header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

ព្រៃវែងៈ ជារៀងរាល់ឆ្នាំនៅស្រុកបាភ្នំ គេតែងតែប្រារព្ធពីវិធីបុណ្យឡើងអ្នកតា មេ ស និងធ្វើរោងបុណ្យនៅចំណុចតារាងបាល់ មុខសាលាស្រុកបាភ្នំ ស្ថិតក្នុងភូមិឈើកាច់ ឃុំឈើកាច់ ស្រុកបាភ្នំខេត្តព្រៃវែង ដែលនិងប្រព្រឹត្តទៅរយៈពេល៣ថ្ងៃ គឺចំថ្ងៃទី២៥-២៦-២៧ ខែឧសភា ។

ជាមួយគ្នានោះ គេសង្កេតឃើញភ្ញៀវជិតឆ្ងាយបានមកលេងកម្សាន្តយ៉ាងច្រើនកុះករ មានទាំងក្មេងចាស់ប្រុសស្រី ។ ទន្ទឹមនិងនោះក៏មានអាជីវករជាច្រើននាក់ បានធ្វើរោងតាំងពិរព័ណ៍ លក់ទំនិញរបស់ខ្លួនយ៉ាងសប្បាយរីករាយ ។

យើងសូមបង្វែរអារម្មណ៍របស់លោកអ្នកមកស្វែងយល់អំពីប្រវត្តិអ្នកតា មេ ស នៅស្រុកបាភ្នំខេត្តព្រៃវែង ដោយបច្ចុប្បន្ននៅក្នុងខ្ទមអ្នកតា មេ ស មានរូបសំណាកបី រួមមានមនុស្សស្រី ដែលឈរ នៅកណ្តាលមានដៃបួន គឺមានឈ្មោះថា មេ ស ជាមេធំ រូបឈរខ្លួនមនុស្សក្បាលដំរីដូចព្រះគណេសមានឈ្មោះថា គិរីផល និងរូបជួតក្បាលកន្សែងក្រហមឈ្មោះថា គិរីជោត ដែលត្រូវជាកូនលោកតាមគិរីផល និងលោកយាយ មេ ស ហើយនៅមានរូបសំណាកតូចៗ២ទៀត គឺឈ្មោះ មេទ័ពតេជោ និងលោកយាយរតនៈ ដែលអ្នកទាំង២ ត្រូវជាមាតាបិតារបស់លោកតា គិរី ផល ។

យោងតាមសៀវភៅប្រវត្តិស្រុកបាភ្នំ បានសរសេររៀបរាប់ថា នៅសម័យនគរភ្នំ មានកំលោះម្នាក់ឈ្មោះ គិរីផល ដែលមានឪពុកជាមេទ័ពមានងារជាតេជោ និងម្តាយឈ្មោះរតនៈ រស់នៅតំបន់បាភ្នំ ហើយកាលណោះនគរភ្នំ បានចងសម្ព័ន្ធភាពការទូតជាមួយប្រទេសក្រិក ពេលកំលោះ គិរីផលពេញវ័យ ព្រះរាជានគរភ្នំ បានបញ្ជូនឲ្យទៅរៀនយុទ្ធសាស្ត្រសិល្ប៍វិជ្ជា នៅប្រទេសក្រិកជាមួយបុរសខ្មែរម្នាក់ទៀត ដែលខ្លាំងពូកែក្នុងនគរ ។

នៅប្រទេសក្រិកកំលោះគិរីផល ក៏បានជួបនឹងនារីម្នាក់ឈ្មោះ មេ ស ដែលជាកូនស្រីមេទ័ពប្រទេសក្រិក លុះរយៈពេល៧ឆ្នាំ ការសិក្សាបានបញ្ចប់តែព្រះរាជាក្រិក មិនអនុញ្ញាតឲ្យ គិរីផល មកនគរភ្នំវិញទេ ព្រមទាំងបានតែងតាំងជាមេទ័ពប្រចាំប្រទេស ក្រោយមកមេទ័ព គិរីផល បាន រៀបការជាមួយកញ្ញា មេ ស រួមរស់ជាមួយគ្នាបានកូនប្រុសម្នាក់ គឺឈ្មោះ គិរីជោត ។ នៅក្នុងអំឡុងពេលនគរភ្នំមានចម្បាំងជាមួយនគរចម្ប៉ា ហើយដំណឹងនេះក៏បានឮដល់មេទ័ព គិរីផល ក៏បានរត់គេចខ្លួនតែម្នាក់ឯងមកកាន់នគរភ្នំវិញ ។

លុះព្រះរាជាក្រិក ដឹងរឿងនេះមានការខឹងសម្បាយ៉ាងខ្លាំង នឹងបានចេញបញ្ជាឲ្យយកហិបសម្រាប់កាត់ក្បាលគិរីផល បន្ទាប់មកនាង មេ ស និងកូនប្រុស ក៏បានមកដល់នគរភ្នំដែរ តែវាយឺតពេលទៅហើយ ពីព្រោះមេទ័ពគិរីផល បានសុខចិត្តឲ្យគេកាត់ក្បាលដាក់ក្នុងហិប ដើម្បីជាថ្នូរ មិនប្រកាសសង្រ្គាមជាមួយប្រទេសក្រិក ។

នៅពេលនាង មេ ស ឃើញសពប្តីអត់ក្បាលបែបនេះចៃដន្យមានព្រានព្រៃមួយក្រុម ទើបនឹងបាញ់បានកូនដំរីមួយ ក៏សុំកាត់ក្បាលកូនដំរីនោះយកមកភ្ជាប់ជាមួយដងខ្លួនប្តី ក្រោយមកមេទ័ពគិរីផល ក៏ដឹងខ្លួនឡើងវិញ គឺបានត្រឹមតែប្រើកាយវិការងោកក្បាលតែប៉ុណ្ណោះ ពីព្រោះដោយសារតែខ្លួនមានក្បាលជាដំរីនិយាយមិនកើត ។

អស់រយៈកាលជាច្រើនឆ្នាំក្រោយមក ពេលអ្នកទាំងបីស្លាប់អស់ទៅព្រះរាជានគរភ្នំ ក៏បានចាត់ឲ្យគេសាងប្រាង្គមួយនៅលើទីទួលខ្ពស់ត្រដែត សម្រាប់តម្កល់រូបសំណាក់ អ្នកទាំងបីរួមទាំងឪពុកម្តាយរបស់លោកមេទ័ព គិរីផល ផងដែរ សម្រាប់រំលឹកធ្វើបុណ្យ ហើយចាប់ពីពេលនោះមកអ្នកស្រុកក៏នាំគ្នាសន្មតហៅរូបសំណាកនៅលើទីទួលនោះថា អ្នកតា មេ ស មកទល់សព្វថ្ងៃនេះ។ ហើយក៏នាំគ្នាធ្វើបុណ្យជារៀងរាល់ឆ្នាំដែលអ្នកស្រុកបាភ្នំហៅថា បុណ្យឡើងអ្នកតា មេ ស រហូតដល់បច្ចុប្បន្ន ។ ទីទួលអ្នកតា មេ ស នេះគឺជាកន្លែងដែលបង្កប់នូវអាថ៌កំបាំង និងអាចនិយាយបានថា ជាតំបន់ដែលមនុស្សទូទៅមានជំនឿយ៉ាងខ្លាំង។

បើតាមសៀវភៅប្រវត្តិស្រុកបាភ្នំ បានឲ្យដឹងទៀតថា កាលសម័យនោះគេតែងតែយកមនុស្សដើម្បីបូជាយញ្ញថ្វាយអ្នកតា មេ ស ដែលប្រពៃណីនេះកើតមានរហូតដល់ជំនាន់លោក ក្រឡាហោមឈាងហាក់ ដែលមានងារជាធម្មាតេជោជាមេទ័ពខាងជើងទឹក និងជាចៅហ្វាយខេត្តបាភ្នំក្នុងសម័យនោះ ។

ការប្រារព្ធពិធីនេះ គេធ្វើឡើងពី៥ទៅ៧ថ្ងៃ ដែលមានប្រជាជនគ្រប់ភូមិស្រុកចំណុះឲ្យខេត្តបាភ្នំចូលរួមយ៉ាងកុះករ គេសង់រោងបុណ្យក្បែរវត្តវិហារធំ នៅចម្ងាយប្រមាណ ១គីឡូម៉ែត្រពីខ្ទមអ្នកតា មេ ស ហើយគេនិមន្តព្រះសង្ឃសូត្រគាថា និងមន្តអាគមរហូតដល់ថ្ងៃឡើងអ្នកតាគេបានយកមនុស្សណាដែលជាប់ពិរុទ្ធជនធ្ងន់ជាងគេ យកទៅបូជាយញ្ញថ្វាយអ្នកតាមេ ស មុននឹងបូជាយញ្ញអ្នកនោះគេឲ្យស៊ីផឹកតាមការចង់ ។

នៅពេលដល់ថ្ងៃកំណត់បូជាយញ្ញ គេដាក់ឃ្នាងនៅកមនុស្សអ្នកទោសនោះដង្ហែទៅកាន់ខ្ទមអ្នកតា មេ ស ដោយមានបាញ់កាំភ្លើងផងដែរ រួចគេនាំគ្នាស្រែកសន្ធាប់៣ដងខ្លាំងៗថា យក្សអើៗៗ រួចពេជ្ឈឃាតម្នាក់មានឈ្មោះ អ៊ិន មានងារមនោបានរាំពត់ពេនដាក់ដាវលើស្មារួចប្រើកម្លាំងដៃកាប់មួយដាវឲ្យដាច់តែម្តង ។

ពួកអ្នកនៅជុំវិញក៏នាំគ្នាសន្និដ្ឋានមើលឈាមដែលហូរផ្សងអំពីទឹកភ្លៀង បើឈាមហូរច្រើននោះទឹកភ្លៀងនឹងធ្លាក់ច្រើននៅគ្រប់ស្រុកជាក់ជាមិនខាន ហើយគេយកក្បាលមនុស្សនោះដាក់លើថាស ដើម្បីថ្វាយអ្នកតា មេ ស និងសាច់ត្រូវបានគេចៀរទៅដោតជាច្រនួតតូចៗឲ្យបាន១០០ច្រនួត ដើម្បីថ្វាយអ្នកតា មេ ស ផងដែរ ។

លុះចូលដល់សម័យកាលធម្មាតេជោ ក៏បានបំបាត់ចោលការបូជាយញ្ញមនុស្សជំនួសដោយសត្វក្របីវិញ ក្រោយមកទៀតនៅជំនាន់ធម្មាតេជោពុផ្លុង ក៏បំបាត់ការសម្លាប់ក្របីនេះ ដោយគ្រាន់តែឧបកិច្ចប៉ុណ្ណោះ រហូតមកដល់ឆ្នាំ១៩២៥ ទើបអ្នកស្រុកនាំគ្នាទិញជ្រូកខ្វៃមកថ្វាយអ្នកតា មេ.ស វិញដោយរបៀបនៃការរៀបចំ បុណ្យ ៣យប់៣ថ្ងៃ គឺចំថ្ងៃទី២៥,២៦,២៧ ខែឧសភាជារៀងរាល់ឆ្នាំ និងបានហែរដង្វាយជូន អ្នកតា រហូតមកដល់សព្វថ្ងៃនេះ៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post