
កំពង់ចាមៈ នេះជាលើកទី៣ហើយ ដែលសមត្ថកិច្ចខេត្តកំពង់ចាម បានចុះធ្វើការត្រួតពិនិត្យ ឆែកឆេរ និងធ្វើតេស្ដទឹកនោមស្វែងរកសារធាតុញៀនលើអ្នកបើកបរ និងព្រូរថយន្ត ដែលវិធានការនេះ ត្រូវបានអនុវត្តន៍ជាបន្តបន្ទាប់ ដោយលើកទី១ ឃាត់ខ្លួនបានអ្នកជាប់ពាក់ព័ន្ធ៣៦នាក់ លើកទី២ចំនួន១៦នាក់ ហើយនិងលើកទី៣នេះ គឺរកឃើញអ្នកផ្ទុកសារធាតុញៀនចំនួន២៣នាក់ផងដែរ។
ការអនុវត្តន៍វិធានការនេះ ក្រោយពីទទួលបានបទបញ្ជារបស់លោក គួច ចំរើន អភិបាល នៃគណៈ នៃអភិបាលខេត្តកំពង់ចាម លោកឧត្តមសេនីយ៍ទោ ឯម កុសល ស្នងការនគរបាលខេត្តកំពង់ចាម បានចាត់តាំងបញ្ជាឲ្យ លោកឧត្តមសេនីយ៍ត្រី អ៊ិត ដារ៉ា ស្នងការរងទទួលផែនប្រឆាំងបទល្មើស បានដឹកនាំកម្លាំងជំនាញការិយាល័យប្រឆាំងគ្រឿងញៀន ការិយាល័យចរាចរណ៍ និងជំនាញអធិការដ្ឋាននគរបាលស្រុកជើងព្រៃ បាធាយ ចុះត្រួតពិនិត្យឆែកឆេរ និងធ្វើតេស្តទឹកនោមស្វែងរកសារធាតុញៀន លើកទី៣ លើអ្នកបើកបរ និងព្រូ រថយន្តក្រុង រថយន្តទេសចរណ៍ និងរថយន្តដឹកអ្នកដំណើរ នៅចំណុចភូមិរវៀង ឃុំខ្នុរដំបង ស្រុកជើងព្រៃ ខេត្តកំពង់ចាម បានហៅអ្នកបើកបររថយន្ត១៧១គ្រឿង រថយន្តក្រុង២៤គ្រឿង សាំយ៉ុង-ទេសចរណ៍ដឹកអ្នកដំណើរ ១៤៧គ្រឿង ធ្វើតេស្តសរុបបានចំនួន២២៩នាក់ អ្នកបើកបរចំនួន១៨១នាក់ ព្រូ៤៨នាក់។

ជាលទ្ធផលធ្វើតេស្តវិជ្ជមានចំនួន២៣នាក់ ក្នុងនោះអ្នកបើកបរ១៤នាក់(គ្មានប័ណ្ណបើកបរ៥នាក់) ព្រូ៩នាក់។ ឃាត់រថយន្តរក្សាទុក បណ្តោះអាសន្ន សរុប១០គ្រឿង។ បានឃាត់មុខសញ្ញាប្រើប្រាស់សារធាតុញៀន ជាអ្នកបើកបរ និងព្រូរថយន្ត២៣នាក់។
ក្រោយពីការធ្វើតេស្តទឹកនោម រួចមក នាព្រឹកថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០១៨ លោក គួច ចំរើន អភិបាល នៃគណអភិបាលខេត្តកំពង់ចាម និងមន្ត្រីជំនាញ បានអញ្ជើញជួបជាមួយអ្នកប្រើប្រាស់គ្រឿងញៀនទាំងនោះ នៅស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម ដោយធ្វើការអប់រំ ព្រមទាំងចែកថ្នាំដើម្បីផ្តាច់គ្រឿងញៀនឲ្យយកទៅប្រើប្រាស់ផងដែរ។

មានប្រសាសន៍ក្នុងការជួបជាមួយអ្នកប្រើប្រាស់គ្រឿងញៀននោះដែរ លោក គួច ចំរើន បានលើកឡើងថា ការប្រើប្រាស់គ្រឿងញៀន គឺជារឿងខុសច្បាប់ទាំងស្រុង ដោយសារតែនេះជាវិធានការអប់រំលើកទី៣ ត្រឹមតែអប់រំអោយបញ្ឈប់ ប្រសិនបើនៅតែប្រព្រឹត្តតទៅទៀត គឺត្រូវធ្វើតាមនីតិវិធីរបស់ច្បាប់ដោយមិនមានការលើកលែងឡើយ។ ដោយលោកបញ្ជាក់ដែរថា ការធ្វើការអប់រំនេះធ្វើឡើង៤លើក តែប៉ុណ្ណោះ ហើយនឹងចាត់វិធានការតាមផ្លូវច្បាប់ ចាប់ពីការអប់រំគ្រាប់ចំនួន៤លើក។

លោកបានផ្តាំផ្ញើដល់ប្អូនៗ ដែលជាអ្នកបើកបរនិងជំនួយការបើកបរទាំងអស់សូមកុំបន្តប្រើប្រាស់គ្រឿងញៀនបន្តទៀត ដែលជាហេតុនាំឲ្យប៉ះពាល់ដល់សុខភាពខ្លួន ខូចកិត្តិយសក្រុមគ្រួសាររបស់ខ្លួន ប៉ះពាល់ដល់អាយុជីវិតអ្នកដទៃ ជាពិសេសសារធាតុមានទាំងនោះធ្វើឲ្យប៉ះពាល់ដល់កូនរបស់ខ្លួនផងដែរ។ ដើម្បីឲ្យខ្លួនជៀសចាកឆ្ងាយពីគ្រឿងញៀនសូមអ្នកបើកបរទាំងឡាយមេត្តាឈប់ប្រើប្រាស់គ្រឿងញៀនតទៅទៀត ដែលធ្វើអោយប៉ះពាល់សុខភាពខ្លួនឯង ការបើកបរ បង្កគ្រោះថ្នាក់ដល់អ្នកដទៃ និងគ្រោះថ្នាក់ដល់ខ្លួនឯងដែរ និងប៉ះពាល់ដល់សង្គមជាតិ ព្រោះសារធាតុញៀននេះអាចអោយអ្នកប្រើប្រាស់ ឆ្កួត មានអារម្មណ៍រវើរវាយ បាត់បង់ម្ចាស់ការលើខ្លួនឯង មានអត្តចរិតឃោឃៅ ប្រសិនបើខ្លួនមានផ្ទុកសារធាតុញៀន ហើយសូមអញ្ជើញទៅទទួលថ្នាំបន្សាបគ្រឿងញៀននៅមណ្ឌលសុខភាពក្នុងមូលដ្ឋានរបស់ខ្លួនរាងៗខ្លួន។

មិនតែប៉ុណ្ណោះ លោកក៏បានអោយក្រុមគ្រូពេទ្យយកថ្នាំងបន្សាបគ្រឿងញៀន មកចែកជូនដល់អ្នកផ្ទុកសារធាតុញៀនទាំង២៣នាក់ ដើម្បីយកទៅប្រើប្រាស់កុំអោយប្រព្រឹត្តបន្តទៀត៕



