
ព្រះវិហារៈ មានករណីផ្ទុះអាវុធកែច្នៃមួយ បានកើតឡើងកាលពីម៉ោង១០៖៣០នាទីព្រឹកថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០១៨ នៅចំណុចស្រែព្រាលទិសខាងកើតភូមិប្រមេរុ ឃុំប្រមេរុ ស្រុកត្បែងមានជ័យ ខេត្តព្រះវិហារ បណ្តាលយុវជនម្នាក់ស្លាប់ពេលបញ្ជូនដល់មន្ទីរពេទ្យ។
ជនរងគ្រោះ ឈ្មោះ អួន រ៉ាវី ភេទប្រុស អាយុ២៥ឆ្នាំ មុខរបរកសិករ រស់នៅភូមិកើតហេតុ។ ចំណែកជនបង្កឈ្មោះ សុខ វ៉ាន់ឌីន ភេទប្រុស អាយុ២១ឆ្នាំ មុខរបរកសិករ រស់នៅភូមិឃុំកើតហេតុជាមួយគ្នា។

ក្រោយកើតហេតុជនសង្ស័យ ត្រូវសមត្ថកិច្ចឃាត់ខ្លួនបញ្ជូនទៅអធិការស្រុកត្បែងមានជ័យ ដើម្បីសាកសួរ និងកសាងសំណុំរឿងចាត់ការបន្តតាមនីតិវិធី។ ចំណែកសាកសព សមត្ថកិច្ចប្រគល់ឲ្យបងប្អូនយកទៅធ្វើបុណ្យតាមប្រពៃណី។

ជុំវិញករណីផ្ទុះអាវុធកែច្នៃ បណ្ដាលឲ្យយុវជនម្នាក់ខាងលើនេះ លោក អ៊ុន ចាន់ដា អភិបាលខេត្តព្រះវិហារ ក៏ដូចជាលោកឧត្ដមសេនីយ៍ទោ យិន ចំណាន ស្នងការនគរបាលខេត្ត បានអំពាវនាវ និងទទួចឱ្យពលរដ្ឋទាំងអស់ បញ្ឈប់ការផលិត និងរក្សាទុកអាវុធកែច្នៃខុសច្បាប់ ព្រោះវាជាបញ្ហាសំខាន់ណាស់ ដែលមិនគួមើលរំលង។ ហើយការក្សាទុកអាវុធកែច្នៃ មិនត្រឹមតែចោទជាបញ្ហានោះទេ វាបង្កឱ្យចលាចលនៅក្នុងសង្គមយើងកាន់តែកើតឡើង ព្រោះកាលណាមានអាវុធ អំពើលួចប្លន់ វានឹងកើតឡើង ដោយសារការរក្សានូវអាវុធខុសច្បាប់ទាំងនេះ។ ដូច្នេះប្រជាពលរដ្ឋទាំងអស់ ដាច់ខាតត្រូវតែប្រគល់អាវុធខុសច្បាប់ជូនដល់សមត្ថកច្ច បើពុំដូច្នេះទេ នឹងទទួលទោសទៅតាមច្បាប់៕
B
