header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

ថៃៈ ជនជាតិថៃម្នាក់  ដែលមានមុខរបរជាអ្នកបើកបររថយន្តដឹកអ្នកដំណើរ ត្រូវបានកម្លាំង​តម្រួតថៃ ធ្វើការឃាត់ខ្លួន ដោយយោងទៅលើពាក្យបណ្តឹងរបស់ជនរងគ្រោះ ដែលជាពលការិនីខ្មែរ ដោយបានចោទប្រកាន់ទៅលើបុរសម្នាក់ថា បានចាប់រំលោភខ្លួនរហូតបានសម្រេចនៅក្នុងរថយន្ត ខណៈដែលខ្លួនបានធ្វើដំណើរវិលត្រឡប់មកលេងស្រុកកំណើត។

ការឃាត់ខ្លួននេះ បានធ្វើឡើងកាលពីថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០១៨ វេលាម៉ោង៣រសៀល  នៅលើកំណាត់ផ្លូវទៅកាន់សណ្ឋាគារ៩១ កណ្តាលទីរួមស្រុកវ៉ាំងណាំយិន ខេត្តស្រះកែវ  ប្រទេសថៃ  ដែលជនសង្ស័យរូបនេះឈ្មោះ សុង សុមផាត់ ភេទប្រុស អាយុ៥២ឆ្នាំ រស់នៅភូមិ ៥ ឃុំសៃថង ស្រុកខ្លងហាត ខេត្តស្រះកែវ មានមុខរបរជាអ្នកបើកបររថយន្តតួរីស ដឹកអ្នកដំណើរលេខ ស្រះកែវ ១០.០៧៩៧ រត់លើផ្លូវពីផ្សាររោងក្លឿទៅកាន់ផាតាយ៉ា។

បើតាមការអះអាងពីនារីរងគ្រោះ  ដែលជាពលការិនីកម្ពុជា  អាយុ៣៣ឆ្នាំ ទៅធ្វើការនៅក្នុងប្រទេសថៃ បាននិយាយថា កាលពីថ្ងៃទី២៤  ខែឧសភា នាងបានធ្វើដំណើរតាមរថយន្តនេះ  ក្នុងទិសដៅពីកាប៊ីនបុរី  ទៅកាន់ផ្សាររោងក្លឿ ក្នុងស្រុកអារញ្ញប្រាថេត  ដើម្បីទៅលេងស្រុកកំណើតនៅឯកម្ពុជា។​ នៅពេលនោះគេបានបើករថយន្តទៅបញ្ចូលហ្គាស ប៉ុន្តែលុះដល់កន្លែងស្ងាត់ អ្នកបើកបរក៏បានចាប់ខ្លួនរំលោភនៅលើកៅអីខាងក្នុងរថយន្តនោះរហូតបានសម្រេច ។ ក្រោយមកនាងក៏បានទូរស័ព្ទទៅប្រាប់ស្វាមី (រស់នៅក្នុងប្រទេសថៃដូចគ្នា ) ដើម្បីដាក់ពាក្យប្តឹងទៅសមត្ថកិច្ច។

ក្រោយពេលចាប់ខ្លួនដើម្បីយកមកសាកសួរ នៅក្នុងស្ថានីយតម្រួតវ៉ាំងណាំយិន គឺមានក្រុមគ្រួសារសាច់ញាតិរបស់ជនសង្ស័យ  ពិសេសក៏មានលោក វាសនា ពោធិថងមេឃុំសៃថង ផងដែរ សរុបប្រមាណ ជិត១០នាក់ បានធ្វើដំណើរមកកាន់ស្ថានីយតម្រួត ដើម្បីចរចា និងទាក់ទងសុំធានាខ្លួនជនសង្ស័យរូបនេះឲ្យ​មានសេរីភាពលើកលែងពីការឃុំខ្លួន។ អ្វីដែលពិតប្រាកដនោះគឺនៅម៉ោង១០ព្រឹកថ្ងៃទី២៦ នេះ ក្រុមតម្រួតបានធ្វើការឃុំខ្លួនបុរស ដែលជាអ្នកបើកបររថយន្តជាបណ្តោះអាសន្នសិន  ដោយមិនឲ្យ​លើសពី២៤ម៉ោងនោះឡើយ  ដើម្បីនាំយកនារីរងគ្រោះដែលជាជនជាតិខ្មែរទៅកាន់មន្ទីរពេទ្យវ៉ាំងណាំយិន ក្នុងការពិនិត្យទៅតាមបច្ចេកវិទ្យា D NA លើរូបរាងកាយ និងលើអ្វីដែលពាក់ព័ន្ធនឹងករណីរំលោភនេះ។

ជាចុងក្រោយក្រុមតម្រួតថៃ  ក៏បានអនុញ្ញាតឲ្យ​សាច់ញាតិ  និងក្រុមគ្រួសាររបស់ជនបង្ក  អាចមានសិទ្ធិធានាខ្លួនបានដោយកំណត់ឲ្យ​តម្កល់ប្រាក់ចំនួន ២០០ ០០០បាត( ពីរសែនបាត ) ដោយនៅពេលនេះដែរ គឺក្រុមគ្រួសារកំពុងពិភាក្សាគ្នាក្នុងការរកប្រាក់មកតម្កល់៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post