព័ត៌មានដែលមិនច្បាស់ការ ធ្វើឲ្យមានការភ័ន្តច្រឡំ ប៉ះពាល់ដល់កិត្តិយសថ្នាក់ដឹកនាំក្រសួង គឺជារឿងមួយដែលគួរឲ្យសោកស្ដាយបំផុត ។
អ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម បានថ្លែងថា "បើសិនជាមានអស់លោក លោកស្រី ដូចខ្ញុំនិយាយខាងដើមចឹង មានចេតនាក្ដី អចេតនាក្ដី ខ្ញុំមិនដឹងទេ បើសិនជាគាត់ទទួលខុសត្រូវទៅលើអ្វីដែលគាត់បានផុស (Post)។ សូមមេត្តាថា កែសម្រួលនូវអ្វីដែលគាត់សរសេរទៅ វាមិនចំប្រសាសន៍ លោករដ្ឋមន្ត្រី ដើម្បីផ្ដល់កិត្តិយស និងផ្ដល់យុត្តិធម៌ជូនថ្នាក់ដឹកនាំក្រសួងឡើងវិញ” ។
លោកបន្តថា ក្រសួងពាណិជ្ជកម្ម ក៏ដូចជាថ្នាក់ដឹកនាំក្រសួង បានខិតខំប្រឹងប្រែង ធ្វើការងារជួយប្រទេសជាតិ ប៉ុន្តែបែរជាទទួលបានការថ្នាំងថ្នាក់ពីប្រជាពលរដ្ឋ ដោយសារតែការផ្សព្វផ្សាយព័ត៌មានមិនពិតខុសពីខ្លឹមសារដើម ដែលរដ្ឋមន្ត្រីបានលើកឡើង ។
ជាមួយគ្នានោះដែរ អ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម ក៏បានអំពាវនាវ តាមរយៈសន្និសីទសារព័ត៌មាន ក៏ដូចជាអ្នកសារព័ត៌មាន ដែលបានចូលរួមក្នុងសន្និសីទនេះ ជួយផ្សព្វផ្សាយព័ត៌មានពិត ពីការបកស្រាយទៅលើការផ្សាយព័ត៌មានខុសពីខ្លឹមសារដើម របស់រដ្ឋមន្ត្រី ដើម្បីកុំឲ្យមជ្ឈដ្ឋានទូទៅ និងប្រជាពលរដ្ឋ មានការយល់ច្រឡំតទៅទៀត ។
ពាក់ព័ន្ធនឹងការប្រើប្រាស់សាំងស៊ុបពែរ និងសាំងធម្មតា លោក សុខ សុភ័ក្រ អនុរដ្ឋលេខាធិការ ក្រសួងពាណិជ្ជកម្ម បានបកស្រាយថា តាមបច្ចេកទេសមានការបែងចែកច្បាស់លាស់ថា រថយន្តប្រភេទណា ម៉ូតូប្រភេទណា ត្រូវចាក់សាំងអ្វី ។
នៅដើមខែឧសភា ឆ្នាំ២០១៨នេះ ចាប់ពីថ្ងៃទី២ ដល់ថ្ងៃទី១១ ខែឧសភា ក្រសួងក៏បានកំណត់ តម្លៃប្រេងសាំងលក់រាយ នៅតាមស្ថានីយប្រេងឥន្ធនៈដែរ ក្នុងនោះប្រេងសាំងធម្មតាមានតម្លៃ ៤.១០០រៀលក្នុង១លីត្រ និងប្រេងម៉ាស៊ូតតម្លៃ៣.៩០០រៀលក្នុង ១លីត្រ ។
តាមសេចក្ដីប្រកាសអន្តរក្រសួង កាលពីថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១៧ បានសម្រេចថា តម្លៃ Premium ត្រូវបានកំណត់០,២២ដុល្លារ ក្នុងមួយលីត្រ សម្រាប់សាំងធម្មតា (Max. EA92) និងតម្លៃ Premium សម្រាប់ប្រេងម៉ាស៊ូត ត្រូវបានកំណត់០,២៥ដុល្លារ ក្នុងមួយលីត្រ (តម្លៃគិតជាដុល្លារអាមេរិក រួចគិតជាប្រាក់រៀលតាម អត្រាប្ដូរប្រាក់ចេញ ដោយធនាគារជាតិកម្ពុជា) ។ តម្លៃ Premium សម្រាប់ប្រេងសាំងស៊ុបពែរ មិនត្រូវបានកំណត់ទេ ។
គួរបញ្ជាក់ថា ក្រសួងពាណិជ្ជកម្ម បានកំណត់តម្លៃប្រេងជារៀងរាល់១០ថ្ងៃម្ដង និងតាមដានតម្លៃប្រេងសាំង នៅតាមស្ថានីយនានា ជាប្រចាំផងដែរ ក៏ប៉ុន្តែនៅតែមានមតិមួយចំនួនលើកឡើងថា តម្លៃប្រេងសាំងនៅតែខ្ពស់ មិនស្របតាមការកំណត់របស់ក្រសួងឡើយ៕
