Sponsor
អាម៉ាប៉ាប៉ាញ៉ូស

​កណ្ដាលៈ រថយន្ដ​កុងទីន័រ​អស់ប្រេង​ ឈប់ចត​អត់ដាក់ភ្លើង​សញ្ញា​ ត្រូវរថយន្ដ​បែនដឹកដី​បុក​ពី​ក្រោយពេញទំហឹង បណ្ដាលឲ្យមនុស្សម្នាក់ រងរបួស​ធ្ងន់។

គ្រោះថ្នាក់ចរាចរណ៍នេះ កើតឡើងកាលពីវេលាម៉ោង៩៖៣០នាទីយប់ថ្ងៃសៅរ៍ ១២កើត ខែ ជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០១៨ នៅ​លើផ្លូវជាតិលេខ១ ក្នុងចន្លោះគីឡូម៉ែត្រ២៧-២៨ ចំណុចភូមិខ្សុំ ឃុំបន្ទាយដែក ស្រុកកៀនស្វាយ ខេត្តកណ្តាល។

សមត្ថកិច្ច បានឲ្យដឹងថា ករណីនេះកើតឡើងរវាងរថយន្ត ម៉ាក HINO ពណ៌លឿង ប្រភេទបែន ពាក់ស្លាកលេខ ភ្នំពេញ 3A- 7061 បើកបរដោយឈ្មោះ លឹម សុខខេង ភេទប្រុស អាយុ ៣៤ ឆ្នាំ មុខរបរបើកបររថយន្ត មានទីលំនៅ ភូមិ ភ្នំធំ ឃុំអូរប្រាសាទ ស្រុកមង្គលបូរី  ខេត្តបន្ទាយមានជ័យ ធ្វើដំណើរទិសដៅពីអ្នកលឿងទៅភ្នំពេញ  តាមផ្លូវជាតិលេខ១  លុះមកដល់​កន្លែងកើតហេតុខាងលើ បានបុកពីក្រោយរថយន្ត ម៉ាក HYUNDAI  ពណ៌ស ប្រភេទសណ្តោង  ពាក់ស្លាក​លេខ ព្រះសីហនុ 3A-1519 បើកបរដោយជនមិនស្គាល់អត្តសញ្ញាណ  ដែលបើកបរមានទិសដៅស្របគ្នា ហើយអស់ប្រេងរលត់ម៉ាស៊ីនឈប់លើទ្រូងផ្លូវ ដោយគ្មានដាក់ភ្លើងសញ្ញានិងមិនបានដាក់អ្វីជាសញ្ញាបង្ហាញ ដល់អ្នកធ្វើដំណើរនោះទេ បណ្តាលឲ្យ​តែកុងរថយន្តបែនដឹកដីរងរបួសធ្ងន់ ត្រូវបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យព្រះកុសមៈ(ពេទ្យព្រះសង្ឃ) ។

តាមការសន្និដ្ឋាន​របស់​សមត្ថកិច្ច​អ្នកបើកបររថយន្តម៉ាកHYUNDAI ធ្វេងប្រហែស ខ្ជីខ្ជាមិនប្រុងប្រយ័ត្នឈប់មិនបើកភ្លើង មិនដាក់សញ្ញា។ ចំណែក​អ្នកបើកបរ រថយន្តម៉ាកHINO ឈ្មោះលឹម សុខខេង បើកបរល្បឿនលឿនមិនមើលស្ថានភាពផ្លូវខាងមុខមានឧបសគ្គ។

ក្រោយកើតហេតុរថយន្តទាំងពីរគ្រឿង ត្រូវបានសមត្ថកិច្ចយកមករក្សារទុកជាភស្តុតាងនៅអធិការដ្ឋាននគរបាលស្រុកកៀនស្វាយ រង់ចាំដោះស្រាយពេលក្រោយ៕

វីដេអូ ៖

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor