Sponsor
អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញៈ រហូតមកទល់ពេលនេះ លោក ហ៊ុន ជា ក្មួយបង្កើតនាយករដ្ឋមន្ត្រី កំពុងស្ថិតក្នុងការសួរនាំដោយតំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បន្ទាប់ពីប៉ូលិសក្រសួងមហាផ្ទៃ បញ្ជូនទៅដល់តុលាការ កាលពីម៉ោងជាង១រសៀលមុននេះ។

អនុប្រធាននាយកដ្ឋានកណ្ដាលនគរបាលព្រហ្មទណ្ឌ លោក ប៉ុល រតនា នៅរសៀលថ្ងៃពុធនេះ ប្រាប់អង្គភាពសារព័ត៌មាន Cam Post ថា លោក ហ៊ុន ជា ត្រូវបានបញ្ជូនទៅដល់តុលាការហើយ កាលពីម៉ោងជាង១រសៀលមុននេះ។ ដោយករណីនេះ ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ លោក ហ៊ឹង ប៊ុនថន ជាអ្នកកាន់សំណុំរឿង និងធ្វើការសាកសួរផ្ទាល់តែម្ដង។

ទោះជាបែបណា លោក ប៉ុល រតនា មិនបានបរិយាយជុំវិញ ការសាកសួរ ឬដាក់បន្ទុកលើលោក ហ៊ុន ជា ពីបទអ្វីនោះទេ ដោយលោកជំរុញឲ្យទៅសួរតុលាការ។

សូមជម្រាបថា ការសម្រេចបញ្ជូនឧត្តមសេនីយ៍ឯក ហ៊ុន ជា ទៅតុលាការនៅពេលនេះ បានធ្វើឡើងបន្ទាប់ពីសមត្ថកិច្ចក្រសួងមហាផ្ទៃ បានឃាត់ខ្លួនទៅសាកសួរនៅនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ កាលពីព្រឹកថ្ងៃពុធ ៣រោច ខែពិសាខ ឆ្នាំច សំរឹទ្ធិស័ក ពុទ្ធសករាជ២៥៦២ ត្រូវនឹងថ្ងៃទី២ ខែឧសភានេះ តាមបញ្ជាសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ដែលជាឪពុកមា ជុំវិញរឿងបង្កការបាញ់បោះប្រមាណជាង១០គ្រាប់ កាលពីយប់ថ្ងៃអង្គារម្សិលមិញ បង្កការភ្ញាក់ផ្អើលពេញទឹកដីខណ្ឌដូនពេញ ប៉ុន្តែក៏ស្ងប់ស្ងាត់ទៅវិញ សូម្បីអាជ្ញាធរមានសមត្ថកិច្ច បានត្រឹមឈរមើលពីចម្ងាយ។

បើតាមប្រភពព័ត៌មាន ករណីផ្ទុះអាវុធជាច្រើនគ្រាប់ជាប់ៗគ្នាបានកើតឡើង នៅក្នុងទឹកដីខណ្ឌដូនពេញ កាលពីយប់មិញនេះ ផ្ដើមចេញពីជម្លោះក្នុងគ្រួសារ ដែលធ្វើឲ្យលោក ហ៊ុន ជា ទប់កំហឹងមិនបាន ទើបបើកការបាញ់ឡើងលើជាច្រើនគ្រាប់តែម្ដង។ ប៉ុន្តែករណីនេះ មិនបង្កឲ្យនរណាម្នាក់ រងគ្រោះថ្នាក់នោះទេ។

ករណីនេះ កើតឡើងនៅចំណុចផ្ទះលេខ១១ បើកអាជីវកម្មវេរលុយយីហោ True Money នៅតាមបណ្ដោយផ្លូវ១០៨ កែងផ្លូវ៥១ ស្ថិតក្នុងភូមិ១១ សង្កាត់ផ្សារថ្មីទី១ ខណ្ឌដូនពេញ​ រាជធានីភ្នំពេញ បង្កការភ្ញាក់ផ្អើលយ៉ាងខ្លាំង កាលពីវេលាម៉ោងប្រមាណ១០៖២០នាទីយប់ ថ្ងៃអង្គារ៍ ២រោច ខែពិសាខ ឆ្នាំច សំរឹទ្ធិស័ក ពុទ្ធសករាជ២៥៦២ ត្រូវនឹងថ្ងៃទី១ ខែឧសភា ឆ្នាំ២០១៨។ ប៉ុន្តែករណីនេះ ក៏បានស្ងប់ស្ងាត់ទៅវិញភ្លាមៗផងដែរ។

ក្រោយពីឮសំឡេងគ្រាប់កាំភ្លើងផ្ទួនៗ គេសង្កេតឃើញវត្តមានលោក សុខ ពេញវុធ​ អភិបាលខណ្ឌដូនពេញ​ និងកងកម្លាំងសមត្ថកិច្ចមូលដ្ឋាន មានទាំងកម្លាំងនគរបាលខណ្ឌដូនពេញ និងទាំងកម្លាំងអាវុធហត្ថខណ្ឌដូនពេញ បានចុះទៅក្បែរកន្លែងកើតហេតុភ្លាមៗដែរ ប៉ុន្តែដូចជាមិនហ៊ានចូលទៅសាកសួរ និងរំខានផ្ទះកើតហេតុនោះទេ បានត្រឹមតែដឹង និងឈរមើលពីចម្ងាយប៉ុណ្ណោះ។

មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថខណ្ឌដូនពេញ លោក ថោង ពិសិដ្ឋ បានបដិសេធមិនធ្វើការអត្ថាធិប្បាយណាមួយជុំវិញហេតុការណ៍ខាងលើនេះប្រាប់អង្គភាពសារព័ត៌មាន Cam Post ដោយលោកអះអាងថា បានសុំច្បាប់ទៅធ្វើបុណ្យនៅខេត្ត។ លោកមិនបានដឹងនោះទេ។

ទោះបីជាបែបណា វរសេនីយ៍ឯក ហួត ចាន់យ៉ារ៉ាន់ អធិការនគរបាលខណ្ឌដូនពេញ បានទទួលស្គាល់ថា ពិតជាមានករណីបាញ់បោះសេរីនៅចំណុចកើតហេតុខាងលើប្រាដមមែន។ ប៉ុន្តែលោកមិនបញ្ជាក់ពីអត្តសញ្ញាណជនបង្កឡើយ។ លោកបញ្ជាក់យ៉ាងដូច្នេះថា “ណាគេហ៊ាន សួរដូចពើចឹង”

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor