
ភ្នំពេញៈ រថយន្តស៊េរីទំនើបៗ កប់ៗស៊េរីជាង១០គ្រឿង ត្រូវបានរងការឆាបឆេះខ្ទេចគ្មានសល់ ដែលបើតាមការប៉ាន់ប្រមាណតម្លៃរាប់ម៉ឺនដុល្លារ ខណៈឃ្លាំងលក់រថយន្ត ឃ្លាំងលក់គ្រឿងបន្លាស់រថយន្ត និងផ្ទះប្រជាពលរដ្ឋជាច្រើនខ្នង នៅខាងក្រោយមជ្ឈមណ្ឌលម៉ុងឌីយ៉ាល់ ក្លាយជាចំណីអគ្គិភ័យនាទៀបភ្លឺថ្ងៃព្រហស្បតិ៍នេះ។
សេចក្ដីរាយការណ៍បឋមពីភ្នាក់ងារអង្គភាពសារព័ត៌មាន Cam Post ពីកន្លែងកើតហេតុបានឲ្យដឹងថា អគ្គិភ័យបានលេបត្របាក់ឃ្លាំងលក់រថយន្ត និងគ្រឿងបន្លាស់រថយន្ត៣កន្លែងជាប់ៗគ្នាយ៉ាងសន្ធោសន្ធៅ បង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ ដែលនៅក្បែរ និងសមត្ថកិច្ចហៅរថយន្តពន្លត់អគ្គិយជាច្រើនគ្រឿង មកអន្តរាគមន៍ភ្លាមៗ។ គ្រោះអគ្គិភ័យដ៏អាក្រក់នេះបានកើតឡើងកាលពីវេលាម៉ោង៣៖២០នាទីទៀបភ្លឺ ថ្ងៃព្រហស្បតិ៍ ១១រោច ខែពិសាខ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី១០ ខែឧសភា ឆ្នាំ២០១៨ ចំណុចឃ្លាំងលក់រថយន្ត និងគ្រឿងបន្លាស់រថយន្តនៅតាមបណ្តោយផ្លូវលេខ២១៩ ស្ថិតក្នុងសង្កាត់ផ្សារដើមគរ ខណ្ឌទួលគោក រាជធានីភ្នំពេញ។
សាក្សីឃើញហេតុការណ៍ផ្ទាល់ រៀបរាប់ប្រាប់ភ្នាក់ងារយើងថា នៅមុនពេលកើតហេតុ គេបានឃើញមានអគ្គិភ័យបានឆាបឆេះឃ្លាំងលក់រថយន្ត ដែលនៅខាងត្បូងគេ ហើយបានបន្តឆាបឆេះឃ្លាំងជាប់គ្នា ដែលជាឃ្លាំងលក់គ្រឿងបន្លាស់រថយន្តយ៉ាងសន្ធោសន្ធៅឡើង ហើយអំណាចភ្លើងបន្តឆេះឃ្លាំងជាប់គ្នាមួយទៀត។ ភ្លាមៗនោះ ក៏មានក្រុមរថយន្តពន្លត់អគ្គិភ័យជាច្រើនគ្រឿង មកអន្តរាគមន៍ផងដែរ។ ទោះជាយ៉ាងណា អគ្គិភ័យបានឆាបឆេះយ៉ាងសន្ធោសន្ធៅ ដោយសារតែមានប្រេងលាយឡនឹងជ័រថែមទៀត ទើបធ្វើឲ្យសមត្ថកិច្ចមានការពិបាកក្នុងការបាញ់ពន្លត់ និងគ្របគ្រង់ស្ថានការណ៍។

បើតាមសេចក្ដីរាយការណ៍ កម្លាំងនគរបាលបានប្រើប្រាស់រយៈពេល២ម៉ោង នៅតែមិនទាន់អាចគ្រប់គ្រងស្ថានការណ៍បានទាំងស្រុងឡើយ ហើយពាក់ព័ន្ធនឹងការឆាបឆេះនោះ នៅមិនទាន់ដឹងពីមូលហេតុនោះទេ ខណៈការខូចខាតក៏មិនទាន់អាចបូកសរុបបានដែរ ព្រោះមានរថយន្តស៊េរីទំនើបៗបានឆេះរាលដាលបន្តគ្នាខ្ទេចអស់ជាច្រើនគ្រឿង ដោយក្នុងមួយគ្រឿងតម្លៃខ្ទង់ម៉ឺនដុល្លារឯណ្ណោះ។

បែបណាក៏ដោយ រហូតមកទល់ម៉ោងជិត៧ព្រឹកនេះ គ្រោះអគ្គិភ័យដ៏អាក្រក់ខាងលើ នៅមិនទាន់រលត់ទាំងស្រុងនៅឡើយទេ ប៉ុន្តែសមត្ថកិច្ចជំនាញបានអន្តរាគមន៍បាញ់ទឹកទប់ស្កាត់មិនឲ្យរាលដាលដល់ផ្ទះប្រជាពលរដ្ឋដទៃ។ ជាមួយគ្នា អង្គភាពសារព័ត៌មាន Cam Post ក៏បានធ្វើការផ្សាយផ្ទាល់ពីគ្រោះអគ្គិភ័យនេះ ពីកន្លែងកើតហេតុ ហើយយើងនឹងផ្សាយព័ត៌លម្អិតនៅពេលបន្តិតទៀត៕




រូបភាព




រូបភាព




រូបភាព

